មេក្រសួងពាណិជ្ជកម្ម ប្រឆាំង​ដាច់ខាត​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹងក្នុង​ប្រទេសកម្ពុជា

251

រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ប្រកាស​ក្តែង​ៗក្នុង​ជំនួប​ជាមួយ​តំណាង​បក្សជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិង​ផ្តល់​យោបល់ថា ក្រសួងពាណិជ្ជកម្ម មិនគាំទ្រ​ដាច់ខាត​លើ​ការ​ផ្សព្វផ្សាយស្រាបៀរនិងគ្រឿងស្រវឹងផ្សេងៗតាមគ្រប់រូបភាព ហើយ​ក៏​មិនទទួល​យក​ការ​ឧបត្ថមពីក្រុមហ៊ុនគ្រឿងស្រវឹងទាំង​នោះ​សម្រាប់ព្រឹតិការណ៍ជាតិណាមួយដែរ។

​រដ្ឋមន្ត្រី​រូប​នេះ បាន​បង្ហាញ​វិធានការពីរ ដើម្បី​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមានពី​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​មកលើ​សង្គម​កម្ពុជា ដោយ​ទី ១. រៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម លើ​ផលិតផល​គ្រឿង​ស្រវឹង ដើម្បី​ដាក់ជូន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ពិនិត្យ និង​សម្រេច។ និង​ទី ២. រៀបចំ​ប្រកាស​អន្តរក្រសួង ស្តីពី​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម ដោយ​អនុលោម​តាមច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព និង​សុវត្ថិភាព​ផលិតផល​ទំនិញ និង​សេវា។

ដើម្បី​ឲ្យ​វិធានការ​នេះ​បានសម្រេច លោក​បាន​ស្នើដល់សមាជិកឧត្តម​ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់​ទាំង​អស់ ឲ្យ​ជួយគាំទ្រទៅលើការអនុវត្តតួនាទីថ្មី ដោយស្របតាមច្បាប់ចំនួន​បីមាន ច្បាប់គ្រប់គ្រងសុវត្ថិភាព​ចំណីអាហារ ច្បាប់ការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីការប្រកួតប្រជែង ដែលច្បាប់ទាំងនេះ នឹង​ធានាកាត់បន្ថយ​​ការ​ប៉ះពាល់ដោយសារគ្រឿងស្រវឹង៕

អត្ថបទ៖ រតនា

 

SHARE