ជប៉ុន កាន់តែបង្ហាញក្តីស្រឡាញ់ដល់​កម្ពុជា ប្រើ​ពាក្យ​ជូនពរពលរដ្ឋ​​ច្រើនឃ្លាថ្ងៃចូលឆ្នាំខ្មែរ

510

អគ្គរាជទូតជប៉ុន​ប្រចាំកម្ពុជា លោក Hidehisa Horinouchi បាន​ថ្លែង​ក្នុង​វីដេអូ​ជា​ភាសាខ្មែរ​​​ចំណងជើង «60 Seconds from Ambassador of Japan» ដែល​ទើបបង្ហោះ​លើទំព័រហ្វេសប៊ុកផ្លូវការស្ថានទូតជប៉ុន ដោយបង្ហាញ​ពីការចូលរួមបុណ្យចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ ហើយ​ពិសេស​គឺ​ផ្ញើសាជូនពរដល់ពលរដ្ឋកម្ពុជានាឱកាស​បុណ្យចូលឆ្នាំថ្មីដ៏ធំមួយនេះផងដែរ។

ក្នុង​វីដេអូនោះលោក​បាន​សង្កត់ធ្ងន់ថា លោក​បានចូលរួមកម្មវិធីអបអរបុណ្យចូលឆ្នាំថ្មីនៅមជ្ឈមណ្ឌល​សហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC) ដោយ​បាន​ទទួលការប្រោសព្រំលើករាសី និងទស្សនារបាំត្រុដ្ឋ និង​របាំប្រជាប្រិយខ្មែរជា​ច្រើន។ យ៉ាង​ណាមិញអ្វីដែលលោកចាប់អារម្មណ៍ជាងគេ គឺ​របាំត្រុដ្ឋ ដោយ​លោក​បាន​ឃើញតែរដូវចូលឆ្នាំ​ខ្មែរ​ប៉ុណ្ណោះ។

ចុងក្រោយនៃវីដេអូលោក បានជូនពរពលរដ្ឋកម្ពុជា ឲ្យជួបតែសេចក្តីសុខ សុភមង្គល និង​រីកចម្រើន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មីប្រពៃណីជាតិខ្មែរ​ខាង​មុខនេះ៕

អត្ថបទ៖ រតនា