តោះ បើដឹងខ្លួនថាអាច ចូលរួមបាន! កម្មវិធី​ស្រ្តីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា ឆ្នាំ២០១៩” ចាប់ផ្តើម​​បើ​ក​​​ឱ្យមានការស្នើ​បេក្ខភាព​ហើយ​!!!!

240

ជាការផ្តល់កិត្តិយស និងទទួលស្គាល់នូវស្នាដៃ​របស់​ស្ត្រី​កម្ពុជា​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​​នា​ពេល​កន្លង​មកក្នុងការ​​អភិវឌ្ឍ​​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន​ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​រៀបចំ​​កម្មវិធី​ស្ត្រី​កម្ពុជាក្នុងវិស័យ​​បច្ចេកវិទ្យា​ជាលើកទី២ សម្រាប់​ឆ្នាំ២០១៩ បន្តទៀត​។

កម្មវិធីនេះ​នឹងបើក​ឱកាស​ដល់​សាធារណ​ជន​​ទូ​ទៅ​​​ស្នើ​បេក្ខភាពស្រ្តីគ្រប់រូប​ដែលខ្លួន​ទទួលស្គាល់ថា​​​ជា​ស្រ្តី​គំរូ​ ជាស្ត្រី​ឆ្នើម និង​សកម្មបានចូលរួម​ច្រើន​ក្នុងការអភិវឌ្ឍ​វិស័យ​ប.គ.ព ក្នុងប្រទេស​ដើម្បីទទួល​ពានរង្វាន់កិត្តិយស​ជា ” ស្រ្តីឆ្នើម​ក្នុងវិស័យ​បច្ចេកវិទ្យាប្រចាំឆ្នាំ២០១៩” ពីក្រសួង​ ប.ទ។ បេក្ខនារី​​ក៏​អាចស្នើ​បេក្ខភាពផ្ទាល់​ខ្លួន​ដើម្បីចូលរួម​លើកកម្ពស់​វិស័យនេះនិង​ជំរុញការចូលរួមរបស់​ស្រ្តី​ផ្សេង​ទៀត​ផង​​ដែរ។​​ ​ក្រសួង​ប.ទ នឹង​​ជ្រើសរើស​សម្រិតសម្រាំង​​បេក្ខនារីទាំង​នោះ​ ហើយ​ផ្តល់​ពានរង្វាន់​កិត្តិយស​ដល់​ស្រ្តីឆ្នើម​​ ក្នុង​កម្មវិធីតាំង​បង្ហាញ​បច្ចេកវិទ្យា​​ដ៏ធំ​ដំបូង​បង្អស់​មួយនៅ​កម្ពុជា​​​​ “Digital Cambodia” ដែលនឹង​ប្រព្រឹត្តិ​ទៅ​នាថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩។ ​

កម្មវិធីឆ្នាំ​​នេះផ្តោតលើប្រធានបទ “​ស្រ្តីកម្ពុជា​សម្រាប់​ការផ្លាស់ប្តូរទៅជា​ឌីជីថល”​ ​ នឹង​ប្រកាស​រកបេក្ខភាព​ជាស្ត្រី ចាប់ពីថ្ងៃទី២៥ ខែមករា រហូតដល់ថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ ២០១៩។ បន្ទាប់មក​ក្រសួង​នឹង​ធ្វើ​​​ការជ្រើសរើស​ ហើយ​វាយតម្លៃរក​ស្រ្តី​ឆ្នើម​លេចធ្លោ​ដែល​មាន​គុណសម្បត្តិ​​​គ្រប់គ្រាន់​​​។​ ជ័យលាភី ០៥ (ប្រាំ)​ រូប នឹង​ត្រូវ​ផ្តល់​​កិត្តិ​យស​ទទួល​ពានរង្វាន់​​​​នៅ​ថ្ងៃទី​១៥ ខែមិនា​ ឆ្នាំ​២០១៩ ខាង​មុខ​។​ ​

ពាក់​ព័ន្ធ​នឹ​ងការផ្តួចផ្តើមឱ្យ​មាន​កម្មវិធីនេះឡើង ​ឯកឧត្តម ត្រាំ​ អុីវ​តឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រធាន​ក្រុមប្រឹក្សាមូលនិធិ​ ស.អ. បានមាន​ប្រសាសន៍ថា “ការផ្លាស់ប្តូរទៅជា​ឌីជីថល (Digital Transformation) គឺជា​របត់​នៃ​ការប្រែប្រួល​ក្នុង​យុគសម័យ​ឌីជីថល​នេះ​ ​ដែល​បច្ចេកវិទ្យាត្រូវបាន​ប្រើប្រាស់​ជា​មធ្យោបាយ​ឬឧបករណ៍​ដើម្បីផ្លាស់ប្តូររបៀបរបរ​ការងារ ការ​ធ្វើ​អាជីវកម្ម និង​ការ​គ្រប់គ្រង​​​ក្នុងគោលបំណង​បង្កើន​​ប្រសិទ្ធភាព​​ កំណើន​​ផល​ចំណេញ និងពង្រីក​ឱកាស​​ផ្សេង​ៗ​ទៀត​​​​​​​។ ដើម្បីអាច​​អភិវឌ្ឍ​ប្រទេស​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល​ និងបដិវត្តឧស្សាហកម្មជំនាន់ទី៤​ ​យើង​គ្រប់គ្នា​ត្រូវចូលរួម​ជំរុញ​និង​ត្រៀម​ខ្លួន​សម្រាប់ការ​ផ្លាស់​ប្តូរ​ទៅ​ជា​ឌីជីថល​ ស្របតាម​យុទ្ធសាស្រ្តចតុកោណតំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល​​អាណត្តិទី៦​​​។ ”

