កប់! Mercedes G63 ស៊េរី ២០២០ ថ្លៃ​កន្លះលានដុល្លារថែ​រាង​ ៤០ ឆ្នាំ ប្រើ​មនុស្ស​ម្នាក់គត់ផលិត

887

រថយន្ត Mercedes AMG G63 តម្លៃកន្លះលានដុល្លារស៊េរី​ឆ្នាំ ២០២០ បាន​បង្ហាញ​ខ្លួនឡើង​កក្រើក​នៅ​កម្មវិធី​ពិព័រណ៍​រថយន្ត​អន្តរជាតិ Motor Expo លើក​ទី ៣៦ នៅទីក្រុង​បាំងកក​ប្រទេស​ថៃ។

បើ​តាម​អះអាង​របស់​អ្នក​ជំនាញ​រថយន្ត​របស់​ Mercedes បញ្ជាក់​ប្រាប់ Angkor Post នៅ​កម្មវិធី​ Motor Expo ថា រថយន្ត SUV ​នេះ​ នៅ​តែ​រក្សា​រូបរាង​មិន​ផ្លាស់ប្តូរ​អស់រយៈ​ពេល ៤០ ឆ្នាំ ដោយ​ផ្លាស់ប្តូរ​តែ​បច្ចេកវិទ្យា​ខាង​ក្នុង​តែ​ប៉ុណ្ណោះ។ G63 បំពាក់​ដោយ​ម៉ាស៊ីន​ស៊ីឡាំង ៨ ប្រភេទ V Biturbo មាន​កម្លាំងម៉ាស៊ីន​ដល់ទៅ ៥៨៥ សេះ ហើយ​សន្ទុះកុង​ទ័រ​ហក់ពី ០-១០០ គ.ម/ម៉ោង ដោយប្រើពេល​តែ ៤,៥ វិនាទីប៉ុណ្ណោះ។

លោក​ថា G63 បំពាក់ស៊ីមាំង ៤ នេះ ជា​ប្រភេទ​រថយន្ត​ស្រោប​ដោយ​ដែក​ថែប​តែម្តង ខុស​ពី​ត្រកូល SUV ដទៃ​។ បន្ថែម​ពី​នេះ​វា​ជា​រថយន្តធន់​នឹង​ការ​បើក​បរ​លើ​ផ្លូវ​ Off Road លំបាកៗបាន​អត់​បញ្ហា ហើយ​​ពិត​ជា​ស័ក្តិ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​រថយន្ត​ SUV មាន​រាង​ប្លែកកម្លាំង​ខ្លាំង និង​បើក​បរ​កាត់ទឹក ថ្ម បាន​ឥត​បារម្ភ។

អ្នក​ជំនាញ​ដដែល​បន្ថែម​ថា ចំពោះ​ម៉ាស៊ីន G63 មួយគ្រឿង​ផលិត​ឡើង​ដោយ​ប្រើ​មនុស្ស​តែ​ម្នាក់គត់​ ថែម​​ទាំងមាន​​ឈ្មោះ​និង​ហត្ថលេខា​របស់​អ្នក​ផលិត​នោះលើ​គម្រប​ម៉ាស៊ីន​​ថែមទៀតផង។

រឹត​តែ​ពិសេស​លោក​ថា រថយន្ត​នេះ​បំពាក់ដោយ​ស៊ីមអេឡិចត្រូនិក ដោយ​ពេល​រថយន្ត​ជួបគ្រោះថ្នាក់ចរាចរណ៍ហើយ​អ្នក​បើកបរ​ពុំ​អាច​រើខ្លួន​រួចត្រូវ​ការ​ជំនួយ នោះ​ប្រព័ន្ធ​សុវត្ថិភាព​ SOS នឹង​ហៅ​ទៅកាន់ភ្នាក់ងារ​សង្រ្គោះ​បន្ទាន់និង​ផ្តល់ទីតាំង​​ដោយ​ស្វ័យប្រវត្តិ ដើម្បី​មក​ជួយអ្នក​រងគ្រោះក្នុង​ឡាន។

យ៉ាង​ណាមិញ​លោក​ថា សម្រាប់​ទីផ្សារ​នៅ​កម្ពុជា​លោក​ក៏ពុំ​ទាន់ច្បាស់ប៉ុន្មាន​ដែរ​ថា តែ​លោក​សង្ឃឹម​ថា​ម៉ូដែល​នេះ នឹង​មាន​នៅ​កម្ពុជា​ឆាប់ៗ៕

Loading...