​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ៖ ​ខ្ញុំ​មិន​ដែល​និយាយ​ថា ​កម្ពុជា ​បង្ហោះ​ផ្កាយ​រណប​ទេ

1420

លោក​នាយ​ឧត្តមសេនីយ៍​ ឈុំ សុជាត អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ​បាន​ចេញ​មុខ​មក​បញ្ជាក់​ថា​លោក​មិន​ដែល​ផ្ដល់​បទ​សម្ភាសន៍​ឱ្យ​អ្នក​កាសែត​ណា ​ហើយ​និយាយ​ថា​កម្ពុជា គ្រោង​បង្ហោះ​ផ្កាយ​រណប​នៅ​ឆ្នាំ​២០២១​ទេ។

 

 

ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) និង​ក្រសួង​ព័ត៌មាន ​បាន​ចុះ​ផ្សាយ​ដំណឹង​ថា​កម្ពុជា គ្រោង​នឹង​បង្ហោះ​ផ្កាយ​រណប​នេះ​មុន​គេ​នៅ​ថ្ងៃ​ទី​៨​កន្លងទៅ​នេះ។ ក្រោយ​ពី​ការ​ចុះ​ផ្សាយ​នេះ​ទៅ ​ក៏​មាន​បណ្ដាញ​ចែក​ចាយ​យ៉ាង​ច្រើន​បន្ថែម​ទៀត រហូត​ដឹង​ដល់​លោក ឈុំ សុជាត ​តែ​ម្ដង។ ​

ក្រោយ​ពី​ដឹង​ដំណឹង​នេះ​ហើយ លោក សុជាត ​បាន​ចេញ​មុខ​មក​បញ្ជាក់​ថា​៖ ទោះបីជា​រឿងនេះ​ជា​រឿង​វិជ្ជមាន​ក៏ពិតមែន ប៉ុន្តែ​ខ្ញុំ​សូម​ស្នើ​ឲ្យ​សារព័ត៌មាន​មួយចំនួន​នោះ កែតម្រូវ​ឡើងវិញ ដែល​រូបខ្ញុំ​ផ្ទាល់ ក្នុង​ឆ្នាំ​២០១៩​នេះ មិនដែល​បាន​និយាយ​អំពី​រឿងនេះ​ជាមួយ​សារព័ត៌មាន ឬ​នៅក្នុង​វេទិកា​ណាមួយ​ទាល់តែសោះ​។ ខ្ញុំ​យល់ថា អ្នកសារព័ត៌មាន​ដែល​សរសេរ​រឿងនេះ អាច​ទំនង​មានការ​ភាន់ច្រឡំ​ចំពោះ​ប្រភព​ដែល​ផ្តល់ព័ត៌មាន​ខាងលើនេះ។