ប្ដី​រត់​រួច​ខ្លួន​ទុក​ឲ្យ​ប្រពន្ធ​ស្លាប់​ពេល​លិច​កប៉ាល់ តែ​ដឹង​មូលហេតុ​ពិត​ស្ទើរ​ស្រក់​ទឹក​ភ្នែក

670

បុរស​ជា​ច្រើន​តែង​ពោល​ពាក្យ​ថា​ហ៊ាន​លះបង់​គ្រប់​យ៉ាង​ដើម្បី​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់ ធ្វើអ្វី​គ្រប់​យ៉ាង​ដើម្បី​នាង​បាន​ក្ដី​សុខ។

ប៉ុន្តែ​បុរស​ម្នាក់​បែរ​ជា​ទុក​ឲ្យ​ប្រពន្ធ​បាត់បង់​ជីវិត​កណ្ដាល​សមុទ្រ រត់​យក​រួច​ខ្លួន​ម្នាក់​ឯង​ពេល​កប៉ាល់​លិច។ មនុស្ស​មួយ​ចំនួន​ធំ​បាន​យល់​ខុស​ចំពោះ​ទង្វើ​បុរស​ជា​ប្ដី តែ​តាម​ធាតុ​ពិត​គឺ​រូបគេ​រស់នៅ​ទាំង​ភាព​ឈឺ​ចាប់​បំផុត។

ដំណាល​រឿង​គឺ​មាន​ដូច​ខាង​ក្រោម៖

កប៉ាល់​ដឹក​មនុស្ស​ធ្វើ​ដំណើរ​កម្សាន្ត​មួយ​គ្រឿង បាន​ជួប​គ្រោះ​ថ្នាក់​កណ្ដាល​សមុទ្រ។ ខណៈ​ពេល​ដ៏​វឹកវរ​នោះ ប្ដី​ប្រពន្ធ​មួយ​គូ​ឃើញ​កូន​ទូក​ជួយ​សង្គ្រោះ​ជីវិត​នៅ​ខាង​ក្រោម ប៉ុន្តែ​ទូក​ដ៏​តូច​នោះ​អាច​ទទួល​បាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ។ នឹក​ស្មាន​មិន​ដល់ បុរស​ជា​ប្ដី​បាន​ច្រាន​ប្រពន្ធ​ទៅ​ក្រោយ​វិញ រួច​លោត​ចុះ​ទូក​តែ​ម្នាក់​ឯង។ ប្រពន្ធ​ដែល​ឈរ​នៅ​លើ​ទូក​រៀប​លិច បាន​ស្រែក​ប្រាប់​ប្ដី​នូវ​ពាក្យ​សម្ដី​មួយ​ឃ្លា។

អ្នក​គ្រូ​បាន​ឈប់​និទាន​រឿង​បន្ត រួចសួរសិស្សដែលកំពុងយកចិត្តទុកដាក់ស្ដាប់ថា «តើ​អ្នក​ទាំងអស់​គ្នា​ដឹង​ឬអត់ នាង​ស្រែក​ថាម៉េច?»។ សិស្ស​ជាច្រើន​បាន​ឆ្លើយ​ភ្លាមៗ​ថា «អូន​ស្អប់បង, អូន​រើស​បង​ខុស​ហើយ»។ អ្នក​គ្រូ​បានសម្គាល់​ឃើញ​សិស្ស​ប្រុសម្នាក់​ដែល​ស្ងាត់ស្ងៀម​មិនឆ្លើយ​ជាមួយ​គេសោះ ទើប​នាង​ចាប់ផ្ដើម​ហៅសិស្ស​ប្រុសនោះ​ឲ្យឆ្លើយ​នឹង​គេ។

