សល់ ១ ថ្ងៃនេះទៀតទេ ខ្មែរគាំទ្រខ្មែរ ! កម្មវិធី Christmas @ Raintree នាំយកសិប្បករ និង សហគ្រិនចំណានៗ ពី សៀមរាប មកកាន់បេះដូងនៃទីក្រុងភ្នំពេញ

112

Raintree ជា​គម្រោងអភិវឌ្ឍ​ការិយាល័យច្នៃប្រឌិតដំបូងបង្អស់ នៅ​កម្ពុជាប្រកាសនឹងប្រារព្ធកម្មវិធី Christmas @ Raintree ដែលជាកម្មវិធីប្រចាំឆ្នាំដ៏សំខាន់និងអធិកអ​ធមបំផុត របស់ Raintree ដោយឆ្នាំនេះផ្តោតលើរចនាបថខេត្តសៀមរាប។ កម្មវិធីឆ្នាំនេះនឹងមានការចូលរួមពី​សំណាក់​សិប្បករ និង សហគ្រិនដែលមានទេពកោសល្យខ្ពស់ ស្តង់ទំនិញសម្បូរបែប រួមជាមួយនឹងការ ប្រគំុតន្ត្រីផ្ទាល់ អាហារ និងភេសជ្ជៈជាច្រើនមុខទៀត នៅជាន់លើ (ឬដំបូល) (The Crown) នៃអាគារ Raintree ពីថ្ងៃទី ២៩ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩​។

ខ្លឹមសារនៃកម្មវិធីឆ្នាំនេះមានឈ្មោះថា “សៀមរាបមកលេងភ្នំពេញ” បានជ្រើសយកឡើងដើម្បីធ្វើការ បង្ហាញជាផ្លូវការសៀវភៅដែលសរសេរពីសៀមរាប មានចំណងជើងថា “Siem Reap: A Designer’s Perspective”។ សៀភៅនេះត្រូវបានចងក្រងឡើងដោយអ្នករចនាម៉ូដ និងថតរូបឆ្នើម កញ្ញា Nataly Lee និងស្ថាបត្យករល្បីល្បាញ លោក កាំង​ ​ហុក ហើយលោកក៏ជាសហស្ថាបនិកមួយរូបរបស់ Raintree ផងដែរ។​

សៀវភៅនេះបង្ហាញអំពីវប្បធម៌សហសម័យគ្រប់ទម្រង់​​ទាំងអស់របស់កម្ពុជារួមមាន​​ សិល្ប: ក្បាច់ រចនា សិប្បកម្ម ស្ថាបត្យកម្ម ភោជនីយដ្ឋាន និង មុខម្អូបវិចិត្របំផុតនៅខេត្តសៀមរាប។ អ្នកចូលរួមកម្មវីធី Christmas @ Raintree នឹងទទួល បានការបញ្ចុះតម្លៃពិសេស ២០%លើការដាក់បញ្ជាទិញមុន នៅថ្ងៃ បង្ហាញសៀវភៅជាផ្លូវការក៏ដូចជាការទទួលបានឱកាសចូលរួមចាប់រង្វាន់ជាច្រើនរួមមានការស្នាក់នៅសណ្ឋាគារប្រណីតដែលមានតម្លៃសរុបជាង ១០០០ ដុល្លារ។

លោក កាំង​ ​ហុក បាននិយាយថា៖​ “គំនិតក្នុងការចងក្រងសៀវភៅនេះកើតចេញពីការសន្ទនារបស់ខ្ញុំ ជាមួយ កញ្ញា Nataly Lee ដែលជាមិត្តល្អ និងជាសហនិពន្ធសៀវភៅនេះផងដែរ។​ យើងទាំងពីរនាក់ស្រលាញ់ចូលចិត្ដ និងស្ញប់ស្ញែងខេត្តសៀមរាបដូចគ្នា ដូច្នេះហើយទើបយើងតែងតែគិតរកវិធីដើម្បីចូលរួមជាចំណែកក្នុងការបង្ហាញទៅកាន់ពិភពលោកខាងក្រៅឲ្យដឹងអំពីចំណុច​ល្អ​ៗរបស់ក្រុងដ៏អស្ចារ្យមួយនេះ។”

