នោះ! ចិនខ្មែរ​និងភូមា ១០ នាក់ រួមគំនិត​គ្នាបង្ខាំង​មនុស្ស​ទុក​នៅជ្រោយចង្វារ សមត្ថកិច្ចក្របួចខ្ទេច

86

ជន​សង្ស័យជនជាតិ​ចិន ខ្មែរ និង ភូមាសរុបមានគ្នា​ ១០ នាក់ ត្រូវ​​បាន​សមត្ថកិច្ច​ចាប់ខ្លួនពី​បទ​បង្ខាំង​មនុស្ស​ទុកខុសច្បាប់​នៅម្តុំជ្រោយចង្វារ។

ប្រតិបត្តិការ​ចាប់ជនសង្ស័យ​បង្ខាំង​មនុស្ស​ទុកទាំង ១០ នាក់​នេះ ធ្វើឡើង​ដោយ​កម្លាំង​ប្រឆាំង​ការជួញដូរ​មនុស្ស​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កំ​ម្លា​ង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​និង​មានការ​សម្របសម្រួល​ដោយ​លោក​ហេង​ផេង​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​បងប្រុស​ជនរងគ្រោះ​ឈ្មោះ XIAO WEN YANG ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​ជនជាតិ​ចិន មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​អ៊ូ​ឆាង សង្កាត់​អឺ​ប៉ី ក្រុង​អឺ​ប៉ី ខេត្ត​ហ៊ូ​ប៉ី និង​រំដោះ​បាន​ជនរងគ្រោះ ចំនួន ០១​នាក់​។

នៅ​​ម៉ោង​ប្រមាណ ៣ រសៀល ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​ចុះ​​បង្ក្រាប និង​ឆែកឆេរ​បន្ទប់​ចំនួន​៤ ក្នុង​ខុន​ដូរ​មួយ​កន្លែង ស្ថិតនៅ​ចំណុច​ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ ក្នុង​នោះ​មាន​ចិន ៨ នាក់ ខ្មែរម្នាក់ និង​ភូមាម្នាក់។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ ១០ ត្រូវ​សមត្ថកិច្ចសាកសួរ​បន្ថែម រួច​បញ្ជូន​បន្ត​ទៅកាន់តុលាការ​ដើម្បីចាត់ការ​ទៅតាមនិតិវិធីច្បាប់៕

Loading...