សិស្សប្រុសនោះបានឆ្លើយថា «អ្នកគ្រូ, ខ្ញុំជឿ​ថា​ប្រពន្ធ​ប្រាកដ​ជា​ស្រែក…. ជួយ​មើល​ថែកូនពួក​យើងផង»។ អ្នកគ្រូ​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំង និង​បន្តរ​សួរថា «ធ្លាប់​អានរឿង​នេះ​ពីមុន​មក​មែន​ទេ?»។ សិស្ស​ប្រុស​គ្រវីក្បាល​ដោយ​ទឹក​មុខ​ងឿងឆ្ងល់ និង​ឆ្លើយ​ថា «អត់​ដែល​ផង, តែ​វា​ជា​អ្វី​ដែល​ម្ដាយ​ខ្ញុំ​ប្រាប់​ឪពុក​ខ្ញុំ មុន​ពេល​គាត់​ស្លាប់​ដោយ​សារ​ជំងឺ»។ អ្នកគ្រូ​ក៏​បន្លឺ​ឡើង​ថា «ចម្លើយនោះ​ពិតជា​ត្រឹមត្រូវ​ណាស់»។

ងាក​មក​សាច់​រឿង​បន្ត​ទៀត កប៉ាល់​នោះ​បាន​លិច ឆក់​យក​ជីវិត​ប្រពន្ធ​បាត់។ ឯ​បុរស​ជា​ប្ដី​បាន​ត្រលប់​ទៅ​ផ្ទះ​វិញ ចិញ្ចឹមថែ​រក្សា​កូនស្រី​រហូត​ដល់​ធំ​ដឹង​ក្ដី។ ច្រើន​ឆ្នាំ​ក្រោយ​មក បុរស​ជាប្ដី​បាន​ស្លាប់​បន្ត​ទៀត ហើយ​កូន​ស្រី​ក៏​ប្រទះ​ឃើញ​កំណត់ហេតុ​ប្រចាំ​ថ្ងៃ​មួយ​របស់​ឪពុក​ខ្លួន។
អត្ថន័យ​នៅ​ក្នុង​សំបុត្រ​បាន​បង្ហាញ​ថា ឪពុកម្ដាយ​របស់​ខ្លួន​បាន​ចេញ​ទៅ​ដើរ​លេង ខណៈ​ដែល​ម្ដាយ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដំណាក់កាល​ចុងក្រោយ​ទៅ​ហើយ។ ពេលវេលា​តានតឹង​បំផុត ឪពុក​បាន​រូតរះយក​ឱកាសសម្រេច​ចិត្ត​តែមួយ​ចុង​ក្រោយ​ដើម្បី​រស់​បន្ត។

គាត់​បានសរសេរថា «អ្វីដែល​បង​ប្រាថ្នា គឺចង់​លិច​ទៅបាត​សមុទ្រ​ជាមួយ​អូន… ប៉ុន្តែ​ដើម្បី​កូន បង​មាន​តែ​ទុក​ឲ្យ​អូន​ស្លាប់​ម្នាក់​ឯង​ប៉ុណ្ណោះ»។

សាច់​រឿង​ចប់​ហើយ អ្នកគ្រូ​ក៏​បាន​និយាយ​ថា អ្វី​ដែល​គ្រប់​គ្នា​ឃើញ​នឹង​ភ្នែក មិនមែន​សុទ្ធតែ​ជាការ​ពិតទាំង​អស់ទេ។ ពេល​ខ្លះ​ការលះបង់ មិនមែន​ទាល់តែ​ខ្លួន​ស្លាប់​ខ្លួន​ដើម្បី​នរណា​ម្នាក់​ទេ គឺ​ត្រូវ​ធ្វើអ្វី​ដែល​នៅ​សេសសល់​សម្រាប់​គេ។ បុរស​ជា​ប្ដី​ត្រូវ​គេ​គិត​ខុសអស់​ប៉ុន្មាន​ឆ្នាំ ការ​ឈឺចាប់​របស់​គាត់​ក៏​មាន​ទំហំ​ប៉ុននោះ​ដែរ៕
នេះគ្រាន់ជារឿងប្រឌិត ដើម្បីឲ្យយល់ពីសង្គមប៉ុណ្ណោះ បើ​យល់​អត្ថន័យ​សាច់​រឿង​នេះ ចុច Share ដើម្បី​ឲ្យ​មិត្តភ័ក្ដិ​បាន​អាន​ផង។

អត្ថបទ៖ ចាន់ តារារស្មី