ត្រាំ ​​លេង​ផ្លូវ​កាត់លក់​អាវុធសង្គ្រាម​តម្លៃ ៧ ពាន់​លាន​$​ឲ្យ​អារ៉ាប៊ីសាអូឌីត ព្រោះអាសន្នសន្តិសុខជាតិ

1039

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ហាក់កំពុង​ចង់​លេង​ផ្លូវកាត់ លក់​អាវុធ​សង្គ្រាម​ឲ្យ​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ដោយលក្ខខណ្ឌអាសន្ន​ចំពោះ​សន្តិសុខជាតិ ដោយ​​មិន​ឆ្លងកាត់ការ​អនុម័ត​ពី​សភាអាមេរិក​ជាមុន​ឡើយ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ជា​ភាសាអង់គ្លេសដោយ​សារព័ត៌មាន​បរទេស Aljazeera។

សារព័ត៌មានដដែល​បាន​ចុះផ្សាយ​ថា​ អ្នកគាំទ្រ​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភាអាមេរិក ហាក់កំពុង​បង្ហាញ​ក្តី​​​ព្រួយ​បារម្ភ​និង​ការ​ព្រមាន​ថា ដូណាល់ ត្រាំ​ ហាក់កំពុង​ប្រើប្រាស់អំណាច​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន ដើម្បី​អនុញ្ញាតិ​ឲ្យ​មាន​ការ​លក់អាវុធ​ចេញ​ទៅប្រទេស​អារ៉ាប៊ីសាអូឌីតក្នុង​ «លក្ខខណ្ឌ​អាសន្ន​» មិន​ច្បាស់លាស់​និង​ស្រប​នឹង​ច្បាប់ ដោយ​មិន​រង់​ចាំ​ការ​អនុម័តពី​សមាជសភា​សិន​ឡើយ។

សមាជិកព្រឹទ្ធសភា​លោកអាមេរិក​និង​ជា​អ្នក​ប្រជាធិបតេយ្យ​លោក Chris Murply បាន​ប្រាប់ភ្នាក់ងារសារព័ត៌មាន​ថា «តាមខ្ញុំគិត​ រដ្ឋបាល​ដឹក​នាំ​របស់​លោក​ត្រាំ ទំនង​ជា​បង្ហាញ​ពី​ការ​លក់ដូរ​អាវុធទ្រង់ទ្រាយ​ធំ​និង​សំខាន់បំផុត​មួយ ដោយ​ប្រើប្រាស់លក្ខខណ្ឌ​អាសន្នសម្រាប់សន្តិសុខជាតិ។»

ច្បាប់គ្រប់គ្រងអាវុធ​របស់​អាមេរិក បាន​អនុញ្ញាត​ឲ្យ​សមាជសភា​មានសិទ្ធច្រានចោល​ការ​លក់អាវុធទៅបរទេស ប៉ុន្តែវា​មាន​ករណីលើក​លែង​ពិសេស​ក្នុង​ច្បាប់នោះ​គឺ​ថា វា​អាច​អនុញាតឲ្យ​ប្រធានាធិបតី អាចរំលង​ចោល​ការ​អនុញាតិពីសភា បាន​ដោយ​ផ្អែក​ទៅ​លើ លក្ខខណ្ឌបន្ទាន់សម្រាប់សន្តិសុខជាតិ ដើម្បី​លក់អាវុធបាន។

លោក Chris Murply បាន​បន្ថែម​ទៀតថា បើ​តាម​ការ​ប៉ាន់ស្មាន​របស់​លោក ប្រសិន​បើវា​ជា​ការ​ប្រកាស​អាសន្ន​មែន វា​គួរតែ​ធ្វើ​ឡើងក្នុង​ករណីមាន​ភាព​តានតឹង​ជាមួយអ៊ីរ៉ង់ទៅ​វិញទេ តែ​មកទល់ពេលនេះលោក​ឆ្ងល់ថា​​ដូចមិនឮការ​ប្រកាស​អាសន្ននៅប្រទេស យែមែន​ និង​នៅ​អារ៉ាប៊ីសាអូឌីដែល​ថា​ពួកគេ​ត្រូវការ​មីស៊ីលឬអាវុធសង្គ្រាម​បន្ថែម​នោះទេ។ លោក​ថា យែមែន​ និង​នៅ​អារ៉ាប៊ីសាអូឌី ​សុទ្ធ​តែ​ប្រទេស​សម្ព័ន្ធមិត្តនឹង​អាមេរិកដែលបច្ចុប្បន្ន​​កំពុង​មានភាព​តានតឹងជាមួយអ៊ីរ៉ង់ជាខ្លាំង៕

ប្រែសម្រួល៖ រតនា

ប្រភព៖ Aljazeera

Loading...