លោក ​​ហុក បានបន្ថែមទៀតថា៖ “ទីក្រុងទាំងអស់តែងតែព្យាយាមខិតខំរក្សាឲ្យបាននូវតុល្យភាព ទន្ទឹមនឹងពេលដែលខ្លួនកំពុងវិវត្តទៅមុខ មានន័យថាការអភិរក្ស អាចមានការប៉ះទង្គិចជាវឌ្ឍនភាព ហើយការការប៉ះទង្គិចនេះបង្កើតនូវលទ្ធផលចុងក្រោយមួយដែលមិនប្រាកដថារក្សាបាននូវលក្ខណៈពិសេសរបស់ទីក្រុងនីមួយៗនោះទេ។ ដូច្នេះហើយយើងត្រូវសួរខ្លួនឯងថាតើយើងចង់បាន អនាគតបែបណាសម្រាប់ក្រុងសៀមរាបហើយថាតើយើងអាចផ្ដល់ការគាំទ្របែបណាដល់សហគមន៍ ដើម្បីបង្កើតទីក្រុងសៀមរាប ដែលយើងចង់បានដោយរបៀបណាខ្លះ”។

កញ្ញា Zoë Ng នាយកគ្រប់គ្រង និងសហស្ថាបនិក Raintree បាននិយាយថា៖​ “Raintree តែងតែរិះរក វិធីដើម្បីគាំទ្រសិប្បករ អ្នកច្នៃប្រឌិត និងសហគ្រិននៅប្រទេសកម្ពុជា។”

កញ្ញា Zoë បានបន្ថែមថា៖ “កម្មវិធី Christmas @ Raintree ជាកម្មវិធីធំប្រចាំឆ្នាំ​របស់យើង ដែលប្រព្រឹត្តឡើងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការបង្កើតសហគមវិជ្ជាជីវៈដែលពោរពេញដោយភាពច្នៃប្រឌិត (creative professional community)​ មួយនៅកម្ពុជាតាមរយៈការពាំនាំអ្នកមានអាជីពឲ្យជួបជំុនិងមានភាពរីករាយជាមួយគ្នា។ មិនត្រឹមតែប៉ុណោះ ពួកគាត់អាចជួប និង បង្កើនភាពជិតស្និតជាមួយអ្នកមានទេពកោសល្យលើវិស័យផ្សេងៗនៅក្នុងតំបន់ផងដែរ។” ​

កញ្ញា Zoë មានបន្ថែមទៀតថា៖ “នៅឆ្នាំនេះយើងមានអារម្មណ៍ថាវាជាឱកាសដ៏ល្អបំផុត ក្នុងការដាក់តាំងស្នាដៃសៀវភៅរចនាដ៏អស្ចារ្យមួយ ដែលបង្ហាញអំពីសៀមរាប ហើយអាចឲ្យភ្ញៀវរបស់យើងទស្សនាផលិតផលជាច្រើនដែល មកពីក្រៅរាជធានីរបស់យើង។ តាមរយៈស្តង់លក់ដែលយើងរៀបចំដោយសម្រិតសម្រាំង យើងចង់បង្ហាញស្នាដៃសហសម័យរបស់ខេត្តសៀមរាប ផ្សព្វផ្សាយសិប្បកម្មដ៏អស្ចារ្យនានាដែលច្នៃដោយអ្នកមានទេពកោសល្យ និង ភាពច្នៃប្រឌិត ដែលពួកគាត់អាចមិនទាន់មានកន្លែងណាមួយក្នុងការបង្ហាញស្នាដៃរបស់ខ្លួនបាននៅឡើយ។” ​​

ដើម្បីបង្កើតឲ្យមានភាពសប្បាយរីករាយ និងភាពប្លែកៗផ្សេងៗបន្ថែមក្នុងកម្មវិធី “សៀមរាបមកលេងភ្នំពេញ” ស្តង់ លក់ទំនិញជាច្រើននឹងបង្ហាញខ្លួនរួមមាន៖

  • Loyuyu (សិប្បកម្មសេរ៉ាមិច)
  • WAT Chocolate (ផលិតផលសូកូឡាដំបូងរបស់ខ្មែរ)
  • Saarti (ទៀន និងផលិតផលថែខ្លួន ស្បែក និងសក់)
  • Happy + Co. (កសិដ្ឋានសរីរាង្គនៅខេត្តសៀមរាប)

