អបអរ​អ្នក​សៀមរាប ផ្លូវមេ ៣៨ ខ្សែប្រវែង​ជិត ១០០ គ.ម នឹង​អភិវឌ្ឍមានស្តង់ដារលើក​មុខមាត់ខេត្តលើឆាក​អន្តរជាតិ

247

ផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែងជាង ៩៨ គីឡូម៉ែត្រក្នុង​ក្រុង​សៀមរាប នឹងត្រូវ​អភិវឌ្ឍ ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យសេដ្ឋកិច្ច​ ​លើក​មុខមាត់ខេត្ត​សៀមរាប​និង​កម្ពុជា​លើ​ឆាក​អន្តរជាតិ ពិសេស​ដើម្បី​ឲ្យ​ខេត្ត​នេះ​ឲ្យ​សមជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្រ្ត​ល្បី​កម្រិត​ពិភពលោក។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវមេចំនួន ៣៨ខ្សែ​នេះ ក៏​នឹង​តភ្ជាប់ទីប្រជុំជនក្រុងសៀមរាបទៅតំបន់ដាច់ស្រយាលនៅជាយក្រុង និងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប​ផងដែរ។

គម្រោងខ្សែផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែងជាង ៩៨ គ.ម ក្នុងនោះ ផ្លូវពីរគន្លងមានប្រវែងប្រមាណ ៤៤គ.ម និងផ្លូវបួនគន្លង មានប្រវែងប្រមាណ ៥៤គ.ម លាតសន្ធឹងក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងមួយផ្នែកនៃស្រុកបាគង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងសៀមរាប។

រដ្ឋ​មន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​លោក ស៊ុន ចាន់ថុល លើក​ឡើងថា គម្រោងដែលក្រសួង កំពុងជួសជុល កែលម្អឡើងវិញ គម្រោងផ្លូវវាងក្រុងរួមមាន៖ ផ្លូវខេត្តលេខ 2SR3 ប្រវែង ១៤,៩៥គ.ម បំបែកពីផ្លូវជាតិលេខ៦ ត្រង់គ.ម ៣០៨+៨៣០ (ចុងកៅស៊ូ) ដល់គ.ម ៣១៩+៦០០ (ទឹកវិល) ក្រាលកៅស៊ូ DBST និងផ្លូវខ្នារចាស់ (វិថីសម្តេច ជា ស៊ីម) ប្រវែង ៤,៦០គ.ម បន្តពីផ្លូវ ៧មករា ចាប់ពីផ្លូវលេខ 2SR3 ឆ្ពោះទៅកាន់ផ្លូវខេត្តលេខ 265F ប្រើប្រាស់ថវិកាឥណទាន ADB។ ចុង​ក្រោយ គម្រោងផ្លូវវាងខាងត្បូងក្រុងសៀមរាប ប្រើប្រាស់ឥណទានហិរញ្ញប្បទានសាធារណរដ្ឋកូរ៉េ EDCF មានប្រវែង៤៥គ.ម ចាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុច គ.ម២៩១ ដល់គ.ម ៣៣០ កំពុងសិក្សាជ្រើសរើសគន្លងខ្សែផ្លូវ និងសិក្សាសមិទ្ធិលទ្ធភាពគម្រោង ព្រមជាមួយគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងសៀមរាបផងដែរ៕

Loading...