ក្តៅៗ! សហព័ន្ធ​បាល់ទាត់ថៃ ចែកផ្លូវ​គ្នា​ជាមួយគ្រូបង្វឹក U-19 ក្រោយ​បរាជ័យ​ធ្ងន់​ថែម​កម្ពុជា​​បំបាក់ពីរដងផ្ទួនៗ

766

លោក Issara Sritaro ដែល​ជា​គ្រូបង្វឹក​បាល់ទាត់យុវជន​ U19 និង U23 បាន​ប្រកាស​លាលែង​ពីតំណែង​ ក្រោយ​បរាជ័យធ្ងន់នាប្រកួត​កន្លងមកមិន​ថា​ជាមួយកម្ពុជាឡើយ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​ Fox Sports ជាភាសាអង់គ្លេស។

ការ​ប្រកាស​នេះ ធ្វើឡើង​ក្រោយ​លោក Issara Sritaro បាន​ដឹក​នាំ​ក្រុមបរាជ័យ​ក្នុង​ការ​ប្រកួត U-18 ក្នុង​ពាន AFF U18 Championship 2019 នៅវៀតណាម​និង​ថ្មីៗនេះ U-19 បាត់បង់ឱកាស​ឡើងវគ្គបន្តក្នុង​ព្រឹត្តិការណ៍ប្រកួត​ពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC U19 Championship 2020 ដោយ​បាន​ចាញ់​កម្ពុជា​ក្នុង​លទ្ធផល ២-១ កាលពី​រាត្រី​ថ្ងៃ​ទី ០៨ វិច្ឆិកា ឆ្នាំ ២០១៩ ថ្មីនេះ ហើយ​បន្តចាញ់ម៉ាឡេស៊ី ០-១ នៅថ្ងៃ​ទី ១០ វិច្ឆិកា នេះ​ទៀត។

លោក Issara Sritaro បាន​និយាយ​ដោយក្រៀមក្រំថា «ដំបូង​ខ្ញុំសូម​ទោស​ចំពោះ​អ្នក​គាំទ្រ​ទាំង​ឡាយ ដោយ​សារ​តែ​ខ្ញុំ​បរាជ័យ​ក្នុង​ការ​ដឹក​នាំ​ក្រុមមិន​បានល្អ។ ខ្ញុំសូមទទួល​ខុសត្រូវ​លើ​រឿង​ដែលកើតឡើង​ទាំងអស់ ហើយ​ក៏សូមអរគុណចំពោះ​សហព័ន្ធបាល់ទាត់ថៃ​ដែល​ធ្លាប់បានគាំទ្រ​ខ្ញុំពេញទំហឹង។»

លោក​បន្ត​ថា «ចុង​ក្រោយ ខ្ញុំសូម​ប្រកាស​ចាកចេញ​ពីតំណែង​គ្រូបង្វឹក​ U-19។ សូមអ្នក​ទាំងអស់គ្នា កុំ​បន្ទោសកីឡាករណាម្នាក់អី ពីព្រោះ​ពួកគេ​នៅវ័យក្មេង ហើយ​ខ្ញុំជឿថាពួកគេ​នឹង​ក្លាយ​ជាកម្លាំង​រឹងមាំទុកប្រយុទ្ធសម្រាប់ថ្ងៃ​អនាគត។ សូមទម្លាក់គ្រប់យ៉ាង​មកលើ​ខ្ញុំចុះ ពីព្រោះគ្រប់យ៉ាង​ដែលកើតឡើង ជា​ទំនួលខុសត្រូវ​របស់​ខ្ញុំតែម្នាក់គត់»។

ក្រោម​ការ​ដឹក​នាំ​របស់​លោក ជម្រើសជាតិ​ថៃ​ មិន​ថា U-18 ឬ​ U-19 ហាក់ធ្វើ​មិនសូវ​បានល្អ​សម្រាប់ការ​ប្រកួត​សំខាន់ៗ ដោយបាត់បង់ឱកាស​ឡើង​ទៅវគ្គបន្ត។ កាលពី​ប្រកួត​នៅវៀតណាមកាល​ខែសីហា​កន្លងទៅ U-18 ថៃ​ធ្លាប់ចាញ់ U-18 កម្ពុជា​ក្នុង​លទ្ធផល ៣-៤​ ម្តង​រួច​មក​ហើយ ហើយ​ថ្មីនេះ​បន្តចាញ់កម្ពុជា ២-១ និង​ចាញ់ម៉ាឡេស៊ី ០-១ ថែម​ទៀត រហូត​បាត់បង់ឱកាស​ឡើងទៅវគ្គបន្តក្នុង​ប្រកួតពានរង្វាន់ AFC U19 Championship 2020 ដែល​ធ្វើ​នៅ​ពហុកីឡដ្ឋានជាតិ​កម្ពុជាទើបបិទពូលថ្ងៃ​ទី ១០ វិច្ឆិកា​ ឆ្នាំ ២០១៩ នេះ៕

ដោយ៖ រតនា

Loading...