កម្ពុជា នឹង​ប្រកាស​សេចក្តី​ព្រៀងច្បាប់ថ្មី ដើម្បី​ដាក់ប្រទេស​ក្នុង​គ្រាអាសន្ន​ទប់ទល់កូវីដ ១៩

192

នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០នេះ សម្តេច ហ៊ុន សែន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ នៅក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងនូវចំណុចសំខាន់​មួយក្នុង​ចំណោម ៨ គឺ​ការ​ប្រកាស​សេចក្តីព្រៀងច្បាប់ថ្មីមួយ ដើម្បី​ដាក់ប្រទេស​កម្ពុជា​ក្នុង​គ្រាអាសន្នទប់ស្កាត់នឹង​ការ​រីករាលដាលជំងឺកូវីដ ១៩។

សម្តេច ហ៊ុន សែន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ

សម្តេច ហ៊ុន សែន បាន​បញ្ជាក់​​ចំពោះ​មុខ​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវប្រកាស នៅថ្ងៃសុក្រ ខាងមុខនេះ ដោយដាក់ឆ្លងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនមករដ្ឋសភា ដើម្បីប្រជុំអនុម័តជាការប្រញាប់។ ប៉ុន្តែច្បាប់ថ្មីនេះ នឹងមិនប្រើប្រាស់ភ្លាមនោះទេ ដោយគ្រាន់តែជាការត្រៀមបម្រុង ក្នុងពេលជំងឺកូវីដ១៩ រីករាលដាលខ្លាំង រហូតដល់យើងមិនអាចគ្រប់គ្រងបាន នៅពេលខាងមុខ។

តាមរយៈ​រដ្ឋធម្មនុញ្ញមាត្រា ២២ បាន​ចែង​ថា ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹង ជាសាធារណៈដាក់ប្រទេសជាតិក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ក្នុង​ស្ថានការណ៍​ដែល​ប្រទេស​កំពុង​ប្រឈមមុខនឹងគ្រោះថ្នាក់។

ពាក់ព័ន្ធ​នឹង​ការ​ដាក់ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ បណ្តា​ប្រទេស​នៅ​បែកអ៊ឺរ៉ុប មាន​ អ៊ីតាលី បារាំង អេស្ប៉ាញ អាមេរិក និង​អាល្លឺម៉ង់ បាន​ធ្វើរួច​ទៅហើយ ហើយ​ថៃ​ជា​សមាជិក​អាស៊ាន​ក៏​បានដាក់ប្រទេស​ក្នុង​គ្រាអាសន្ន​ផងដែរ។

ក្រសួង​សុខាភិបាល​កម្ពុជា នៅថ្ងៃ​ទី ៣០ មីនា ឆ្នាំ ២០២០ នេះ​បានប្រកាស​ថា ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​នៅកម្ពុជា​មាន​សរុប ១០៧នាក់ ហើយក្រុមគ្រូពេទ្យ​បានព្យាបាលជាសះស្បើយ​ចំនួន ២៣ នាក់​ហើយ៕

អត្ថបទ៖ រតនា

Loading...