ផ្ទុះ​រឿង​លែង​ក្រពើចូល​ទក្សិណអង្គរ អាជ្ញាធរអប្សរាចេញប្រតិបត្តិការតាមចាប់មកវិញភ្លែត

564

ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​ និងអាជ្ញាធរអប្សរា បានចុះពិនិត្យ​ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពើ​ដែលបានលែងនៅកសិន្ធុប្រាសាទអង្គរវត្ត ក្រោយ​ផ្ទុះការ​រិះគន់​យ៉ាងខ្លាំង​រឿង​លោក​ជំទាវ ហ៊ុន ស៊ីណាត បាន​លែង​កូនក្រពើដែលក្មេងៗចាប់បាននៅទក្សិណអង្គរ។

ថ្ងៃ​សុក្រ​ ១២កើត​​ ខែកត្ដិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ដោយបានការណែនាំពីឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​ អាជ្ញាធរអប្សរា មន្ទីរ​ អង្គភាព​ជំនាញពាក់ព័ន្ធ​ បានចុះពិនិត្យ​កន្លែង​ដែលបានលែងកូនក្រពើ​ និងរកមធ្យោបាយដើម្បី​តាមចាប់កូនក្រពើ​តូច​ បណ្ដោយ​ប្រហែល​ ៤០​សង់ទីម៉ែត្រ​ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត​ ប៉ែក​ខាងកើត​​កាលពីបីថ្ងៃមុន។

ក្រោយពីបានចុះដល់ទីតាំង​ និងបានពិនិត្យជាក់ស្ដែងរួចមក​ លោកនាយករដ្ឋបាល​សាលាខេត្ត​ បានសុំអោយអាជ្ញាធរអប្សរា​ សហការជាមួយក្រុមការងារជលផល​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បន្តកិច្ចការតាមចាប់កូនក្រពើ​នេះ​ ដោយប្រើប្រាស់​កម្លាំងមន្ត្រីជំនាញ​តាមប្រមាញ់​ ២៤ម៉ោង​ លើ​​ ២៤ ម៉ោង ពិសេសពេលកូនក្រពើ​តូចនេះចេញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកសិន្ធុប្រាសាទអង្គរវត្ត។

តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិន្ធុនេះនៅឡើយទេ។ មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញ ដោយ ការដាក់សន្ទូច ឬការអូសមង ឬ ការឆ្លុះនឹងកែឆ្លុះចាប់នៅពេលយប់។

អាស្រ័យហេតុនេះ សូមសាធារណជនកុំមានភ្ញាក់ផ្អើល និងព្រួយបារម្ភឡើយ ព្រោះថាកូនក្រពើនេះនៅតូចមិនទាន់អាចបង្កគ្រោះអ្វីឡើយ ហើយសមត្ថកិច្ចនឹងរកឃើញក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ៕

ដោយ៖ រតនា

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

Loading...