ប្រាក់​ឧបត្ថម្ភ​ស្រ្តី​មាន​ផ្ទៃពោះ​និង​កូន​ដល់អាយុ ២ ឆ្នាំ ចាប់ផ្តើម​ខែ​ក្រោយ​នេះ​ហើយ!

43278

ក្រសួង​សេដ្ឋកិច្ច​ និង​ហេរញ្ញវត្ថុ រួម​ទាំង​ក្រសួង​សុខាភិបាល​ បាន​ចេញ​សេចក្តី​ប្រកាស​រួម​គ្នា អំពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ដល់ស្រ្តី​មានផ្ទៃពោះ​ និងកូនអាយុក្រោម២ឆ្នាំនៃគ្រួសារដែលមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព សំដៅលើកកម្ពស់សុខមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះ អាហារូបត្ថម្ភរបស់កុមារ ក្នុងគ្រួសារក្រីក្រចាប់តាំងពីកូន ក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។

ប្រាក់ឧបត្ថម្ភ​ត្រូវ​បាន​ផ្តល់ជូន​នៅពេល​ស្រ្តី​មានផ្ទៃពោះ មក​ទទួលសេវា​នៅ​មូលដ្ឋានសុខាភិបាល​សាធារណៈ ជា​ដំណាក់កាល​ដូចខាងក្រោម៖

  • ដំណាក់កាលទីមួយ៖ ផ្តល់ការ​ឧបត្ថម្ភ​ចំនួន ៤០ ០០០ រៀល​សម្រាប់​ការ​មកទទួល​សេវាពិនិត្យ​ផ្ទៃពោះម្តងៗ ដែល​ផ្តល់ជូន​ជា​អតិបរមាចំនួន ៤ ដង មុន​ពេល​សម្រាលកូន។
  • ដំណាក់កាលពីរ៖ ផ្តល់ការ​ឧបត្ថម្ភ​ចំនួន ២០០ ០០០ រៀល​​តែ​ម្តង​គត់នៅ​ពេលសម្រាលកូន។
  • ដំណាក់កាលបី៖ ផ្តល់ការ​ឧបត្ថម្ភ​ចំនួន ៤០ ០០០ រៀល​ក្នុង​១ ដង ដែល​ផ្តល់ជា​អតិបរមាន​ចំនួន ១០ ដង ដែល​ក្នុង​នោះ​ ៣ ដង​សម្រាប់ពេល​មក​ពិនិត្យ​សុខភាព​ក្រោយ​ពេល​សម្រាល​កូន និង​ ៧ ដង​សម្រាប់​ពេល​យក​កូន​មក​ចាក់ថ្នាំបង្ការរហូត​ដល់ ២ ឆ្នាំ។

ការ​ឧបត្ថម្ភ​ប្រាក់សម្រាប់ស្ត្រី​មាន​ផ្ទៃពោះ​ទាំង​មុន​និង​ក្រោយ​សម្រាលនេះ នឹង​ចាប់ដំណើរការ​ពី​ថ្ងៃ​ទី ០១ ខែ​មិថុនា ឆ្នាំ ២០១៩ ខាង​មុខ​នេះ​តទៅ៕

អត្ថបទ៖ រតនា