​ចំពោះ​ការ​រៀបចំ​កម្មវិធី​នេះ​​ ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការនៃ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជា​អនុប្រធាន​ទី១ នៃ​ក្រុមប្រឹក្សា​មូលនិធិ ស.អ. បានមានប្រសាសន៍ថា “​ នាពេលបច្ចុប្បន្ន ស្ត្រី​ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួម​អភិវឌ្ឍ​សង្គម​ និងសេដ្ឋកិច្ច​របស់កម្ពុជា។ ស្ត្រីភាគ​ច្រើនជា​អាជីវករ​ អភិបាល​ក្រុមហ៊ុន​ខ្នាតតូច​និងមធ្យម។ ក្នុងការ​​ជំរុញ Tech Start Up និងនវានុវត្តន៍​នា​ពេលកន្លងមក យើង​សង្កេត​ឃើញ​​មាន​ស្រ្តី​ចូលរួម​​​ច្រើន​ជាលំដាប់​ពីមួយឆ្នាំទៅ​ឆ្នាំ​។ ម្យ៉ាង​វិញទៀត​ការរៀបចំ​កម្មវិធីនេះ​ ក៏ជាការ​កៀរគរ ការចូលរួម​ពី​គ្រប់​តួអង្គដើម្បី​​សម្រេច​នូវ​គោលដៅផ្លាស់ប្តូរទៅជា​ឌីជីថល​និងគោលដៅយុទ្ធសាស្រ្ត​កំណត់​ក្នុងគោលនយោបាយ​អភិវឌ្ឍ​ន៍វិស័យ​ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍​ព័ត៌មាន​ឆ្នាំ២០២០។ យើង​សូមលើកទឹកចិត្ត​ឱ្យ​ស្រ្តី​ចូលរួម​កាន់តែច្រើនឡើង​។​​ ”

កម្មវិធីឆ្នាំ២០១៩ នេះ មាន​ពាន​រង្វាន់​រហូត​ដល់​ ០៥ (ប្រាំ)​ ប្រភេទ គឺ​ សហគ្រិនឆ្នើ​មស្រ្តីក្នុងបច្ចេកវិទ្យា​ (Cambodian Woman ICT Entrepreneur Award) វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព (Cambodian Woman ICT Engineer Award)​ស្រ្តីដែលបានចូលរួមជំរុញនូវការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គមឬសហគមន៍ (Cambodian Woman ICT​ For Community Award), ស្ត្រីដែលបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត​ (​Creative Digital Content Award) និ​ងចុងក្រោយគឺ ពន្លកថ្មី ​( Girl Innovator ) ។

សូមបញ្ជាក់ថា ស្រ្តីឆ្នើមនៅកម្ពុជាទាំង០៥(ប្រាំ)​ប្រភេទដែល​ត្រូវ​បាន​ជ្រើសរើស​ត្រូវ​តែ​ជា​ក្រុមស្ត្រីកម្ពុជាដែលមានសក្តានុពលក្នុងផ្នែកបច្ចេកវិទ្យា មានភាពជាអ្នកដឹកនាំខ្ពស់ ព្រមទាំងបានប្រើប្រាស់នូវជំនាញរបស់ខ្លួនដើម្បីបម្រើការក្នុងស្ថាប័នរបស់ខ្លួន ក៏ដូចជានៅក្នុងសហគមន៍របស់ខ្លួនរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ក្រៅពីនេះ ពួកគាត់ក៏ត្រូវតែជាស្រ្តីកម្ពុជាដែលបានលះបង់នូវពេលវេលា និងកម្លាំងកាយចិត្តរបស់ខ្លួនដោយស្ម័គ្រចិត្ត​ ដើម្បី​ចូលរួមយ៉ាងសកម្ម​នៅក្នុងការចូលរួមស្វែងរកដំណោះស្រាយផ្នែកណាមួយក្នុងវិស័យបច្ចេកវិទ្យា សម្រាប់យកមកបម្រើ​ផល​ប្រយោជន៍ក្នុងសង្គមកម្ពុជាជារួម។ សាធារណៈជន​អាច​ចូលរួមក្នុង​កម្មវិធីនេះ​បាន ដោយ​ស្នើ​បេក្ខភាព​ ស្រ្តីដែល​លោក​អ្នក​គិត​ថា​ជាស្រ្តីឆ្នើម​ឬស្រ្តីគំរូ​ក្នុងវិស័យនេះ​។ ការស្នើបេក្ខភាព​អាច​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ​ ដោយគ្រាន់តែ​ចូល​ទៅក្នុង​តំណ​ភ្ជាប់ http://cbrd.gov.​kh/nominations​ ឬ អាចទំនាក់ទំនងតាម​សារអេឡិកត្រូនិក​​ info@cbrd.gov.kh ឬ​
​ទូរស័ព្ទ​លេខៈ​012 717 318 ឬ ​086 47 87 72 ៕

SHARE