iPhone X បាន​ធ្វើ​អោយ​កក្រើក​ពិភព​បច្ចេកវិទ្យា​ខ្លាំង​មែនទែន ដោយ​វា​មាន​រូបរាង​ថ្មី និង​បច្ចេកវិទ្យា​ប្លែក​លើស iPhone ស៊េរី​មុនៗ តែ​មុខងារ​ប្លែក​ទាំង​នោះ ត្រូវ​ចោទ​ថា​បាន​លួច​ចម្លង​ពី Android ដែល​ធ្លាប់​មាន​តាំង​ពី​យូរយារ​សឹង​តែ​ហូស​សម័យ​ទៅ​ហើយ។

១. មុខងារ​សាក​ថ្ម​ឥត​ខ្សែ

iPhone X បាន​បំពាក់​មុខងារ​សាក​ថ្ម​ឥត​ខ្សែ បើ​បើ​និយាយ​ឲ្យ​ចំ មុខងារ​នេះ​មាន​លើ​ពពួក​ទូរសព្ទ Android យូរ​ណាស់​ហើយ ហើយ​ក៏​សឹង​តែ​ហួស​សម័យ​ដែរ។ មុខងារ​នេះ​ធ្លាប់​មាន​លើ​ទូរសព្ទ LG Revolution ដែល​ចេញ​កាល​ឆ្នាំ ២០១១ ហើយ​ក្រោយ​មក​ក៏​មាន​លើ​ម៉ាក​ទូរសព្ទ​ក្រុមហ៊ុន​ផ្សេង​ហូរហែរ​មក រួម​ទាំង Apple ក្រោយ​គេ​នេះ​ផង​ដែរ។

២. ការ​រចនា​រូបរាង​ស្ទើរ​គ្មាន​គែម​អេក្រង់៖

iPhone X ត្រូវ​បាន​រចនា​ឡើង ដោយ​មើល​ទៅ​ស្ទើរ​គ្មាន​គែម​អេក្រង់ ត្បិត​ថា​នៅ​មាន​បន្ទាត់​ខ្មៅ​ព័ទ្ធ​ជុំវិញ​អេក្រង់​ក្តី។ ការ​រចនា​នេះ​ធ្លាប់​ប្រើ​លើ Galaxy Note 8, Xiaomi Mi Mix Edge និង AQUOS Crystal តាំង​ពី​យូរ​ណាស់​មក​ហើយ។

៣. មុខងារ​សម្គាល់​ផ្ទៃ​មុខ Face Recognition

មុខងារ​នេះ ត្រូវ Samsung យក​មក​បំពាក់​លើ​ស្មាតហ្វូន Galxy Nexus តាំង​ពី​ឆ្នាំ ២០១២ មក​ម្ល៉េះ ហើយ​ថ្មីៗ​នេះ​បាន​បំពាក់​លើ Note 8។

៤. ថត​វីដេអូ 4K ដោយ​ប្រើ​កាមេរ៉ា​ក្រោយ​ភ្លោះ មាន​បំពាក់​មុខងារ​ទប់​លំនឹងOIS ទាំង​លើ​កាមេរ៉ា​ទាំង​ពីរ

ដោយ​សារ​តែ iPhone 7 Plus មាន​មុខងារ OIS លើ​កាមេរ៉ា​ក្រោយ​តែ​មួយ​គ្រាប់ ទើប​ពេល​ថត​វីដេអូ​រាង​ញ័រ​និង​មិន​សូវ​ច្បាស់ ទើប Apple លៃលក​ដោះស្រាយ​លើ​កាមេរ៉ា​ភ្លោះ iPhone X។

មុខងារ OIS របស់ iPhone X បាន​ដើរ​ក្រោយ Samsung ដែល​បាន​បំពាក់ OIS លើ​កាមេរ៉ា​ក្រោយ​ទាំង​ពីរ​គ្រាប់​របស់ Note 8 ដោយ​អាច​ថត​វីដេអូ​បាន​ដោយ​មិន​ញ័រ។

៥. មុខងារ​សាក​ថ្ម​លឿន (Quick Charge)

មុខងារ​សាក​ថ្ម​លឿន ត្រូវ​បាន​យក​មក​ប្រើ​លើ​ទូរសព្ទ Android ជា​ហូរហែរ​និង​យូរ​មក​ហើយ​តាំង​ពី​ឆ្នាំ ២០១៣ ដោយ​បាន​បំពាក់​លើ OnePlus (Dash Charge) និង Motorola (Turbo Power) និង​ក្រោយ​មក​ទៀត​គឺ​ទូរសព្ទ​ម៉ាក Nokia 8 និង Galaxy របស់ Samsung។

ដូច្នេះ​មក​ទល់​ពេល​នេះ បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ដែល​ថា​ថ្មី​សម្រាប់ iPhone X គឺ​ចាស់​អាយុ​ដល់​ទៅ ៤ឆ្នាំ​ហើយ​សម្រាប់​ពពួក Android។ Apple ថា iPhone X អាច​សាក​ថ្ម​លឿន​បាន​ដល់ ៥០ភាគរយ ដោយ​ប្រើ​ពេល​តែ ៣០នាទី។

៦. អេក្រង់​ប្រភេទ OLED

អេក្រង់​ប្រភេទ OLED ដែល​បំពាក់​លើ iPhone X គឺ​ជា​ផលិតផល​ដែល​ផ្គត់ផ្គង់​ដោយ Samsung ដោយ Apple បាន​ចំណាយ​លុយ​រាប់​ពាន់​លាន​វិនិយោគ​អេក្រង់​ប្រភេទ​នេះ។

បន្ទះ​អេក្រង់ OLED ធ្លាប់​ប្រើ​លើ​ស្មាតហ្វូន LG និង Galaxy តាំង​ពី​ឆ្នាំ ២០០៩ មក​ម្ល៉េះ ដូច្នេះ​គិត​ទៅ​វា​ចូល ៨ ឆ្នាំ​ហើយ ទើប Apple ដាច់​ចិត្ត​មក​ប្រើ។

៧. បច្ចេកវិទ្យា​បញ្ចូល​ពិភព​សិប្បនិមិត្ម Augmented Reality (AR)

AR ដំណើរ​ការ​ដោយ​ប្រើ​កាមេរ៉ា​ទូរសព្ទ​ថត​ពិភព​ពិត​ខាង​ក្រៅ ហើយ​កម្មវិធី​ទូរសព្ទ​នោះ​នឹង​បញ្ចូល​បច្ចេកវិទ្យា AR ដោយ​មាន​បន្ថែម​រូប Animation ពី​លើ​ទិដ្ឋភាព​ខាង​ក្រៅ ពេល​យើង​មើល​តាម​ទូរសព្ទ។

AR ធ្លាប់​បាន​ប្រើ​លើ​ទូរសព្ទ Android ជា​យូរ​មក​ហើយ​ដូចជា Lenovo PHAB 2 Pro និង ASUS ZenFone AR ជា​ដើម តែ​វា​ជា​បច្ចេកវិទ្យា​ថ្មី​សម្រាប់​អ្នក​និយម iOS៕

ប្រែ​សម្រួល៖ រតនា
ប្រភព៖ បរទេស