

ភាពយន្តវាយតប់ខ្នាតធំរបស់កម្ពុជា Jailbreak វគ្គពីរ នឹងមានតួសម្តែងហូលីវូដជនជាតិឥណ្ឌូនេស៊ីពីរនាក់ដែលជាតួសំខាន់សម្តែងក្នុងរឿង John Wick 3 មកសម្តែងរួមគ្នានឹងតារាល្បុកតោខ្មែរតែម្តង។
តាមរយៈទំព័រហ្វេសប៊ុកភាពយន្ត Jailbreak បានបង្ហោះថា «យើងខ្ញុំមានកិត្តិយសសូមបង្ហាញជូនតួអង្គសំខាន់ៗទាំង៥ រូប នៅក្នុងខ្សែភាពយន្តខ្មែរខ្នាតធំបែបវ៉ៃតប់ មានចំណងជើងថា “Jailbreak: Round 2” ដែលជាសាច់រឿងវគ្គ២របស់ភាពយន្ត Jailbreak កាលពីឆ្នាំ ២០១៧។
តារាភាពយន្តក្បាច់គុនឥណ្ឌូនេស៊ីទាំង២រូបគឺលោក Yayan Ruhian និង លោក Cecep Arif Rahman ដែលបានសម្តែងជាតួអង្គសំខាន់ក្នុងរឿង The Raid និង រឿង John Wick 3 – Parabellum។ តារាលំដាប់ហូលីវូដទាំងពីរនឹងសម្តែងរួមគ្នាជាមួយតារាភាពយន្តក្បាច់គុនល្បុកតោខ្មែរទាំងបីគឺ លោក ហ្សង់ ប៉ូលី (Jean Paul Ly) លោក អ៊ួ តារា (Dara Our) និង កញ្ញា សំ ថារ័ត្ន (Sam Tharoth)។
ភាពយន្តខ្នាតធំនេះនឹងដឹកនាំរឿងដោយលោក Jimmy Henderson ដែលសហការជាមួយផលិតករភាពយន្តគឺលោក តែ ឡូយ ដូចគ្នានឹងវគ្គ១ដដែល។
បើតាមការគ្រោងទុក ភាពយន្តនេះនឹងចាប់ផ្តើមថតនៅឆ្នាំ ២០២១ ក្រោមកិច្ចសហការផលិតរួមគ្នាដោយ ផលិតកម្មកងចក្រភីកឈ័រ Kongchak Pictures និង ក្រុមហ៊ុនចែកចាយភាពយន្តវេស្ទិចមេឌាលីមីតធីត WML+៕