ពូកែបន្លំស្លាក​លេខ ខ.ម រដ្ឋ​ជះ ៣ លានដុល្លារ​ដូរ​ស្លាកលេខ​ថ្មីមាន QR ​កូដឲ្យ​ពលរដ្ឋ អត់គិតលុយម៉ារៀល

1941

ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​ត្រៀម​ថវិកា​ប្រមាណ ៣ លានដុល្លារដែល​ស្នើសុំពីរដ្ឋាភិបាល មក​ចំណាយឲ្យ​ពលរដ្ឋ​លើ​​ថ្លៃ​ដូរ​ស្លាកលេខ​យានយន្ត​ចាស់​គ្មាន​ QR កូដមក​មាន QR កូដ​វិញដោយ​មិនគិតប្រាក់ ដើម្បី​លប់បំបាត់​ការ​ប្រើប្រាស់​ស្លាកលេខ​ក្លែងក្លាយ​តទៅទៀត។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណការ​និងដឹកជញ្ជូន បាន​បញ្ជាក់​នា​កិច្ចប្រជុំបូក​សរុបលទ្ធ​ផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល​១០ខែ ឆ្នាំ២០១៩ កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ ដូច្នេះថា ក្រសួង​បាន​រៀបចំ​លិខិត​មួយច្បាប់ផ្ញើជូន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ស្នើសុំ​ថវិកាខ្ទង់ ៣ លានដុល្លារ សម្រាប់ប្រើប្រាស់លើ​ថ្លៃដូរស្លាកលេខ​ដែល​គ្មាន QR កូដជូនពលរដ្ឋទូទាំង​ប្រទេសដោយឥតគិតថ្លៃ។

លោកបាន​អំពាវនាវ​ថា សូម​ពលរដ្ឋខ្មែរ​ទាំង​អស់ដែលមានលេខ ស្លាកឡានចាស់គ្មាន QR កូដ មកដូរយកស្លាកថ្មី ដែលមាន QR កូដប្រើ​ឲ្យ​បាន​គ្រប់ៗគ្នា។

«ពេលមកដូរត្រូវធ្វើបច្ចុប្បន្នភាពឈ្មោះ ផ្ទះកាត់នៅកន្លែងណា កាត់ឈ្មោះហើយប៉ុន្ដែអត់​យកលុយទេ ធ្វើឱ្យហ្រ្វី ដែលរាជរដ្ឋាភិបាលយើងត្រូវចេញ ឱ្យ​ប្រហែល៣លានដុល្លារអាម៉េរិក បង់ឱ្យតែក្រុមហ៊ុន KTS គឺធ្វើឱ្យមិនគិត​ប្រាក់សម្រាប់បងប្អូនប្រជាពលរដ្ឋយើង ដែល​នេះ​ជា​អំណោយរបស់រាជរដ្ឋាភិបាល។»

ការ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋមក​ដូរ​ស្លាក​លេខ​ថ្មីមាន QR កូដ​ដោយ​មិន​គិត​លុយ​នេះ ក្រោយ​កន្លង​មក​សមត្ថកិច្ចបានរកឃើញ និងចាប់បានអ្នកធ្វើ​ស្លាកលេខ​ក្លែងក្លាយចំនួន៧កន្លែង ដែលជាកន្លែងធ្វើស្លាកលេខនគរបាល, លេខខ.ម, លេខកងរាជអាវុធ​ហត្ថ លេខភ្នំពេញ និងលេខខេត្ដ ដែលទាំង៧កន្លែងនេះ គឺជាកន្លែងជាន់លេខសេះហោះ ឬស្លាកលេខក្លែងក្លាយ៕

Loading...