មួយ​សន្លឹក​ដ៏អស្ចារ្យ​និង​កម្រ​នៃ​ប្រាសាទ​បូរាណខ្មែរ មានតិច​នាក់ណាស់ស្គាល់

2382

រូប​ថត​មួយសន្លឹកនៃ​ប្រាសាទ​បូរាណខ្មែរ ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម បាន​​ទទួល​បាន​ការ​ចែករំលែកយ៉ាង​ច្រើន ព្រោះ​តែ​ភាពស្រស់ស្អាត​និងភាព​អស្ចារ្យ​ដោយ​ស្ថិត​នៅកណ្តាល​សាគរដ៏ធំល្វឹងល្វើយ តែ​គួរ​ឲ្យ​ស្តាយ​មិន​សូវ​មាន​អ្នក​ស្គាល់ទៅវិញ។

ប្រាសាទ​នេះ​មានឈ្មោះ​ ប្រាសាទមេបុណ្យខាងលិច ដែល​ពីមុន​បារាំង​អ្នក​ជួសជុល តែ​ក្រោយមកដោយសារខ្វះថវិកា ទើបខាងអាជ្ញាធរជាតិអប្សរាទទួលខុសត្រូវ​ជួសជុលខ្លួន​ឯង​មកទាល់ពេលនេះតែម្តង។

តាមពិត​ទៅ ការ​ជួស​ជុល​ប្រាសាទ​​ប្រាសាទមេបុណ្យខាងលិចពីសំណាក់ភាគី​បារាំងតាមរយៈ​សាលា​បារាំង​ចុង​បូ​ព៌ា ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​២០១២ ហើយ​នឹង​​​បញ្ចប់​នៅ​ឆ្នាំ​ ២០១៩​ ឯណោះ តែ​ព្រោះ​ខ្វះខាត​ថវិកា​ទើប ខាង​បារាំង​ប្រគល់ភារកិច្ច​នេះជូន​អាជ្ញាធរអប្សរា​បន្ត​ការ​ជួសជុល​ឲ្យ​បានសម្រេច​ដូច​គម្រោង តែ​បារាំង​នៅ​តែ​បន្ត​ប្រឹក្សា​និង​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​វិធីសាស្ត្រ​នៃ​ការជួសជុល​ដល់​អ្នក​ជំនាញ​​ខ្មែរ។ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា លោក​ហង់ ពៅ បញ្ជាក់​កាល​​ពី​ថ្ងៃទី​១៣ មិថុនា​។

​ការ​ជួសជុល​កន្លង​មកដោយ​ភាគី​បារាំង ឃើញ​ថា​ជញ្ជាំង​ផ្នែក​ខាងកើត​និង​ប៉ម​ចំនួន​២​ បាន​ជួសជុល​​រួចរាល់​ រីឯ​ប៉ែក​ខាងលិច ខាងជើងនិង​ខាងត្បូង បានរៀបចំ​ពង្រឹង​គ្រឹះ​ដល់​កាំ​ទី​៥ និង​កាំ​ទី​៦​។

​ប្រាសាទមេបុណ្យខាងលិច​ជា​ប្រាសាទបុរាណ​ខ្មែរ មាន​ទីតាំង​ស្ថិតនៅ​លើដី​ទួល​មួយកន្លែង ចំ​កណ្តាល​បារាយណ៍​ខាងលិច។ ប្រាសាទ​នេះ​ត្រូវបាន​ស្ថាបនា​ឡើង​នៅ​អំឡុង​ពាក់កណ្តាល​សតវត្សរ៍​ទី​១១​នៃ​គ្រិស្តសករាជ​ក្នុង​រាជ​ព្រះបាទ​ឧទយា​ទិត្យ​វរ្ម័នទី​២ ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា​ដែលមាន​លក្ខណៈ​ប្លែក​ពិសេស ដោយហេតុថា សំណង់​ប្រាសាទ​ផ្សំ​ឡើង​ដោយ​កំពែង​មួយ​ជាន់​ធ្វើ​អំពី​ថ្ម​ភក់ ហ៊ុមព័ទ្ធ​ស្រះ​ទឹកធំ​មួយ​ដែល​គេ​ជីក​នៅលើ​ដី​ទួល​នោះ​។ តាមរយៈ​ការធ្វើ​កំណាយ​នៅ​ឆ្នាំ​១៩៣៩ គេ​បាន​រកឃើញ​រូប​បដិមា​ជា​ព្រះ​វិស្ណុ​ក្នុង​ឥរិយាបថ​ផ្ទំ​មួយអង្គ​ដែល​សព្វថ្ងៃ​តម្កល់ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ៕

អត្ថបទ៖ រតនា