បរទេស​២​នាក់ ​ទៅ​ទស្សនា​គុក​ទួល​ស្លែង ​មាន​កម្ដៅ​លើស​៣៨ ​កំពុង​តេស្ដ​រក Covid-19

464

​ជនជាតិអង់គ្លេសម្នាក់ និងជនជាតិចិនម្នាក់ ដែលមានកំដៅខ្លួនលើសពី៣៨អង្សា ពេល​ចូល​ទៅ​ទស្សនា​នៅសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ពេលនេះក្រសួងកំពុងយកសំណាករបស់ជនបរទេសទាំងពីររូបនោះ ទៅ​ពិនិត្យ​រកមេរោគ​កូវីដ១៩ ​នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

​នេះបើតាមលោកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ​ករណីទី១ គឺសម្រាប់ជនជាតិអង់គ្លេសអាយុ៣២ឆ្នាំ ដែលជាអ្នកទេសចរ មានកំដៅខ្លួនលើពី៣៨អង្សាហើយចូលទស្សនា នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនោះ គឺគាត់បានរត់គេចក្នុងពេលក្រុមគ្រូពេទ្យយកទៅពិនិត្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតម្តងរួចទៅហើយ ប៉ុន្តែដោយមានកិច្ចសហការជាមួយអាជ្ញាធរ ក្រសួងបានរកឃើញគាត់ជាថ្មីម្តងទៀតនៅខេត្តកំពត ហើយក្រុមគ្រូពេទ្យសុខាភិបាលបានយកគាត់ទៅសម្រាក នៅមន្ទីរពេទ្យបង្អែកខេត្តកំពត និងបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ចំណែកករណីមួយទៀត គឺបុរសជជនជាតិចិន ដែលមានកំដៅខ្លួនលើសពី៣៨អង្សា ហើយចូលទស្សនានៅសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងដែរនោះ ក៏ត្រូវបានមន្រ្តីសុខាភិបាលយកមកពីនិត្យ និងដាក់ឱ្យសម្រាកដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយបានយកសំណាករបស់គាត់ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ។

បើតាមលោកស្រី ឱ វណ្ឌឌីន រហូតមកដល់ពេលនេះ ជនបរទេសទាំងពីររូបមានសុខភាពល្អធម្មតា ដោយមិនមានរោគសញ្ញាអ្វីក្រៅពីឡើងកំដៅ៣៨អង្សានោះទេ។ ទោះជាយ៉ាងណាក្រសួងកំពុងរង់ចាំលទ្ធផលដែលពិនិត្យដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

Loading...