ព្រោះគ្មានព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត សៀមរាបឆ្នាំនេះ​ហាក់​ភ្ញៀវមិន​ច្រើន​ដូច​​ឆ្នាំ​មុន

560

ខេត្តសៀមរាបឆ្នាំ​នេះ ហាក់មិនសូវមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ​កក់បន្ទប់សណ្ឋាគារ​ច្រើន​ដូចឆ្នាំ​រាល់ដង​ប៉ុន្មាននោះទេ ឬ​អាច​និយាយ​បាន​ថា​ការកក់បន្ទប់សណ្ឋាគារនាថ្ងៃ​ទី ១២ មេសា ឆ្នាំ ២០១៩ នេះហាក់នៅយឺតយាវ បើធៀបនឹងរយៈ​ពេលដូចគ្នាកាលពីឆ្នាំមុន។ នេះ​អាច​ដោយសារ​តែ​ឆ្នាំ​នេះពុំមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ហើយ​ម្យ៉ាងតាមបណ្តាខេត្តផ្សេងៗទូទាំងប្រទេស​ក៏កំពុង​ប្រកួតប្រជែងគ្នា​ធ្វើព្រឹត្តិការណ៍សង្ក្រាន្តប្លែកគ្នា។

បើតាម​ការ​ចុះផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មានជាតិ​ ដោយ​បាន​ស្រង់សម្តី​លោក ចាន់​ សុភា អនុប្រធាន​សមាគមប្រតិបត្តិករទេសចរខេត្ត​សៀមរាប បង្ហាញ​ថា តាមការ​ស្ទង់មតិតាមសណ្ឋាគារ​នានានៅខេត្តសៀមរាប ចំនួន​ភ្ញៀវទេសចរដែលបានកក់បន្ទប់ស្នាក់នៅអំឡុងបុណ្យចូលឆ្នាំ​ខ្មែរ​ហាក់មានចំនួន​តិច​ជាង​ឆ្នាំ​មុនៗ ត្បិត​ថាមានសណ្ឋាគារ​ខ្លះបាន​បញ្ចុះតម្លៃបន្ទប់ស្នាក់នៅក៏ដោយ។ យ៉ាងណាមិញភ្ញៀវទេសចរច្រើននៅតែសម្រុកទៅសៀមរាបដែលធ្វើឲ្យតាមផ្លូវ​ខ្លះ​កកស្ទះ គ្រាន់តែថាចំនួន​ហាក់ថយចុះ​បន្តិច​បើធៀប​នឹង​ឆ្នាំ​កន្លង​ទៅ។

ដោយឡែក​សម្រាប់លោក ប្រាក់​ សោភ័ណ្ឌ ប្រធាន​ស្តីទី​សហភាព​សហព័ន្ធយុវជនខេត្ត​សៀមរាប​ បាន​អះអាងថា​ត្បិត​ថា​គ្មានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត តែ​ក្រុមការងារ​លោក​បាន​រៀបចំកម្មវិធីសៀមរាបសង្ក្រាន្ត​រួចស្រេចហើយ ដោយធានាថា​ភ្ញៀវទេសចរដែលមកលេង នឹង​ទទួល​បាន​ភាព​សប្បាយរីករាយមិនខានឡើយ។

សៀមរាបសង្ក្រាន្តមានកម្មវិធីកម្សាន្ត​ជា​ច្រើន​ប្រភេទ សម្រាប់ផ្តល់បទ​ពិសោធន៍នៃ​ភាព​សប្បាយរីករាយថ្មីដល់អ្នក​ទៅលេង ដូចជា​ កម្មវិធីគ្រួសារជ្រូក កម្មវិធីភូមិខ្ញុំ ការ​ភ្លក់និងធ្វើអាហារប្លែកៗ ការតាំងបង្ហាញផលិតផលប្រចាំខេត្តសៀមរាប ហើយ​ពិសេស​គឺការ​លេងទឹក ដោយមានតម្រៀបពាងទឹក តាមផ្លូវធំៗ សម្រាប់លេងកម្សាន្តនាខែក្តៅនេះតែម្តង៕

អត្ថបទ៖ រតនា