​សម្ដេច​តេជោ៖ ​អ្នក​ទេសចរណ៍​លើ​នាវា Westerdam ​មួយ​ចំនួន​អាច​ទៅ​សៀមរាប​ដើរ​លេង​ដោយ​មិន​គិត​កម្រៃ​សេវា​អ្វី​ទាំងអស់​

3293

​សម្តេចតេជោ ហ៊ុន សែន អនុញ្ញាឱ្យអ្នកដំណើរលើនាវា Westerdam មួយចំនួន បន្តដំណើរ ទៅកាន់ប្រទេសគោលដៅ តាមរយៈជើងហោះហើរពីកម្ពុជា និងមួយចំនួនទៀត អាចដើរកម្សាន្តនៅ ខេត្តព្រះសីហនុ ឬខេត្តសៀមរាប ដោយមិនមានគិតកម្រៃសេវាអ្វីទាំងអស់។

 

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទទួលស្វាគមន៍អ្នកដំណើរទេសចរណ៍លើនាវា Westerdam ដែលបានធ្វើដំណើរចេញពីទីក្រុងហុងកុង កាលពីដើមខែកុម្ភៈ ហើយក្រោយមកប្រទេស និងកោះចំនួនប្រាំមួយ បានបដិសេធការចូលចត ដោយសារភ័យខ្លាច ករណីជំងឺរលាកសួត COVID-19។

ការអញ្ជើញទទួលស្វាគមន៍ នាវាទេសចរណ៍ដ៏ធំមួយនេះ ធ្វើឡើងក្នុងគោលបំណងមនុស្សធម៌ ទឹកចិត្តសណ្តោសប្រណីមិនរើសអើងពូជសាសន៍ ជួយគ្នាក្នុងគ្រាមានអាសន្ន ជាពិសេសដើម្បីផ្ដល់ក្តីស្រឡាញ់ ជំនឿទុកចិត្ត ភាពកក់ក្តៅដល់អ្នកធ្វើដំណើរលើនាវារួមមានទាំងមនុស្សចាស់ ស្ត្រី និងកូនក្មេងដែលកំពុងជាប់នៅក្នុងនាវាដ៏ធំនេះកុំឲ្យភ័យតក់ស្លុតអស់សង្ឃឹម។

សូមបញ្ជាក់ជូនថាដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការពិនិត្យអាការសុខភាព របស់អ្នកដំណើរទាំងអស់មុនពេលអនុញ្ញាតអោយចេញក្រៅនាវា និងបន្តដំណើរ តាមរថយន្ត Bus រួចឡើងយន្តហោះ នៅអាកាសយានដ្ឋាន កេងកង ទៅកាន់ប្រទេសគោលដៅ។ ក្រៅពីនេះពួកគេអាចមានជម្រើសបន្តដើរទស្សនកិច្ច នៅខេត្តព្រះសីហនុ ឬខេត្តសៀមរាបបន្តទៀតបាន ដោយមានឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តម គួច ចំរើន ជាអ្នកសម្របសម្រួលចាត់ចែង។ សម្តេចតេជោបានបន្ថែមទៀតថា នាវានេះអាចបន្តស្នាក់នៅពី៥ថ្ងៃ ឬរហូតដល់មួយខែទៀត ដោយមិនមានគិតកម្រៃសេវាអ្វីទាំងអស់។

ថ្លែងទៅកាន់ក្រុមអ្នកទេសចរណ៍នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទីនោះកុំឱ្យមានការភ័យខ្លាច ចំពោះការឆ្លងជំងឺរហូតដល់តក់ស្លុតភ័យខ្លាចហួសហេតុ និងសូមចូលរួមក្នុងសកម្មភាពមនុស្សធម៌ផងដែរ។

សម្ដេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា កម្ពុជាមិនមានទ្រព្យសម្បត្តិច្រើនដូចប្រទេសផ្សេងទេ ប៉ុន្តែកម្ពុជាមានទឹកចិត្តក្នុងការចូលរួមសាមគ្គី និងសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជាមួយសហគមអន្តរជាតិក្នុងការដោះស្រាយបញ្ហាសកល៕

Loading...