ក្រុម​ហ៊ុនយក្ស​ចិន​ជំនាញ​​ផលិត​ដែក​ធំ​លើ​លោក គ្រោង​ផ្លាស់រោងចក្រ​មក​កម្ពុជា

3122

ក្រុមហ៊ុនចិន​ជំនាញ​​​ផលិត​ដែក​ដ៏​ធំ​មួយ​លើ​ពិភព​លោក​ឈ្មោះ Baowu Group គ្រោង​នឹង​ផ្លាស់ប្តូររោងចក្រ​​របស់​ខ្លួន​ពី​ខេត្ត​ហ្ស៊ីនជាំង (Xinjiang) ភាគពាយព្យ​នៃ​ប្រទេស​ចិន ​មក​កាន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា។ នេះ​បើ​តាមការ​ចុះផ្សាយ​ដោយសារព័ត៌មានបរទេស Businesstimes។

ក្រុមហ៊ុន Baowu គំពុង​តែ​សម្លឹង​មើល​ភាព​ដែល​អាច​ទៅ​រួច​ក្នុង​ការ​ដឹក​ជញ្ជូន​ម៉ាស៊ីន​ស្លរដែកពីរគ្រឿង ដែល​មាន​សមត្ថភាព​ស្លរដែក​បូកចូល​គ្នា​បាន​ប្រមាណ ៣,១លានតោន រួម​ទាំង​ម៉ាស៊ីន​បម្លែងដែក​ទៅ​ជា​ដែកថែប​ចំនួន​ពីរ​ទៀត មក​កាន់ប្រទេស​កម្ពុជានៅ​ចុង​ឆ្នាំ ២០១៩។ នេះ​បើ​តាម​ការ​អះអាង​ពីសំណាក់​ប្រធានគ្រប់គ្រងជាន់ខ្ពស់របស់​ក្រុម​ហ៊ុន Baowu។

សម្ភារៈ​ដែល​ត្រូវផ្លាស់ប្តូរទីតាំង​ អាច​នឹង​ចាប់ផ្តើម​ដឹក​ពីក្រុមហ៊ុនបុតសម្ព័ន្ធ​របស់ Baowu ឈ្មោះ Xinjiang Bayi Nanjiang Steel Baicheng Co Ltd នៅ​ទីក្រុង​ Aksu ខេត្ត​ ហ្ស៊ីនជាំង ប្រទេស​ចិន។

ប្រធានគ្រប់គ្រងជាន់ខ្ពស់របស់​ក្រុម​ហ៊ុន Baowu បាន​បញ្ជាក់​ថា «សម្ភារៈ​ទាំង​នេះ​មើល​ទៅ​ហាក់ដូចជា​ហួស​សម័យ​នៅ​ចិន តែវាហាក់ដូច​ជា​ទំនើបខ្លាំង​សម្រាប់​ប្រទេស​កម្ពុជា។»

យ៉ាង​ណា​មិញ ក្រុមហ៊ុន Baowu សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​អាច​នឹង​បាន​ទទួល​ចំណូលនិង​ផល​ចំណេញ​យ៉ាង​សម្បើម ខណៈ​វិស័យ​សំណង់​នៅ​កម្ពុជាកំពុង​តែ​រីកចម្រើន​ខ្លាំង ហើយ​តម្រូវការ​ដែក​សម្រាប់​ការ​សាងសង់​កំពុង​តែ​មាន​ចំនួន​ច្រើន ដែល​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​ប្តូររោងចក្រ​ទៅ​ប្រទេស​អាស៊ាន​មួយ​នេះ។

បន្ថែម​លើនេះ ក្រុមហ៊ុន​ក៏​បាន​មើល​ឃើញ​ពីការលំហូរ​នៃ​អ្នក​វិនិយោគចិនដ៏សម្បើម​ទៅកម្ពុជា និង​​ការ​ធ្វើ​ទំនើប​កម្មលើ​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ មាន​កំពង់ផែ ផ្លូវដែក និង​ផ្លូវ​ល្បឿនលឿន ដែល​អាច​នឹង​កាន់តែ​ផ្តល់ភាពងាយស្រួល​ដល់ការ​វិនិយោគ​។

យ៉ាង​ណាមិញ ក្រុមហ៊ុន​បញ្ជាក់ថា កម្ពុជាជា​ទីតាំង​ដែល​យើង​ចង់បាន តែ​យើង​ក៏​មាន​ផែនការ​បម្រុង​ដែរ​ក្នុង​ការ​ផ្លាស់ប្តូរ​រោងចក្រ​ទៅ​ប្រទេស​ផ្សេង​ក្រៅពីកម្ពុជា មានដូចជា ប៉ាគីស្ថាន និង​ឈីលី ផងដែរ៕

ប្រែសម្រួល៖ រតនា

ប្រភព៖ businesstimes

Loading...