នារី​ប្រភេទ​នេះ​ហើយ ដែល​បុរស​ភាគ​ច្រើន​ស្រលាញ់​ស្មោះ​ជា​គូ​អនាគត

1581

មនុស្ស​ប្រុស​ងាយ​ណាស់​ខាង​បង្កើត​ស្នេហា ប៉ុន្តែ​មិន​សូវ​ចេះ​រក្សា​ទុក​ក្ដី​ស្រលាញ់​យូរ​អង្វែង​ឡើយ ដោយសារ​មិន​ទាន់​រក​ឃើញ​នារី​ល្អ​ម្នាក់​តាម​ចិត្ត​ប្រាថ្នា។ ប៉ុន្តែ​មនុស្ស​ប្រុស​បែប​ណា​ក៏​មាន​បេះដូង ហើយ​ក៏​អាច​កែ​ប្រែ​ចិត្ត​ក្លាយ​ជា​ស្មោះ ពេល​រក​ឃើញ​មនុស្ស​ស្រី​ដ៏​ល្អ​ម្នាក់ ដែល​គេ​គិត​ថា​មាន​ចំណុច​ល្អ​គ្រប់​គ្រាន់។ បើ​មាន​ចំណុច​ខាង​ក្រោម​នេះ នារី​នោះ​ប្រាកដ​ជា​មាន​មនុស្ស​ប្រុស​ត្រូវ​ការ​ជា​គូគ្រង​គ្មាន​គេច​កែ​មិន​ខាន។


១. ទន់ភ្លន់ តែ​មិន​ទន់​ជ្រាយ៖ បុរស​ភាគ​ច្រើន​ចូល​ចិត្ត​នារី​ដែល​មាន​ចរិត​សុភាព​រម្យ​ទម ទន់​ភ្លន់​តាម​បែប​ធម្មជាតិ។ ចេះ​ប្រើ​ឥរិយា​បថ​សម​ជា​នារី​ម្នាក់ ប៉ុន្តែ​មិន​មែន​ជា​កាយវិការ​ម្ញែក​ម្ញ៉ិកម្ញ៉ក់​នោះ​ឡើយ ហើយ​ក៏​មិន​ចូល​ចិត្ត​នារី​ដែល​ទន់​ជ្រាយ​ពេក​ដែរ។
​២. រឹង​មាំ តែ​មិន​រឹងរូស៖ ជា​នារី​ដ៏​រឹង​មាំ​ម្នាក់ បុរស​ណា​ក៏​ប្រាថ្នា​ចង់​បាន ព្រោះ​បុរស​ក៏​ត្រូវ​ការ​អ្នក​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​មិន​មែន​ជា​ការ​រឹងរូស​មិន​ដឹង​ខុស​ត្រូវ​នោះ​ទេ។
៣. រួសរាយ តែ​មិន​រាយមាយ៖ ចរិត​មនុស្ស​ប្រុស គឺ​ស្អប់​បំផុត​នារី​ដែល​មាន​ចិត្ត​រាយមាយ បើ​ទោះ​បី​គេ​ធ្លាប់​ជា​មនុស្ស​ក្បត់​ក៏​ដោយ។ រួសរាយ​ដាក់​មនុស្ស​គ្រប់​គ្នា​ឲ្យ​គេ​ចូលចិត្ត ប៉ុន្តែ​សំដី​សំដៅ​ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​អ្នក​ដទៃ​គិត​ថា ជា​មនុស្ស​ស្រី​រាយមាយ​ស្រលាញ់​គេ​មិន​រើស​មុខ។


៤. ស្អាត​បាត តែ​មិន​លេង​ខ្លួន៖ ពិត​ណាស់ ក្រសែ​ភ្នែក​បុរស​ភាគ​ច្រើន ចូល​ចិត្ត​ក្រឡេក​មើល​ទៅ​នារី​សិចស៊ី​បញ្ចេញ​គល់​ភ្លៅ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ពួក​គេ​មើល​ក្នុង​បំណង​ផ្សេង មិន​មែន​ជា​ការ​គោរព​ស្រលាញ់​ឡើយ។ នារី​ដែល​គេ​ត្រូវការ គឺ​ស្លៀក​ពាក់​បែប​សុភាព មិន​លេង​ខ្លួន​ខ្លាំង ស្អាត​បាត​តាម​បែប​ធម្មជាតិ។
៥. គិត​ច្រើន តែ​មិន​បោះ​បង់៖ នារី​ដែល​ចេះ​គិត​វែង​ឆ្ងាយ នឹង​ធ្វើ​ឲ្យ​បុរស​ម្នាក់​មាន​អារម្មណ៍​ថា​កាន់​តែ​ស្រលាញ់​ខ្លាំង ជា​ពិសេស​អាច​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​គេ​ពេល​ជួប​ទុក្ខ។ ចេះ​គិត​ពី​ផល​វិបាក​នៅ​ចំពោះ​មុខ ប៉ុន្តែ​មិន​បោះ​បង់​រាថយ។


៦. ស្រលាញ់​អ្វី​ដែល​គេ​ស្រលាញ់​ដូច​គ្នា៖ មិន​ថា​អ្វី​ដែល​គេ​ពេញ​ចិត្ត ត្រូវ​រៀន​ស្រលាញ់​ពេញ​ចិត្ត​តាម​គេ លុះ​ត្រា​តែ​ពិបាក​ខ្លាំង​ទើប​បោះ​បង់​ចោល។ គោរព​ឲ្យ​តម្លៃ​ឪពុកម្ដាយ បង​ប្អូន និង​មិត្ត​ភក្ដិ​របស់​គេ នោះ​គេ​នឹង​គោរព​ស្រលាញ់​អ្នក​ដូច​គ្នា៕

អត្ថបទ៖ លន់ ស្រីអូន