ចូល​ឆ្នាំ​ខ្មែរ​នេះ ​ការ​ប្រមូល​ផ្ដុំ​គ្នា​ច្រើន ​ជប់លៀង ​រាំ​កម្សាន្ត ​ត្រូវ​ហាម​ឃាត់​

191

​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ​នឹង​មិន​អាច​ប្រមូល​ផ្ដុំ​គ្នា​ច្រើន ជប់លៀង ​រាំកម្សាន្ត អ្វី​នោះ​ទេ ដើម្បី​ចូល​រួម​ការពារ​ការ​ឆ្លង​មេរោគ Covid-19 ​នៅ​កម្ពុជា​។

​តាមរយៈសេចក្តីណែនាំ ចេញនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ អគ្គស្នងការនគរបាលជាតិ ប្រាប់ទៅកងកម្លាំងក្រោមឱវាទក្នុងក្របខណ្ឌទូទាំងប្រទេសថា៖«ចាត់តាំងឲ្យមានកម្លាំងល្បាត ត្រួតពិនិត្យ ឬ ដាក់កម្លាំងឈរជើងក្នុងករណីចាំបាច់ ដើម្បីទប់ស្កាត់រាល់ការប្រមូលផ្តុំ ជួបជុំ រៀបចំកម្មវិធីកម្សាន្តបែបប្រពៃណី ពិធីជប់លៀង រាំកម្សាន្ត នៅតាមទីសាធារណៈ និងតាមសហគមន៍…ព្រមទាំងការជួបជុំតាមបែបសាសនា នៅតាមទីវត្តអាមេរាម ព្រះវិហារ និង គោលដៅប្រារព្ធពិធីបែបសាសនាផ្សេងៗ»។

នាយឧត្តមសេនីយ៍ នេត សាវឿត អគ្គស្នងការនគរបាលជាតិបាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ការជួបជុំ​ជា​លក្ខណៈ​គ្រួសារ​ក្នុងរូបភាពតូចៗ​តាមគេហដ្ឋាន ត្រូវបានលើកលែង។

លើសពីនេះ ​លោក បានណែនាំកម្លាំងនគរបាល ឲ្យសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីក្តាប់ឲ្យបានអំពីវត្តមាននិងស្ថានភាពរបស់ពលករខ្មែរ ដែលវិលត្រឡប់មកពីក្រៅប្រទេស ដើម្បីអប់រំនិងតាមដានពួកគេ លើការអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ ម្យ៉ាងទៀត កម្លាំងនគរបាល ត្រូវមានវិធានការសង្គ្រោះ ពេលរកឃើញពលរដ្ឋណាម្នាក់ មានការសង្ស័យ ឬមានសញ្ញាផ្ទុកវីរុសកូវីដ-១៩។

Loading...