មុន​អាយុ២៥ បើ​ធ្វើ​បាន​រឿង​អស់​នេះ ចាត់​ទុក​ថា​ជោគជ័យ​ក្នុង​ការ​ចាប់​ផ្ដើម​ជីវិត​ហើយ

3235

មិត្តៗ​យុវវ័យ​ដឹង​ទេ​ថា ភាព​ជោគជ័យ​តែង​កើត​ឡើង​ពី​ចំណុច​តូច​ៗ​ជា​ច្រើន រួម​ផ្សំ​គ្នា ដែល​គេ​ហៅ​ថា​បទ​ពិសោធន៍​ជីវិត។ មនុស្ស​មាន​បទ​ពិសោធន៍​ជីវិត​ផ្សេង​ៗ​គ្នា បទ​ពិសោធន៍​មិន​អាច​កែ​ប្រែ​បាន​ឡើយ តែ​យើង​អាច​បង្កើត​វា​បាន ដោយ​មិន​ពិបាក​ក្នុង​ពេល​អ្នក​នៅ​ជា​យុវវ័យ។ ខាង​ក្រោម​នេះ ជា​ចំណុច ៥​យ៉ាង បើ​អ្នក​ធ្លាប់​ឆ្លង​កាត់​មុន​អាយុ ២៥ឆ្នាំ ចាត់​ទុក​ថា​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ។

១. ធ្លាប់​ឆ្លង​កាត់​ការ​រៀន​សូត្រ

បុគ្គល​ជោគជ័យ​មិន​មែន​សុទ្ធតែ​រៀន​ចប់​បរិញ្ញា មហា​បណ្ឌិត ឬ​មាន​សញ្ញាប័ត្រ​ព្យួរ​ពេញ​ជញ្ជាំង​ឡើយ ប៉ុន្តែ​ក៏​ធ្លាប់​ឆ្លង​កាត់​ការ​រៀន​សូត្រ​ដែរ ទើប​មាន​ជំនាញ​មួយ​ជាប់​ខ្លួន ជា​ក្បូន​នាំ​ទៅ​រក​ត្រើយ​អនាគត។ មិន​ថា​ធ្លាប់​រៀន​ត្រឹម​បាក់​ឌុប ឬ​ប្រឡង​មិន​ជាប់​បាក់​ឌុប ទៅ​ធ្វើ​ជាង​ម៉ូតូ-ឡាន​អ្វី​ឡើយ ឲ្យ​តែ​ធ្លាប់​ឆ្លង​កាត់​ការ​សិក្សា ក៏​រាប់​ថា​ជា​ការ​ចាប់​ផ្ដើម​ពន្លឺ​នៃ​ជីវិត។


២. ធ្លាប់​ធ្វើ​ការ​ឲ្យ​គេ

ជឿ​ទេ​ថា បុគ្គល​ជោគ​ជ័យ​ភាគ​ច្រើន​សុទ្ធតែ​ធ្លាប់​ធ្វើ​ការ​ឲ្យ​គេ មិន​ថា​ការងារ​នោះ​ប្ដូរ​យក​ប្រាក់​ខែ ប្ដូរ​យក​បាយ​ហូប ឬ​គ្រាន់​តែ​ធ្វើ​ដើម្បី​ជួយ​យក​អាសា។ ការងារ​ដែល​ធ្លាប់​ធ្វើ​ឲ្យ​គេ​ទាំង​នោះ​ហើយ ជា​ដុង​មួយ​ឲ្យ​អ្នក​អាច​ចាប់​បាន​អាជីព​ទៅ​អនាគត។ បើ​មិន​ធ្លាប់​ធ្វើ​អ្វី​សោះ រឿង​អី​ចេះ​កើត? ​

 

. ធ្លាប់​ធ្វើ​ការងារ​តូចៗ​នៅ​ផ្ទះ

​​ក្រៅ​ពី​ការងារ​ជា​អាជីព​រក​ប្រាក់ ការងារ​តូច​ៗ​នៅ​ផ្ទះ​ក៏​រាប់​ថា​ជា​ចំណែក​នៃ​ជីវិត​ដែរ។ មិន​ថា​ជួសជុល​ដំបូល​ផ្ទះ ជួស​ជុល​បំពង់​ទឹក ត​ខ្សែ​ភ្លើង ឬ​ជួស​ជុល​គ្រឿង​តូច​ៗ​មួយ​ចំនួន សុទ្ធតែ​ជា​មាគ៌ា​ចាប់​ផ្ដើម​រក​ភាព​ជោគ​ជ័យ។ សាក​គិត​មើល បើ​អ្នក​អាច​ធ្វើ​ខ្លួន​ឯង​បាន សន្សំ​ប្រាក់​ប៉ុន្មាន​ក្នុង​មួយ​ឆ្នាំ? មនុស្ស​មាន​ដុង គ្រាន់​តែ​មើល​គេ ក៏​ស្វែង​យល់​ចេះ​ធ្វើ​ដែរ ការងារ​អស់​នេះ។

