កប់! Rolls Royce ស៊េរីថ្មីផលិតតែ ៥០ គ្រឿង​លើលោក រចនាតាមយន្តហោះចម្បាំងសង្គ្រាមលោកទីមួយ

744

ក្រុមហ៊ុន Rolls Royce អង់គ្លេស បាន​បង្ហាញ​មុខរថយន្ត​ស៊េរីថ្មីឈ្មោះ Rolls Royce Wraith Eagle VIII ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​ប្រទេស​អ៊ីតាលីនៅ​ថ្ងៃ​ទី ២៤ ខែ​ឧសភា ឆ្នាំ ២០១៩ នេះ តែ​យ៉ាង​ណាមិញ​រថយន្ត​នេះ​លិត​​មានចំនួនកំណត់​ត្រឹម​តែ ៥០ គ្រឿង​ប៉ុណ្ណោះ​លើ​លោក។

កាល​ឆ្នាំ ១៩១៩ យន្តហោះ​ចម្បាំង​មួយគ្រឿង​របស់​ចក្រភពអង់គ្លេសឈ្មោះ Vickers Vimy ​ត្រូវ​បាន​ផលិត​ឡើង​អំឡុងសង្គ្រាមលោកលើកទីមួយ ដែល​បាន​ហោះ​ឆ្លងកាត់មហាសមុទ្រ​អាត្លង់ទិក។ កាល​នោះ​យន្តហោះ​នេះ​ត្រូវ​បាន​ Rolls Royce បំពាក់ម៉ាស៊ីនរបស់​រថយន្ត Rolls-Royce Eagle VIII បច្ចុប្បន្ន​ប្រភេទ ២០.៣លីត្រនិងកម្លាំង​ម៉ាស៊ីន ៣៥០សេះចំនួនពីរ។ កាល​ខែមិថុនាឆ្នាំដដែល យន្តហោះ Vickers Vimy បានហោះហើរពីតំបន់ Newfoundland កាណាដាទៅចុះចត​នៅ Clifden ប្រទេស​អៀកដល់​ជិត​ ១៦ ម៉ោង​បន្ទាប់ពី​ការហោះហើរ​ប្រយុទ្ធ រហូត​ទាល់តែឡើង​កកតែម្តង។

នៅ​ខែ​មិថុនាខែក្រោយ ជា​ខួប ១០០ ឆ្នាំ​នៃ​យន្តហោះ​នោះ ទើប​ក្រុមហ៊ុន Rolls Royce ផលិត Eagle VIII ឡើង​ដើម្បីរំលឹក​ដល់យន្តហោះចម្បាំង​កាល​ឆ្នាំ ១៩១៩។

ផ្នែកខាង​ក្នុង​នេះ​រថយន្ត​នេះ​មានរចនា​ជា​ស្បែកពណ៌​​​រលើបរលោងប្រផេះលាយ​​ខ្មៅនិង​រំលេច​ដោយ​លង្ហិនភ្លឺសម្រាប់ឧបករណ៍បំពងសំឡេង​និង​ផ្នែក​ខ្លះ​នៃ​ទ្វារ​ខាងក្នុង។  នៅត្រង់ Speaker បំពងសំឡេង​មាន​ឆ្លាក់អក្សរ 1880 mile (ស្មើ ២ ៨៩៦គីឡូម៉ែត្រ) ដែល​ចង់សំដៅពីចម្ងាយ​យន្តហោះ​ចម្បាំង​ខាង​លើ​បានហោះហើរ។ សូម្បី​តែ​នាឡិកា​បំពាក់នៅលើតាប្លូ ក៏​មាន​ផ្ទៃរំលេចបែប​ដុំ​ទឹកកកភ្លឺចែងចាំពណ៌បៃតងនៅពេលយប់ផងដែរ ដែលវា​ចង់សម្តៅលើ​គ្រឿងបិរក្ខាយន្តហោះត្រូវ​បាន​បង្កក។

កាន់តែអស្ចារ្យ​បន្ថែម​លើសពីនេះ តាប្លូ Eucalyptus នៅខាង​ឆ្វេង​ចំហៀងដៃចង្កូត​ធ្វើ​ពីឈើនិង​រំលេច​ចេញជាពណ៌មាស ប្រាក់ និង​លង្ហិន​ភ្លឺជា​ខ្សែ ដែល​បង្ហាញ​ពីទិដ្ឋភាព​ផែនដី​មើលពីលើអាកសពេលយប់ដ៏ស្រស់ស្អាតបំផុត។ ចំណែកឯដំបូលឡានខាង​ក្នុង​មានពន្លឺដូចផ្កាយរាប់ពាន់ចែងចាំងដូចផ្ទៃមេឃពេលយប់មាន ដែលបង្ហាញពីម៉ោង​ដែលយន្តហោះចម្បាំង​ហោះហើរកាលសង្គ្រាមលោកលើកទី១នៅឆ្នាំ ១៩១៩។

យ៉ាងណាមិញ​ខាង​ក្រុមហ៊ុន​ពុំ​បាន​បញ្ជាក់ថា តើ​រថយន្ត Rolls Royce Wraith Eagle VIII តម្លៃ​ប៉ុន្មាននោះទេលើទីផ្សារ គ្រាន់តែដឹងថា​វាផលិត​តែ​ ៥០ គ្រឿង​ប៉ុណ្ណោះលើលោក៕

ដោយ៖ រតនា

Loading...