កញ្ញា Nataly បានប្រាប់ថា៖ “ខ្ញុំ នឹង លោក ហុក គិតថាយើងគួរតែធ្វើឲ្យមនុស្សម្នាស្គាល់ពីខេត្តសៀមរាបឲ្យ បានច្រើន ជាពិសេសខាងផ្នែកសិល្បៈ និងការរចនា។ ជាមួយគ្នានេះដែរ យើងចង់បង្ហាញថា ប្រទេសកម្ពុជាមិនមែនមាន តែប្រាង្គប្រាសាទ និងវាលពិឃាដនោះទេ។ មានមនុស្សពូកែៗជាច្រើនដែលកំពុងតែធ្វើរឿងអស្ចារ្យនៅ កម្ពុជា។ជាងនេះទៅទៀតសៀវភៅនេះមិនមែនជាមគ្គុទេសក៏ទេសចរណ៍ទេពីព្រោះវាមិនមានការណែនាំ ឬការព្យាយាមបញ្ចុះបញ្ចូលអ្នកអំពីខេត្តសៀមរាបនោះឡើយ។ សៀវភៅនេះ គឺជាទិដ្ឋភាពនៃទីក្រុងសៀមរាបនិងការបង្ហាញពីកន្លែងដែល យើងចូលចិត្ត បរិភោគ គេង ទិញទំនិញ និងរុករកអ្វីថ្មីៗ។”

កញ្ញា Nataly បានបន្តទៀតថា៖ “ខ្ញុំពិតជាឲ្យតម្លៃលើការងារដែល Raintree កំពុងធ្វើក្នុងការគាំទ្រ និង ផ្សព្វផ្សាយផលិតផលក្នុងស្រុក និងផ្ដល់មធ្យោបាយមួយដល់អ្នកជំនួញ និងបុគ្គលធ្វើអាជីវកម្មទាំងអស់ឲ្យរីកចម្រើន ជាមួយគ្នា។ ពួកគេរួមគ្នាដូចជា មណ្ឌលច្នៃប្រឌិតមួយ​​ ហើយឲ្យតម្លៃខ្ពស់លើសិល្បៈ។ ដូច្នេះហើយបានជាការសម្ពោធ សៀវភៅសក្តិសមនឹងប្រារព្ធនៅទីនោះ។”

នៅថ្ងៃចុងសប្តាហ៍ នឹងមានវត្តមានពិសេសពីសហនិពន្ធសៀវភៅទាំងពីររូប ចុងភៅ ណាក់ ក៏ដូចជាអ្នករចនាក្នុងស្រុក ជាច្រើន រូបទៀត។ ជាចុងក្រោយអ្នកចូលរួមទាំងអស់ អាចរីករាយជាមួយតន្ត្រីផ្សាយផ្ទាល់ដោយ អ្នកគោះស្គរដ៏ល្បីល្បាញគឺ លោក Derrick Siow និង អ្នកចម្រៀងកញ្ញា Tasha Aleia ដែលនឹងពាំនាំភាពសប្បាយរីករាយ មកកាន់កម្មវិធី Christmas @ Raintree តាមរយៈការសម្ដែងរួមគ្នាលើកដំបូងបំផុតនៅកម្ពុជា។

  • សម្រាប់ការចូលរួមកម្មវិធី ៖
    កម្មវិធី Christmas @ Raintree – “សៀមរាបមកលេងភ្នំពេញ”
    The Canopy and Crown – ជាន់ដំបូលនៃអាគារ Raintree។
    ថ្ងៃ សុក្រ ទី ២៩ វិច្ឆិកា ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ១០ យប់ | ជប់លៀងស្រាក្រឡុកគ្រិស្មាសនិងការសម្ពោធ សៀវភៅ។
    ថ្ងៃ សៅរ៍ ទី ៣០ វិច្ឆិកា ម៉ោង ៩ ព្រឹកដល់ ៦ ល្ងាច | កម្មវិធីសប្បាយជាមួយគ្រួសារ។

បញ្ជាក់កម្មវិធីចូលរួមដោយស៊េរី៕

ខាងក្រោមនេះជារូបភាពខ្លះៗទាក់ទងនឹងកម្មវិធី៖

Loading...