

កងកម្លាំងចិន និងឥណ្ឌា បានប៉ះគ្នា១ប្រាវកាលពីយប់មិញនេះ ដែលធ្វើឱ្យទាហានឥណ្ឌា ៣នាក់បានបាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់របស់ភាគីឥណ្ឌា។
ជម្លោះនៅព្រំដែនក្នុងតំបន់កាស្មៀរកាន់តែក្ដៅឡើង ក្រោយពីចិនបានបញ្ជូនទាហានកាន់តែច្រើនឡើងទៅឈរជើងនៅតាមបន្ទាត់ព្រំដែន។ អ្វីដែលកាន់តែអាក្រក់ថែមទៀតនោះ កងទ័ពរបស់ប្រទេសទាំងពីរក៏បានប៉ះគ្នា១ប្រាវផងដែរ កាលពីយប់ថ្ងៃចន្ទកន្លងទៅនេះ ដែលបណ្ដាលឱ្យមានមនុស្ស៣នាក់បានស្លាប់។
៣នាក់ដែលបានស្លាប់នោះ គឺទាហានរបស់ឥណ្ឌា២នាក់និងម្នាក់ទៀតជាអ្នកធ្វើការក្នុងការិយាល័យយោធាក្នុងតំបន់ការស្មៀ។ ភាពតានតឹងនេះកើតឡើងរាប់ឆ្នាំមកហើយ ជាពិសេសនៅតំបន់ព្រំដែនឡាដា Ladakh នៃតំបន់កាស្មៀ ភាគខាងជើងឥណ្ឌា និងតំបន់ អារុណាចាល ប្រាដេស Arunachal Pradesh នៅភាគខាងកើតប្រទេស។ ប្រវែងព្រំដែនខណ្ឌចែកប្រទេសទាំងពីរ ក៏មានតួលេខខុសគ្នាដែរ។ ឥណ្ឌាប្រកាសជាផ្លូវការមានព្រំដែន៣៥០០គីឡូម៉ែត្រជាចិន ឯសារព័ត៌មានរដ្ឋចិនវិញ ថាមានតែ២០០០គីឡូម៉ែត្រ។ ការមិនឯកភាពគ្នានេះហើយ ទើបបណ្ដាលឱ្យពេលនេះជម្លោះកាន់តែផុងជ្រៅទៅ៕