

ម្ចាស់ហាងពេជ្រ ដាណា ដែលល្បីឈ្មោះខាងធ្វើសកម្មភាពសប្បុរសធម៌ ពេលនេះបានចេញបទចម្រៀងនិពន្ធថ្មីដោយខ្លួនឯង មានចំណងជើងថា “អត់ប្រាប់ទុកឱ្យឆ្ងល់” ដែលមានចង្វាក់បែបកន្ទ្រឹម ល្មមសម្រាប់បងប្អូនរាំសប្បាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
បទ “អត់ប្រាប់ទុកឱ្យឆ្ងល់” ជាបទនិពន្ធថ្មី និងច្រៀងដោយម្ចាស់ហាងពេជ្រ ដាណា គឺអ្នកស្រី ទ្រី ដាណា ដែលចូលចិត្តច្រៀងលេងកម្សាន្ត។ ទើបបង្ហោះកាលពីយប់មិញ បទ “អត់ប្រាប់ទុកឱ្យឆ្ងល់” ស្រាប់តែមានអ្នកចែករំលែកដល់ទៅជាងមួយម៉ឺនដង និងអ្នកចុចទស្សនាប្រមាណ ៦០ម៉ឺនដងទៅហើយ។
ទស្សនាវីដេអូចម្រៀងខាងក្រោម៖
លោកស្រី ទ្រី ដាណា ជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់ ដែលមានទីកន្លែងកំណើតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អ្នកជំនួញឆ្នើមរូបនេះ មានឪពុកឈ្មោះ ងួន ទ្រី និងអ្នកម្ដាយឈ្មោះ សៀង ជូរ ប៉ុន្តែលោកទាំង២ បានទទួលមរណៈភាពទៅហើយ ដោយជំងឺប្រចាំកាយ។
ក្នុងនាមជាក្មេងកំព្រាឪពុកម្ដាយ លោកស្រី ទ្រី ដាណា បានតស៊ូយកខោអាវជជុះមកលក់ក្រោមឆត្រ មុខរោងចក្រ ដើម្បីសន្សំប្រាក់យកមកដាក់ទុនរកស៊ីបន្តទៀត។ បន្ទាប់ពីមានប្រាក់មួយចំនួនក្នុងដៃ លោកស្រី ទ្រី ដាណា ក៏បានប្រថុយយកគ្រឿងសម្អាងពីគេមកលក់តាមផ្សារ។ ភាពរួសរាយរាក់ទាក់ សម្ដីសំដៅប្រកបដោយទឹកដម បានធ្វើឱ្យលោកស្រី ទ្រី ដាណា មានម៉ូយកាន់តែច្រើន ហើយក៏ប្រថុយយកគ្រឿងសម្អាងពីប្រទេសថៃមកលក់បន្ត។
ជានារីម្នាក់មានគោលដៅធំ លោកស្រី ទ្រី ដាណា បានប្រឹងប្រែងយ៉ាងខ្លាំង រហូតសម្រេចក្ដីស្រមៃបើកសម្ពោធក្រុមហ៊ុនមួយជាផ្លូវការ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថា ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី។ សព្វថ្ងៃក្រុមហ៊ុននេះ មានអ្នកតំណាងចែកចាយប្រមាណ ៧ម៉ឺននាក់ គ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា។
បន្ទាប់ពីជោគជ័យលើមុខជំនួញគ្រឿងសម្អាង អ្នកស្រី ទ្រី ដាណា ក៏បានងាកមកបើកហាងលក់គ្រឿងអលង្ការ មាស ពេជ្រ មួយទៀត នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថា ដាណា។ សព្វថ្ងៃ ជំនួញថ្មីនេះ កំពុងជោគជ័យដើរទៅមុខដោយរលូន និងមានអតិថិជនគាំទ្រយ៉ាងច្រើន។
ក្រៅពីមុខជំនួញ អ្នកស្រី ទ្រី ដាណា ក៏មានចិត្តស្រលាញ់សិល្បៈរាំច្រៀង ដោយបានយកបទចម្រៀង លោក កែវ វាសនា មក Cover ប៉ុន្មានបទ ធ្វើឱ្យមានសន្ទុះអ្នកគាំទ្រខ្លាំង។ ក្រោយមក អ្នកស្រី ក៏បានចេញបទ Original Song ដោយខ្លួនឯង និង Cover បទពីដើមរបស់លោកតា ស៊ីន ស៊ីសាមុត ខ្លះ រហូតមានអ្នកទស្សនាដល់ទៅរាប់លានដង។ ប៉ុន្តែម្ចាស់ហាងពេជ្ររូបនេះ បានបញ្ជាក់ហើយថា គ្រាន់តែច្រៀងដើម្បីកម្សាន្តប៉ុណ្ណោះ មិនមែនធ្វើអាជីវកម្មទេ។