Home ជីវិត&សង្គម ធនាគារជាតិ ទុក​ពេល ៣ ខែ​ដើម្បីប្រមូលក្រដាស ១$ ២$ និង ៥$ ដឹក​ទៅបរទេស​វិញ

ធនាគារជាតិ ទុក​ពេល ៣ ខែ​ដើម្បីប្រមូលក្រដាស ១$ ២$ និង ៥$ ដឹក​ទៅបរទេស​វិញ

6831

ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ថា ខ្លួន​នឹង​ទុក​រយៈ​ពេល ៣ ខែ​គិត​ពី​ថ្ងៃទី ០១ មិថុនា ដល់ ៣១ សីហា ឆ្នាំ ២០២០ ដល់​គ្រឹះស្ថានធនាគារនិង​ហិរញ្ញវត្ថុ ក្នុង​ការ​នាំយក​ក្រដាសប្រាក់ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ​មកធនាគារជាតិ ដើម្បី​ដឹក​ជញ្ជូន​ទៅក្រៅប្រទេសវិញ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្តីពី បញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ និងផលវិបាករបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ។ ការពិភាក្សាក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមមតិពីតំណាងក្នុងវិស័យលក់រាយមួយចំនួនផងដែរ។ ធនាគារជាតិនៃកម្ពុជាក៏សូមបញ្ជាក់ផងដែរថា ការអនុវត្តវិធានការខាងលើមិនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះនៅលើទីផ្សារនោះទេ។

សេចក្តី​ប្រកាស​របស់​ធនាគារ​ជាតិ​បន្ត​ថា នឹងបន្ត​ពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិង​ហិរញ្ញវត្ថុទូទាំង​ប្រទេស ដើម្បីកំណត់ពេល​វេលា ក្នុង​ការ​ផ្អាក​ការ​ក្រដាសប្រាក់ដុល្លារ​ប្រភេទ​តូចទាំងស្រុង​តែម្តងពីគ្រឹះស្ថានធនាគារ​និង​ហិរញ្ញវត្ថុ៕

អត្ថបទ៖ រតនា

Loading...