អបអរសាទរ! សិស្ស​និទ្ទេស A ខេត្ត​កោះ​កុង​បាន​រង្វាន់​ហើយ គឺ ៤​លាន​រៀល

568

សិស្ស​និទ្ទេស A តែ​ម្នាក់​គត់​ប្រចាំ​ខេត្ត​កោះ​កុង ឈ្មោះ លូន ជូលៀង ដែល​មាន​លំដាប់​ពិន្ទុ ៩៩.៦៤៧ មក​ពី​វិទ្យាល័យ​ស្រែ​អំបិល បាន​ទទួល​ប្រាក់​រង្វាន់ ៤​លាន​រៀល ពី​លោក​ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅ​ថ្ងៃ​នេះ ដែល​ជា​រង្វាន់​សិស្ស​និទ្ទេស A ដំបូង​គេ។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង ២១ សីហា ២០១៧ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​ ៦៣ ៦៦៨នាក់​ ត្រូវ​ជា​៦៣,៨៤% នៃ​បេក្ខជន​វត្តមាន​សរុប​ចំនួន​ ៩៩ ៧២៨នាក់។ ក្នុង​នោះ​ បេក្ខជន​ទទួល​និទ្ទេស មាន​សរុប​ចំនួន ៤២៤នាក់។

សិស្ស​និទ្ទេស A ទាំង​អស់ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ជួប​សម្ដេច​តេជោ ហ៊ុន សែន នា​ពេល​ខាង​មុខ។ ចំណែក​មន្រ្តី​​តាម​ខេត្ត​នានា ក៏​មាន​គម្រោង​ជួប​សិស្ស​និទ្ទេស A រៀង​ៗ​ខ្លួន​ផង​ដែរ។ លើស​ពី​នេះ អ្នក​ជាប់​និទ្ទេស A លំដាប់​ខ្ពស់​ជាង​គេ ២០​នាក់ នឹង​ទទួល​បាន​រង្វាន់ Laptop ព្រម​ទាំង​ទឹក​ផ្លែឈើ​ពេញ​មួយ​ឆ្នាំ ពី​ក្រុមហ៊ុន Freshy នៅ​ក្នុង​ឆ្នាំ​២០១៧ នេះ៕



អត្ថបទ៖ ចាន់ តារារស្មី

SHARE