ក្ដៅ! ក្រសួងប្រកាសហាមឃាត់ឡេ ៥ប្រភេទនេះ ព្រោះអាចប៉ះពាល់ដល់សុខភាព និងអាយុជីវិត

1829

ក្រសួង​សុខាភិបាល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជាបាន​ចេញ​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ ហាម​ឃាត់​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Na Na OnlineShop និង Nana Brand Nrn បញ្ឈប់​លែង​ឱ្យ​ផ្សព្វ​ផ្សាយ​ផលិត​ផល​គ្រឿង​សម្អាង​គ្មាន​ច្បាប់​អនុញ្ញាត​ជា​ច្រើន​មុខ។ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា គ្រឿង​សម្អាង​ដែល​មិន​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​នោះ អាច​នាំ​គ្រោះ​ថ្នាក់​ដល់​សុខភាព និង​អាយុ​ជីវិត​អ្នក​ប្រើ​ប្រាស់។

ឡេ និង​គ្រឿង​សម្អាង​ខុស​ច្បាប់​ទាំង​៥ប្រភេទ​នោះ​មាន ឡេ​លាប​ស្បែក​ឱ្យ​ស NRN, White Rose Spa, Gluta Snow Body Lotion, ឡេ​លាប​បំបាត់​មុន Anti-Acne NRN និង Scrub Coffee NRN។ ដើម្បី​ចៀសវាង ការ​ខាត​បង់​ប្រាក់​កាស និង​ប៉ះ​ពាល់​ដល់​សុខភាព ឬ​អាច​ឈាន​ដល់​ការ​បាត់​បង់​អាយុ​ជីវិត ក្រសួង​សុខាភិបាល​បាន​​អំពាវនាវ និង​ប្រកាស​ឱ្យ​បញ្ឈប់​ការ​ប្រើ​ប្រាស់​​បន្ទាន់។

ក្រសួង​សុខាភិបាល​ក៏​បាន​តម្រូវ​ឱ្យ​ម្ចាស់​គណនី​ខាង​លើ បញ្ឈប់​ជា​បន្ទាន់​ការ​លក់ នាំ​ចូល ចែក​ចាយ និង​ផ្សព្វផ្សាយ​គ្រឿង​សម្អាង​ខុស​ច្បាប់ ព្រម​ទាំង​ប្រមូល​គ្រឿង​សម្អាង​ចាស់ៗ​មក​កម្ទេច​ចោល។ ក្រសួង​សុខាភិបាល​នឹង​មាន​វិធានការ​តឹង​រឹង​បំផុត​ចំពោះ​ម្ចាស់​គណនី Na Na OnlineShop និង Nana Brand Nrn ទៅ​តាម​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ការ​គ្រប់​គ្រង​ឱសថ​ជា​ធរមាន។

ក្នុង​ករណី​ប្រជាពលរដ្ឋ​បាន​ឃើញ​ជន​ណា​កំពុង​លក់ ចែក​ចាយ​ផលិតផល​ខាង​លើ សូម​ប្រញាប់​ផ្ដល់​ព័ត៌មាន​ដល់​ក្រសួង​សុខាភិបាល តាម​រយៈ​លេខ​ទូរសព្ទ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕ ​