ហ្វីលីពីន ជួប​ទុក្ខ​​ធំ ISIS វាយ​បក​ខ្លាំង ធ្វើ​ឲ្យ​ជន​ស៊ីវិល​ស្លាប់​កាន់​តែ​ច្រើន

1872

ការ​វាយ​ប្រហារ​របស់​ទាហាន​រដ្ឋាភិបាល​ហ្វីលីពីន ទៅ​លើ​ក្រុម​ឥស្លាម​ជ្រុល​និយម ISIS មិន​ត្រឹម​តែ​គ្មាន​ផល​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​មាន​ការ​ក្ដៅ​ក្រហាយ​វាយ​បក​វិញ បណ្ដាល​ឲ្យ​ជន​ស៊ី​វិល​ស្លាប់ និង​របួស​យ៉ាង​ច្រើន។

ទាហាន​ហ្វីលីពីន​របស់​ប្រធានាធិបតី Duterte បាន​វាយ​ប្រហារ​រំដោះ​ក្រុង​មួយ​នៅ​លើ​កោះ Mindanao ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន ដែល​ក្រុម ISIS គ្រោង​វាតទី​យក ដើម្បី​បង្កើត​តំបន់​ផ្ដាច់​ខ្លួន នៅ​ដែន​ដី​អាស៊ាន។ ប៉ុន្តែ​ការ​វាយ​ប្រហារ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម ISIS ត​ដៃ រហូត​ឆក់​យក​អាយុជីវិត​ជន​ស៊ីវិល​ជា​ច្រើន។

របាយការណ៍​ចុង​ក្រោយ​នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​បង្ហាញ​ថា ការ​បាញ់​ប្រហារ​តប​ត​គ្នា​នៅ​ក្រុង Marawi បាន​ឆក់​យក​ជីវិត​ជន​ស៊ីវិល ១៩​នាក់ ដែល​ជា​ស្នាដៃ​របស់​ក្រុម ISIS។ អ្នក​ស្លាប់​ទាំង​នោះ ក៏​មាន​ស្ត្រី ៣​នាក់ និង​ក្មេង​តូច​ម្នាក់​ផង​ដែរ។ អ្នក​ស្លាប់​ភាគ​ច្រើន សុទ្ធតែ​ត្រូវ​បាន​ចង​ស្លាប​សេក និង​បាញ់​សម្លាប់​ចំ​ក្បាល។

ការ​ប្រយុទ្ធ​គ្នា​ប្រមាណ ១​សប្ដាហ៍​មក​នេះ បាន​សម្លាប់​មនុស្ស​អស់ ៨៥​នាក់​ហើយ ប៉ុន្តែ​ក្រៅ​ទិន្នន័យ​អាច​មាន​ច្រើន​ជាង​នេះ ហើយ​ភាគ​ច្រើន​ជា​អ្នក​រស់​នៅ​ក្រុង Marawi។ ចំណែក​មនុស្ស​ប្រមាណ ២០ម៉ឺន​នាក់​ទៀត បាន​ចាក​ចោល​ទី​លំនៅ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​កាន់​តែ​ខ្លាំង ហើយ​រដ្ឋាភិបាល​ឈាន​ដល់​ការ​ប្រើ​ឧទ្ធម្ភាគចក្រ​ទម្លាក់​គ្រប់​រ៉ុកកែត បំបែក​សំបុក ISIS។

អត្ថបទ៖ ចាន់ តារារស្មី
ប្រភព៖ BBC