អ្នកស្រី ទ្រី ដាណា៖ ចង់រកស៊ីជោគជ័យ ត្រូវស្មោះត្រង់ មិនច្រណែន មិនបំពានអ្នកដទៃ

4588

អ្នក​ស្រី ទ្រី ដាណា ដែល​ជា​ម្ចាស់​ហាង​ពេជ្រ​នៅ​ព្រែក​ព្នៅ និង​ជា​ម្ចាស់​​ប្រេន NNP បាន​សរសេរ​សំណេរ​ដ៏​វែង​មួយ ក្នុង​ន័យ​ផ្ដល់​បទពិសោធន៍ និង​គន្លឹះ​ដែល​ធ្វើ​ឱ្យ​អ្នក​ស្រី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​មុខ​ជំនួញ។ ចំណុច​សំខាន់​ដែល​អ្នក​ស្រី ទ្រី ដាណា បាន​លើក​ឡើង​នោះ គឺ​ស្មោះ​ត្រង់ មាន​គុណធម៌ ហើយ​មិន​ច្រណែន បំពាន​អ្នក​ដទៃ។

អ្នក​ស្រី ទ្រី ដាណា បាន​សរសេរ​បែប​នេះ​ថា៖ “តាំង​ពី​ខ្ញុំ​ចេះ​រកស៊ី​មក ខ្ញុំ​តែង​ប្រាប់​ខ្លួន​ឯង​ថា ត្រូវ​ស្មោះ​ត្រង់ មាន​គុណធម៌ ចេះ​ចែក​រំលែក ហើយ​វា​ជា​ក្បូន​ដែល​នាំ​ឱ្យ​ខ្ញុំ​រសាត់​អណ្ដែត​មក​ដល់​ថ្ងៃ​នេះ។ ខ្ញុំ​មិន​ដែល​ច្រណែន​ជាមួយ​អ្នក​ណា រឹត​តែ​មិន​ចេះ​និយាយ​ពី​អ្នក​ដទៃ ហើយ​អ្វី​ដែល​ខ្ញុំ​ធ្វើ​រាល់​ថ្ងៃ គឺ​មាន​តែ​ខំ​​ប្រឹង​ប្រែង​ដើម្បី​ភាព​រីក​ចម្រើន​ទាំង​ខ្លួន​ឯង​ផង ទាំង​អ្នក​ដទៃ​ដែល​ខ្ញុំ​កំពុង​ដឹក​នាំ​ផង។

ជា ហើយ​ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ថា​ហត់​ដែរ តែ​ខ្ញុំ​មិន​អាច​និយាយ មិន​អាច​ទន់​ជ្រាយ ហើយ​ក៏​មិន​អាច​ឈប់​ដែរ មាន​តែ​សម្រាក​បន្តិច ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ សួរ​ថា​ខ្ញុំ​ធ្វើ​ដើម្បី​អ្វី? គឺ​ដើម្បី​ជីវិត​មាន​លំនឹង បាន​ស្គាល់​ភាព​សុខ​ស្រួល​នឹង​គេ ហើយ​ក៏​ជា​ក្ដី​ប្រាថ្នា​ដែល​ខ្ញុំ​តែង​មាន គឺ​អាច​ចែក​រំលែក​ទៅ​អ្នក​ដទៃ ឃើញ​អ្នក​ដទៃ​មាន​ក្ដី​សុខ​ដូច​គ្នា។

អ្នក​តំណាង​ចែក​ចាយ​របស់​ខ្ញុំ មាន​ជាង ៧ម៉ឺន​នាក់ ខ្ញុំ​តែង​ប្រាប់​ពួក​គាត់​ថា កុំ​ច្រណែន​ជាមួយ​អ្នក​ដទៃ កុំ​និយាយ​ពី​អ្នក​ដទៃ ហើយ​កុំ​ប្រៀប​ធៀប​ជាមួយ​អ្នក​ដទៃ។ អ្វី​ដែល​ត្រូវ​ធ្វើ គឺ​ប្រៀប​ធៀប​ជាមួយ​ខ្លួន​ឯង​ហ្នឹង​ហើយ ថា​បាន​ប្រសើរ​ជាង​ម្សិលមិញ​ឬ​នៅ? ត្រូវ​ធ្វើ​អ្វី​ទៀត? បើ​ឃើញ​គេ​បាន​គ្រាន់​បើ បាន​ប្រសើរ ក៏​​ជួយ​សប្បាយ​ជំនួស​គេ ហើយ​មើល​គេ​ទៅ ថា​គេ​ធ្វើ​ដូច​ម្ដេច​ទើប​បាន​បែប​នេះ កុំ​ទៅ​ច្រណែន​គេ នាំ​ឱ្យ​ចិត្ត​ខ្លួន​ឯង​អំពល់​ហ្មង​សៅ។

ខ្ញុំ​តែង​ប្រាប់​អ្នក​រកស៊ី​ជាមួយ​ខ្ញុំ​ថា ត្រូវ​ស្មោះ​ត្រង់ មាន​ចិត្ត​ទូលាយ ទៅ​ណា​ក៏​គេ​ស្រលាញ់​រាប់​អាន គេ​ចូល​ចិត្ត​ដែរ។ ធម្មតា អ្នក​រកស៊ី​គឺ​ចង់​បាន​លុយ​ហ្នឹង​ហើយ តែ​មិន​មែន​បាន​មក​ដោយ​ការ​ជាន់​គេ មិន​មែន​បាន​មក​ដោយ​ការ​បន្លំ​នោះ​ទេ គឺ​បាន​មក​ពី​ភាព​សុចរិត​ត្រឹម​ត្រូវ ហើយ​វា​ជា​រឿង​ដែល​សប្បាយ​ចិត្ត និង​មាន​ក្ដី​សុខ​បំផុត បើ​យើង​អាច​ធ្វើ​បាន។

រាល់​ថ្ងៃ ខ្ញុំ​មាន​ក្ដី​សុខ​នឹង​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ ខ្ញុំ​ពេញ​ចិត្ត​អ្វី​ដែល​ខ្ញុំ​កំពុង​មាន ហើយ​ខ្ញុំ​នឹង​ប្រឹង​សម្រេច​ក្ដី​ស្រមៃ​ដែល​ខ្ញុំ​បង្កើត​ឡើង។ រស់នៅ​បែប​សាមញ្ញៗ ខ្ញុំ​មិន​ខ្វល់​ថា​អ្នក​ណា​និយាយ​អី ច្រណែន​យ៉ាង​ណា និយាយ​រួម​រឿង​ដែល​ត្រឹម​ត្រូវ​គឺ​ខ្ញុំ​បន្ត​ធ្វើ​រហូត។ រក្សា​ចិត្ត​ឱ្យ​ស្ងប់ ធ្វើ​តែ​អំពើ​ល្អ ប្រឹង​ប្រែង​រកស៊ី មាន​តែ​ប៉ុណ្ណឹង។”

Loading...