៤. ធ្លាប់​ជិះ​យន្តហោះ​ចេញ​ទៅ​ក្រៅ​ប្រទេស
អាច​ចាត់​ទុក​ថា ចម្លែក​បន្តិច ប៉ុន្តែ​រឿង​នេះ ជា​កម្លាំង​ចិត្ត​មួយ​ដ៏​រឹង​មាំ​សម្រាប់​អ្នក​សម្លឹង​ទៅ​មុខ។ គេ​ថា​កង្កែប​ក្នុង​អណ្ដូង​មើល​ឃើញ​ពិភពលោក​តូច។ មិន​ខុស​គ្នា​ទេ បើ​អ្នក​ធ្លាប់​ចេញ​ក្រៅ​ប្រទេស អ្នក​អាច​មើល​ឃើញ​អ្វី​ដែល​ថ្មី​ទាំង​វិញ​ក្មេង មួយ​វិញ​ទៀត​វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ជំនឿ​ចិត្ត​កាន់​តែ​ខ្លាំង​លើ​ខ្លួន​ឯង ព្រោះ​បាន​ស្គាល់​អ្វី​មុន​គេ​មួយ​ជំហាន។

៥. ចេះ​ជំនាញ​ទូ​ទៅ
ជំនាញ​ទូ​ទៅ​មាន​គ្រប់​ប្រភេទ​រាប់​តាំង​ពី​កីឡា​នានា ធ្វើ​ម្ហូប ហែល​ទឹក បើក​ឡាន​ជា​ដើម។ ទាំង​អស់​នេះ សុទ្ធតែ​អាច​មាន​ប្រយោជន៍​សម្រាប់​ជីវិត បើ​ទោះ​បី​ពេល​ខ្លះ​អ្នក​មិន​ត្រូវ​ការ​វា​ក៏​ដោយ។

៦. មាន​ទ្រព្យ​សម្បត្តិ ៣ពាន់​ដុល្លារ​ជាប់​ខ្លួន
ទ្រព្យ​សម្បត្តិ​នេះ គឺ​រាប់​ទាំង​ម៉ូតូ ទូរសព្ទ ឬ​គ្រឿង​មាន​តម្លៃ រួម​ទាំង​លុយ​សុទ្ធ​ដែល​អ្នក​មាន​បូក​បញ្ចូល​គ្នា។ ហេតុ​អ្វី​ត្រូវ​មាន ៣​ពាន់​ដុល្លារ ទើប​រាប់​ថា​ចាប់​ផ្ដើម​ជោគ​ជ័យ? ព្រោះ​ធម្មតា មនុស្ស​លើ​ពិភពលោក​នឹង​រៀន​ចប់​ថ្នាក់​កណ្ដាល គឺ​បរិញ្ញាបត្រ នៅ​អាយុ ២២​ឆ្នាំ។ ៣​ឆ្នាំ​បន្ទាប់ គួរ​ណាស់ សល់​ប្រាក់​ខែ ១០០​ដុល្លារ ក្នុង​មួយ​ខែ ដែល​ស្មើ​នឹង ៣​ពាន់​ដុល្លារ​នេះ​​ឯង។

តើ​អ្នក​មាន​ប៉ុន្មាន​ចំណុច​ហើយ? បើ​ជិត​ឈាន​ដល់​វ័យ ២៥​ឆ្នាំ តែ​ខ្វះ​ចំណុច​ណាមួយ​ខាង​លើ​នេះ មិត្ត​ៗ​យុវវ័យ​គួរ​បំពេញ​បន្ថែម ដើម្បី​ជា​វិថី​ទៅ​អនាគត។ បើ​មាន​គ្រប់​ចំណុច​ហើយ អ្នក​អាច​ចាប់​ផ្ដើម​ជីវិត​អាពាហ៍ពិពាហ៍​កសាង​គ្រួសារ បើក​ទំព័រ​ជីវិត​វ័យ​កណ្ដាល​បាន​ហើយ៕

អត្ថបទ៖ អ៊ុក សោភា

ប្រភព៖ បរទេស