បទនិពន្ធថ្មី “ហាងឆេងមេម៉ាយ” ពីម្ចាស់ហាងពេជ្រ ដាណា សម្ដែងសមគ្មានទាស់

1472

ម្ចាស់​ហាង​ពេជ្រ​នៅ​ព្រែក​ព្នៅ ដែល​គេ​ស្គាល់​ថា​ជា​​ស្រី ទ្រី ដាណា បាន​ចេញ​បទ​ចម្រៀង Original Song ថ្មី បែប​ចង្វាក់​កន្ទ្រឹម ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​មាន​ការ​ចូល​រួម​សម្ដែង​ពី​តារា​កំប្លែង​ជើង​ចាស់ អ្នក​នាង​កាឆយ ផង​ដែរ។

បទ​ចម្រៀង “ហាងឆេងមេម៉ាយ” ជា​ស្នាដៃ​និពន្ធ​ថ្មី និង​ច្រៀង​ផ្ទាល់​ដោយ​​ម្ចាស់​ហាង​ពេជ្រ ដាណា។ បទ​ចម្រៀង​នេះ ក៏​ត្រូវ​បាន​ថត​ជា MV ដោយ​មាន​ចូល​រួម​សម្ដែង​ពី​តារា​កំប្លែង​ជើង​ចាស់ អ្នក​នាង​កាឆយ ដើរ​តួច​ជា​ម្ដាយ។ ចំណែក​ក្រុម​អ្នក​រាំ សុទ្ធតែ​ជា​បុគ្គលិក​នៃ​ក្រុមហ៊ុន NNP និង​ហាង​ពេជ្រ ដាណា។

គួរ​បញ្ជាក់​ថា ប្រវត្តិ​ជីវិត​របស់​អ្នក​ស្រី ទ្រី ដាណា ពោរ​ពេញ​ដោយ​ការ​តស៊ូ​យ៉ាង​ខ្លាំង។ ក្នុង​នាម​ជា​ក្មេង​កំព្រា​ឪពុក​ម្ដាយ លោក​ស្រី ទ្រី ដាណា បាន​យក​ខោអាវ​ជជុះ​មក​លក់​ក្រោម​ឆត្រ មុខ​រោង​ចក្រ ដើម្បី​សន្សំ​ប្រាក់​យក​មក​ដាក់​ទុន​រកស៊ី​បន្ត​ទៀត។ បន្ទាប់​ពី​មាន​ប្រាក់​មួយ​ចំនួន​ក្នុង​ដៃ លោក​ស្រី ទ្រី ដាណា ក៏​បាន​ប្រថុយ​យក​គ្រឿង​សម្អាង​ពី​គេ​មក​លក់​តាម​ផ្សារ។ ភាព​រួស​រាយ​រាក់​ទាក់ សម្ដី​សំដៅ​ប្រកប​ដោយ​ទឹក​ដម បាន​ធ្វើ​ឱ្យ​លោក​ស្រី ទ្រី ដាណា មាន​ម៉ូយ​កាន់​តែ​ច្រើន ហើយ​ក៏​ប្រថុយ​យក​គ្រឿង​សម្អាង​​ពី​ប្រទេស​ថៃ​មក​លក់​បន្ត។

ជា​នារី​ម្នាក់​មាន​គោល​ដៅ​ធំ លោក​ស្រី ទ្រី ដាណា បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង រហូត​សម្រេច​ក្ដី​ស្រមៃ​បើក​សម្ពោធ​ក្រុមហ៊ុន​មួយ​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី ១៣ ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​ដាក់​ឈ្មោះ​ថា ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី។ សព្វថ្ងៃ​ក្រុមហ៊ុន​នេះ មាន​អ្នក​តំណាង​ចែក​ចាយ​ប្រមាណ ៧ម៉ឺន​នាក់ គ្រប់​រាជធានី-ខេត្ត ទូទាំង​ប្រទេស​កម្ពុជា។

បន្ទាប់​ពី​ជោគជ័យ​លើ​មុខ​ជំនួញ​គ្រឿង​សម្អាង អ្នក​ស្រី ទ្រី ដាណា ក៏​បាន​ងាក​មក​បើក​ហាង​លក់​គ្រឿង​អលង្ការ មាស ពេជ្រ មួយ​ទៀត នៅ​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​ដាក់​ឈ្មោះ​ថា ដាណា។ សព្វ​ថ្ងៃ ជំនួញ​ថ្មី​នេះ កំពុង​ជោគជ័យ​ដើរ​ទៅ​មុខ​ដោយ​រលូន និង​មាន​អតិថិជន​គាំទ្រ​យ៉ាង​ច្រើន។

ក្រៅ​ពី​មុខ​ជំនួញ អ្នក​ស្រី ទ្រី ដាណា ក៏​មាន​ចិត្ត​ស្រលាញ់​សិល្បៈ​រាំ​ច្រៀង ដោយ​បាន​យក​បទ​ចម្រៀង លោក កែវ វាសនា មក Cover ប៉ុន្មាន​បទ ធ្វើ​ឱ្យ​មាន​សន្ទុះ​អ្នក​គាំទ្រ​ខ្លាំង។ ក្រោយ​មក អ្នក​ស្រី ក៏​បាន​ចេញ​បទ Original Song ដោយ​ខ្លួន​ឯង និង Cover បទ​ពី​ដើម​របស់​លោក​តា ស៊ីន ស៊ីសាមុត ខ្លះ រហូត​មាន​អ្នក​ទស្សនា​ដល់​ទៅ​រាប់​លាន​ដង។ ប៉ុន្តែ​ម្ចាស់​ហាង​ពេជ្រ​រូប​នេះ បាន​បញ្ជាក់​ហើយ​ថា គ្រាន់​តែ​ច្រៀង​ដើម្បី​កម្សាន្ត​ប៉ុណ្ណោះ មិន​មែន​ធ្វើ​អាជីវកម្ម​ទេ។

Loading...