

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មីមួយករណីនៅថ្ងៃទី ២១ ឧសភា ឆ្នាំ ២០២០ នេះ តែនេះជាករណីឆ្លងពីក្រៅមក ពុំមែនជាការឆ្លងសហគមន៍នោះទេ។
នេះជាករណីឆ្លងកូវីដ ១៩ ថ្មីឡើងវិញនៅកម្ពុជា ក្រោយស្ងប់ស្ងាត់មិនមានការឆ្លងរយៈពេលប្រហែលមួយខែមកនេះ។ មួយករណីថ្មីនេះ ជាបុរសជនជាតិខ្មែរអាយុ ២៦ ឆ្នាំ មានទីលំនៅនៅកំពង់ត្រាច ខេត្តកំពត ដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន ហើយបន្តជើងហោះហើរពីសាធារណរដ្ឋកូរ៉េ និងបានមកដល់កម្ពុជានៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០។
ដោយឡែកសម្រាប់មនុស្ស ៦២ នាក់ផ្សេងទៀតដែលបានធ្វើដំណើរតាមជើងហោះហើរជាមួយបុរសខាងលើ ក៏មន្រ្តីជំនាញបានយកសំណាកទៅពិនិត្យផងដែរ តែជាលទ្ធផលមិនឃើញមានឆ្លងកូវីដ ១៩ ដូចបុរសខ្មែរខាងលើឡើយ តែយ៉ាងណាមិញក្រសួងសុខាភិបាលនៅតែបន្តដាក់ពួកគេឲ្យនៅដាច់ដោយឡែក១៤ ថ្ងៃក្នុងសណ្ឋាគារមួយកន្លែងនៅភ្នំពេញ ដើម្បីត្រួតពិនិត្យមើលថាពួកគេបានឆ្លងកូវីដ ១៩ ឬយ៉ាងណា៕