មុន​ពេល​បាត់​ខ្លួន ​នារី​អង់គ្លេស ​ប្រាប់​គ្រួសារ​ថា ​កោះ​រ៉ុង​ស្អាត​ណាស់​

7433

ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​ថា Amelia Bambridge វ័យ​២១​ឆ្នាំ ​បាន​បាត់​ខ្លួន​នៅ​លើ​កោះ​រ៉ុង ​ក្រោយ​ពេល​ចូល​រួម​ពិធី​ជប់លៀង។

​នាង​បាន​បាត់​ខ្លួន​នៅ​វេលា​ម៉ោង​៤​ទាប​ភ្លឺ​ថ្ងៃ​ទី​២៤​ ខែ​តុលា ឆ្នាំ​២០១៩​កន្លង​ទៅ។ ​ចាប់​តាំង​ពី​ថ្ងៃ​បាត់​ខ្លួន រហូត​មក​ដល់​ពេល​នេះ ​ក្រុម​ការងារ​ប៉ូលិស និង​ក្រុម​ស្ម័គ្រ​ចិត្ត ប្រជា​ជន​នៅ​លើ​កោះរ៉ុង​ទាំង​អស់ កំពុង​ស្វែង​រក​នាង​ជាប់​រហូត ​ខណៈ​ដែល​ក្រុម​គ្រួសារ​ក៏​បាន​ហោះ​ពី​អង់គ្លេស​មក​ជួយ​រក​ដល់​កម្ពុជា​នេះ​ផង​ដែរ​។

បើ​តាម​ការ​បញ្ជាក់​របស់​ប្អូន​ស្រី​នាង​ឈ្មោះ Georgie Bambridge ​បាន​បញ្ជាក់​ថា​មុន​ពេល​បាត់​ខ្លួន​ទៅ ​បង​ស្រី​របស់​នាង​បាន​ប្រាប់​ថា​កោះរ៉ុង​ស្អាត​ណាស់ ​និង​នាង​សប្បាយ​ចិត្ត​ខ្លាំង​នៅ​ពេល​បាន​មក​ដល់​កម្ពុជា ​លើ​ទឹក​ដី​កោះ​រ៉ុង​នេះ។

បើតាម​ការបង្ហោះ​នៅលើផេកហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ ឱ្យដឹង​ថា នារីដែល​បាត់ខ្លួន មានឈ្មោះ BAMBRIDGE AMELIA LOUISE (ឬ Amelia Bambridge) កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិ​អង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣ បានចេញពី​ក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុង​កោះរ៉ុង នៅម៉ោង​៥:០០ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់​កោះរ៉ុងនៅម៉ោង៦:០០ល្ងាច។ នាងបាន​ចូលស្នាក់​នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨:១៥នាទី​យប់ ថ្ងៃខែឆ្នាំ​ដដែលក្នុងគោលបំណង​ទេសចរណ៍។

Loading...