ល្អណាស់! ផ្ទាំងស្លាកឈ្មោះប្រាសាទបូរាណ​ចំនួន ១១៨ កំពុងដំឡើងលើក​ស្ទួយ​រមណីយដ្ឋានអង្គរ

233

អជ្ញាធរជាតិអប្សរា បាន​ដំណើរការ​ដំឡើង​ផ្ទាំងស្លាកឈ្មោះប្រាសាទបូរាណខ្មែរចំនួន ១១៨ ផ្ទាំង នៅបរិវេណរមណីយដ្ឋានអង្គរ ដោយផ្ទុក​​ព័ត៌មានសំខាន់ៗជាច្រើនដើម្បីសម្គាល់និងជាការងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ផ្ទាំងស្លាកឈ្មោះប្រាសាទនេះ ​បង្ហាញ​ព័ត៌មាន​មួយ​ចំនួន​ដូចជា ឈ្មោះប្រាសាទ អាយុកាលសាងសង់ប្រាសាទ ទិសច្រកចូលប្រាសាទ និងអមដោយឡូហ្គោ​៤មាន ស្លាកសញ្ញាអាជ្ញាធរជាតិអប្សរានៅចំកណ្តាល ខាងលើឈ្មោះប្រាសាទ និងស្លាកសញ្ញា៣ផ្សេងទៀត ដែលនៅខាងក្រោមគឺ ស្លាកសញ្ញាយូណេស្កូ ស្លាកសញ្ញាបេតិកភណ្ឌពិភពលោក និងស្លាកសញ្ញាអនុសញ្ញា ក្រុងឡាអេឆ្នាំ១៩៥៤ សម្រាប់ការការពារសម្បត្តិវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ។

ផ្ទាំងស្លាកសញ្ញាឈ្មោះប្រាសាទនេះមាន០៣ទំហំផ្សេងគ្នា ដោយគិតទៅតាមទីតាំង ជាក់ស្តែងនៃច្រកចូលប្រាសាទ ដែលដំឡើងបាន គឺទំហំធំចំនួន ១៦ផ្ទាំង កម្ពស់១.៥០០មមx បណ្ដោយ៩១៤មមxកម្រាស់៤៦៤មម។ ទំហំមធ្យមចំនួន ៥២ផ្ទាំង កម្ពស់១,២០០មមxបណ្ដោយ៧៣១មមxកម្រាស់៣៧១មម។ ទំហំតូចចំនួន ៥០ផ្ទាំង កម្ពស់​១ ០០០មម​x​បណ្ដោយ៦១៣មមxកម្រាស់៣១១មម៕

អត្ថបទ៖ រតនា