ខ្លាច​ពលរដ្ឋខ្មែរ​ខ្វះ​អង្ករហូប​ពេលកូវីដ ១៩ រាតត្បាត សម្តេច​បញ្ជា​បិទ​ការ​នាំ​ចេញ​ស្រូវ​អង្ករ​ភ្លាម

141

សម្តេច ហ៊ុន សែន​ បាន​ប្រកាស​បិទការ​នាំចេញ​អង្ករ​ទៅក្រៅ​ប្រទេសទាំង​អស់ ដើម្បី​ត្រៀមអង្ករ​ស្តុកទុក​ឲ្យ​បានគ្រប់គ្រាន់សម្រាប់ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេសដែល​សំងំ​ក្នុង​ផ្ទះ​​ហូប អំឡុង​ពេល​ការ​រីករាលដាល​នៃ​វីរុស​កូវីដ ១៩ នៅកម្ពុជា។

សម្តេច ហ៊ុន សែន បាន​ថ្លែងដូច្នេះ​​ក្នុង​សន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិនៅវិមានសភាជាតិ ដោយ​សង្កត់​ធ្ងន់​លើ​ផ្អាកការនាំចេញអង្ករ និងស្រូវ តែអនុញ្ញាតឲ្យបន្តនាំចេញអង្ករក្រអូបតែប៉ុណ្ណោះ ដោយចាប់អនុវត្តចាប់ពីថ្ងៃទី០៥ ខែមេសា ២០២០តទៅ។

សម្តេច​បញ្ជាក់​ថា អង្ករ​និង​ស្រូវ​របស់​កម្ពុជា ភាគច្រើន​នាំ​ចេញ​ទៅ​ប្រទេស​ជិតខាង​មាន​ថៃ​និង​វៀតណាម តែ​ដើម្បី​ធានា​ឲ្យ​បាន​ថា​ពលរដ្ឋ​ខ្មែរ​​មាន​អង្ករ​និង​ស្រូវ​ហូប​គ្រប់គ្រាន់អំឡុង​ការ​រាតត្បាត​នៃ​កូវីដ ១៩ កម្ពុជា​ត្រូវ​សម្រេច​បិទ​ការ​នាំ​ចេញ​ទៅក្រៅប្រទេស​។ សម្រាប់​អង្ករ​ក្រអូប ដែល​មាន​តម្រូវការ​តិចតួច​ក្នុង​ស្រុក អាច​នាំ​ចេញ​បាន​ទៅក្រៅប្រទេស ដោយសារ​ពលរដ្ឋខ្មែរហូប​តែ​អង្ករ​សធម្មតា​ប៉ុណ្ណោះ។

ក្រសួង​សុខាភិបាល​កម្ពុជា នៅថ្ងៃ​ទី ៣០ មីនា ឆ្នាំ ២០២០ នេះ​បានប្រកាស​ថា ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​នៅកម្ពុជា​មាន​សរុប ១០៧នាក់ ហើយក្រុមគ្រូពេទ្យ​បានព្យាបាលជាសះស្បើយ​ចំនួន ២៣ នាក់​ហើយ៕

អត្ថបទ៖ រតនា

Loading...