មនុស្ស​ជា​ច្រើន​អាច​ចម្លែក​ចិត្ត​ដោយ​សារ​ម្តង​នេះ Apple បែរ​ជា​រចនា​កាមេរ៉ា​ក្រោយ​ភ្លោះ​សម្រាប់ iPhone X រាង​បញ្ឈរ​ដោយ​ខុស​ពី iPhone 7 Plus តែ​ក៏​ព្រោះ Apple មាន​ហេតុ​ផល​មួយ​ពី​ក្រោយ​ទើប​សម្រេច​បែប​នេះ។

ការ​រចនា​កាមេរ៉ា​ភ្លោះ​នៅ​ពី​ក្រោយ​រាង​បញ្ឈរ​បែប​នេះ គឺ​ដើម្បី​ទុក​ចន្លោះ​ទំនេរ​ច្រើន​សម្រាប់​បំពាក់​មុខងារ កាមេរ៉ា​ខាង​មុខ ហើយ​ជា​ពិសេស​គឺ​កាមេរ៉ា​សម្រាប់​ស្កេន​ផ្ទៃ​មុខ។

គ្រាន់​តែ​កាមេរ៉ា​សម្រាប់​ស្កេន​ផ្ទៃ​មុខ (Face ID) តែ​ឯង​លើ iPhone X ត្រូវ​មាន​បង្គុំ​នៃ​បច្ចេកវិទ្យា​តូចៗ​សំខាន់ៗ​ផ្សេង​ទៀត​ដូចជា កាមេរ៉ា infrared, ភ្លើង​បញ្ចាំង (flood illuminator), ឧបករណ៍​ចាប់​គ្រប់​ភាគ​ល្អិត​លើ​ផ្ទៃ​មុខ (dot projector), សិនស័រ​ប្រុកស៊ីមីតេ​សម្រាប់​ចាប់​វត្ថុ​ពី​ចម្ងាយ (Proximity sensor) និង​សិនស័រ​អែមបៀន​ប្រើ​ពី​ក្រោម​ផ្ទាំង LCD (ambient light sensor)។ ម្យ៉ាង​ទៀត គឺ​ដើម្បី​ធ្វើ​ឲ្យ​ការ​ថត​ដោយ​ប្រើ​បច្ចេកវិទ្យា AR កាន់​តែ​រស់​រវើក ពេល​ថត​ផ្តេក​ទូរសព្ទ។

ដូច្នេះ​បើ​សិន Apple រចនា​កាមេរ៉ា​ក្រោយ​ភ្លោះ​រាង​ផ្តេក​ដូច​លើ iPhone 7 Plus នោះ ប្រាកដ​ជា​គ្មាន​កន្លែង​ត្រូវ​បន្ថែម​បច្ចេកវិទ្យា​ស្កេន​មុខ​ឡើយ ឬ​បើ​ដាក់​នៅ​កៀក​គ្នា​ពេក អាច​នឹង​គ្មាន​ប្រសិទ្ធភាព​និង​មាន​បញ្ហា​ណាមួយ​កើត​ឡើង។

ដោយ​ឡែក​សម្រាប់​ការ​រចនា​ដាក់ Flash ប្រភេទ Quad LED ដែល​ស្ថិត​នៅ​កណ្តាល​កាមេរ៉ា Telephoto និង​កាមេរ៉ា​មេ គឺ​ដើម្បី​ឲ្យ​បណ្តុំ​ទាំង​មូល​នៃ​តំបន់​បំពាក់​កាមេរ៉ា ស៊ី​ចន្លោះ​ទំនេរ​តូច ខុស​ពី iPhone 7 Plus ដែល​គ្រាប់ Flash នៅ​ខាង​ក្រោយ​ធ្វើ​ឲ្យ​ស៊ី Space ធំ៕

អត្ថបទ៖ រតនា

ប្រភព៖ បរទេស