វិនិយោគិនចិនលំដាប់ខ្ពស់​ជាង ១០០ នាក់ ​កំពុង​រក​ច្រក​មក​ដាក់ទុនរកស៊ី​ខ្នាត​ធំ​នៅកម្ពុជា

574

វិនិយោគិនចិនជាង១០០នាក់មកពីប៉េកាំង និងហុងកុង បាន​មក​ដល់ប្រទេស​កម្ពុជា ដើម្បី​ស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។

ជំនួបធុរកិច្ចអាហារថ្ងៃត្រង់នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ សណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា ដែល​ក្រសួង​ទេសចរណ៍​ជា​អ្នក​រៀបចំ ដោយ​មាន​វត្តមាន​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បាន​​ទទួលស្វាគមន៍ក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង (Hong Kong Trade Development Council-HKTDC) ដើម្បី​ជជែកគ្នា​រឿង​ការ​ដាក់ទុនវិនិយោគវិស័យទេសចរណ៍​នៅកម្ពុជា។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណចំពោះគណៈប្រតិភូវិនិយោគហុងកុង និងប៉េកាំង ដែលដឹកនាំដោយលោក Peter Wong នាយកក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង និងលោក Li Hengqing ប្រធាននាយកដ្ឋានកិច្ចការសហប្រតិបត្តិការសេដ្ឋកិច្ច នៃការិយាល័យពាណិជ្ជកម្មក្រុងប៉េកាំង និងបណ្តាវិនិយោគិននៅកម្ពុជា ដោយបញ្ជាក់ថា នេះគឺជាជំនួបលើកទី២ បន្ទាប់ពីជំនួបលើកទី១ ខែ្សក្រវាត់ និងផ្លូវ ស្តីពីកិច្ចពិភាក្សាតុមូលលើការវិនិយោគទេសចរណ៍នៅកម្ពុជា ដោយទទួលបានជោគជ័យនៅទីក្រុងហុងកុងកន្លងមក។ លោក​បន្ថែម​ថា កម្ពុជាមានផែនការទាក់ទាញទេសចរអន្តរជាតិឱ្យបានជាង ៧លាននាក់ នៅឆ្នាំ ២០២០ ដែល​ក្នុងនោះ ៣ លាននាក់​ជា​អ្នក​ទេសចរចិន។

ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់វិនិយោគិនចិនមកពីទីក្រុងហុងកុង និងប៉េកាំង ឱ្យមកបណ្តាក់ទុនវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ពិសេសលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដោយឈរលើគោលការណ៍ស្អាតបៃតង ការច្នៃប្រឌិត (Creative) និងនិវានុវត្តន៍ (Innovative ) ក្នុងយុគសម័យឌីជីថលូបនីយកម្ម (Digitalization)។ លើស​ពី​នេះ​លោក​ថា ពួកគេ​ក៏​​បានសន្យាជួយសិក្សាលទ្ធភាពរៀបចំគម្រោងវិនិយោគពាក់ព័ន្ធ ពិសេសលើគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មីៗ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងទេសចរណ៍បៃតង និងឆ្លាតវៃ (Green & Smart Tourism City) ឲ្យ​ទទួល​បាន​ជោគជ័យផង​ដែរ៕

ដោយ៖ រតនា

ប្រភព៖ ក្រសួងទេសចរណ៍

Loading...