ស្រក់​ទឹក​ភ្នែក! រស់​នៅ​ក្រោម​ការ​រើស​អើង​ថា​កើត​អេដស៍ ១២​ឆ្នាំ ព្រោះ​លទ្ធផល…

1348

នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ បាន​រស់នៅ​ក្រោម​ការ​រើសអើង​អស់​រយៈ​ពេល ១២​ឆ្នាំ ព្រោះ​ការ​ធ្វើតេស្ត​នៅ​អាយុ ៨​ឆ្នាំ បង្ហាញ​ថា​នាង​បាន​ឆ្លង​មេរោគ​អេដស៍។ ប៉ុន្តែ​ពេល​នេះ​នាង​បាន​រួច​ផុត​ពី​សុបិន​ដ៏​ខ្មៅ​ងងឹត​នោះ​ហើយ បន្ទាប់​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កាកបាទក្រហម​ថៃ ធ្វើ​តេស្ត​ឡើង​វិញ បង្ហាញ​ថា​គ្មាន​មេរោគ​កំណាច​នេះ​ក្នុង​​ខ្លួន​ឡើយ។

នារី​រង​គ្រោះ​រស់​ក្នុង​ភាព​ឈឺ​ចាប់​អស់ ១២​ឆ្នាំ​នេះ ឈ្មោះ Suthida Saengsumat អាយុ ២០​ឆ្នាំ។ នាង​បាន​ធ្វើ​ដំណើរ​ទៅ​មជ្ឈមណ្ឌល​ក្នុង​រាជធានី​បាងកក ដើម្បី​ធ្វើ​តេស្ត​លើក​ទី២ នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​ថ្ងៃ​ទី២៣ ខែ​ឧសភា​កន្លង​ទៅ បង្ហាញ​លទ្ធផល​អវិជ្ជមាន។ វេជ្ជបណ្ឌិត Praphan Phanuphak ប្រធាន​មជ្ឈមណ្ឌល​បាន​ធ្វើ​សន្និសីទ ក្រោយ​ចេញ​លទ្ធផល ៣០​នាទី​ថា នារី​រូប​ស្រស់​នោះ​ពុំ​មាន​មេរោគ HIV ឡើយ។

ក្រោយ​ទទួល​បាន​លទ្ធផល នាង Suthida បាន​បង្ហូរ​ទឹក​ភ្នែក ដោយ​ភាព​រំជួល​ចិត្ត​បំផុត។ នាង​បាន​អរគុណ​វេជ្ជបណ្ឌិត និង​អ្នក​ពាក់​ព័ន្ធ ហើយ​ប្រាប់​ឲ្យ​សាធារណជន​ឈប់​រើសអើង​រូប​នាង​ត​ទៅ​ទៀត។ ចំណែក​ម្ដាយ​វិញ ក៏​យំ​ដូច​គ្នា ព្រោះ​មិន​នឹក​ស្មាន​ថា​កូន​ស្រី​របស់​ខ្លួន​រង​ភាព​អយុត្តិធម៌​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​បែប​នេះ​ឡើយ។

កូន​ស្រី​ម្ដាយ, ពី​ពេល​នេះ​ទៅ កូន​មិន​បាច់​ខ្មាស​អៀន ឬ​លាក់​មុខ​ពី​គេ​ទៀត​ទេយើង​នឹង​រស់​នៅ​ជាមួយ​គ្នា​ដោយ​រីករាយ​ម្ដង​ទៀតយើង​មិន​បាច់​រស់​នៅ​បែក​គ្នា​ទៀត​ទេ ព្រោះ​ម៉ាក់​អត់​កើត​អេដស៍​ទេ។ នេះ​ជា​សម្ដី​របស់​ម្ដាយ​ដែល​មាន​កូន ២​នាក់ ម្នាក់​អាយុ ៥ឆ្នាំ និង​ម្នាក់​ទៀត​អាយុ ១ឆ្នាំ។

ដំណើរ​រឿង​ដែល​ធ្វើ​ឲ្យ​នារី​ដ៏​ស្រស់​ស្អាត​ធ្លាក់​ក្នុង​សុបិន​អាក្រក់ កើត​ឡើង​នៅ​ពេល​នាង​មាន​អាយុ ៨ឆ្នាំ។ ពេល​នោះ នាង​បាន​ធ្វើ​តេស្ត​ឈាម​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត Roi Et បន្ទាប់​ពី​ឪពុក​នាង​ស្លាប់​ចោល​ដោយ​សារ​មេរោគ​អេដស៍។ លទ្ធផល​បាន​បង្ហាញ​ថា នាង​មាន​ផ្ទុក​មេរោគ​អេដស៍​ដែរ។

ចាប់​ពី​ពេល​នោះ​មក គ្រួសារ អ្នក​ជិត​ខាង បាន​រើស​អើង​នាង ហើយ​នាង​ត្រូវ​លេប​ថ្នាំ​ពន្យារ​ជីវិត​រហូត។ យ៉ាង​ណា​ក្ដី នាង​បាន​ជម្នះ​រៀបការ​ជាមួយ​បុរស​ម្នាក់ រហូត​មាន​ផ្ទៃពោះ ព្រោះ​ការពារ​មិន​បាន​ត្រឹម​ត្រូវ។ នាង​បាន​សម្រេច​ចិត្ត​ទុក​កូន​នោះ ហើយ​ពេល​ធ្វើ​តេស្ត​ឈាម កូន​នោះ​មិន​មាន​មេរោគ​អេដស៍​ឡើយ។

ដោយ​មាន​ការ​សង្ស័យ ទើប​នាង​ធ្វើ​តេស្ត​ជា​ថ្មី​នៅ​ពេល​នេះ ហើយ​លទ្ធផល ហាក់​ដូច​ជា​ធ្វើ​ឲ្យ​នាង​រស់​ឡើង​វិញ​ម្ដង​ទៀត។ ពេល​នេះ វេជ្ជបណ្ឌិត​កំពុង​បារម្ភ​ថា កូន​អាច​រង​ផល​ប៉ះ​ពាល់​ពី​ថ្នាំ​ពន្យារ​ជីវិត​នោះ​ទៀត​ផង៕