មិន​ធម្មតា! កង្កែបយក្សនៅតំបន់អាម៉ាហ្សូន អាចជួយជីវិតលើ​ផែនដី​បាន​រាប់លាន

1040

ភាពស៊ាំនឹងថ្នាំប្រឆាំងមេរោគ ដែលធ្វើឱ្យថ្នាំអង់ទីប៊ីយ៉ូទិចគ្មានប្រសិទ្ធភាព ជាវិបត្តិដ៏ធំបំផុតមួយប្រចាំសតវត្សរ៍ទី២១។ នេះបើយោងតាមលោក Juan Carlos Castilla-Rubio ដែលជានាយកក្រុមហ៊ុន Space Time Ventures ដែលបានលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស។

ភាពស៊ាំនេះ មួយផ្នែកធំបណ្តាលមកពីការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិចក្នុងថ្នាំ និងកសិកម្មច្រើនលើសកម្រិត។ ម្យ៉ាងវិញទៀត វាបណ្តាលមកពីគ្មានថ្នាំអង់ទីប៊ីយ៉ូទិចថ្មីៗណាមួយត្រូវបានគេរកឃើញឡើយ ចាប់តាំងពីឆ្នាំ១៩៨៧មក ជាហេតុធ្វើឱ្យការស្លាប់ដោយសារភាពស៊ាំនឹងថ្នាំប្រឆាំងមេរោគ អាចនឹងកើនឡើងរហូតដល់ទៅ ១0លាននាក់ក្នុងមួយឆ្នាំ គិតត្រឹមឆ្នាំ២0៥0។ នេះបើយោងតាមការស្រាវជ្រាវមួយដែលធ្វើឡើងដោយរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស។

ថ្មីបើយ៉ាងនេះក្តី លោក Castilla-Rubio បានលើកឡើងថា ការរុករកឃើញថ្មីផ្នែកជីវសាស្ត្រ អាចជួយស្រោចស្រង់ជីវិតមនុស្សបាន។ លោកបានពន្យល់បន្ថែមថា កង្កែបយក្យ (Giant Monkey Frogs) អាចជាប្រភពថ្មីសម្រាប់ការបង្កើតថ្នាំអង់ទីប៊ីយ៉ូទិចថ្មីៗ។ ទិន្នន័យទទួលបានពីមជ្ឈមណ្ឌលជាតិសម្រាប់ព័ត៌មានជីវបច្ចេកវិទ្យា (National Center for Biotechnology Information) បង្ហាញថា ស្បែកកង្កែប ជាប្រភពសម្រាប់ផលិតសមាសធាតុអាមីណូអាស៊ីប្រឆាំងនឹងពពួកមីក្រុបបានចំនួន ៣00ប្រភេទខុសៗគ្នា ដែលផ្តោតសំខាន់លើពពួកវីរុស និងបាក់តេរី។

យោងតាមការសិក្សាដែលបោះពុម្ភផ្សាយដោយទស្សានាវដ្តី The Royal Society មិនមែនមានតែកង្កែបប៉ុណ្ណោះទេ ដែលអាចដោះស្រាយវិបត្តិទាក់ទងនឹងថ្នាំអង់ទីប៊ីយ៉ូទិច។ ដំណោះស្រាយនេះ ក៏អាចរកឃើញនៅលើសត្វស្រមោចភាគច្រើនដែរ។ ស្រមោចជាច្រើនប្រភេទ អាចផលិតសារធាតុប្រឆាំងនឹងថ្នាំអង់ទីប៊ីយ៉ូទិច ដែលអាចមានប្រយោជន៍ដល់មនុស្ស។

លោក Castilla-Rubio បានបន្ថែមថា ព្រៃទាក់ទាញទឹកភ្លៀងនៅតំបន់អាម៉ាហ្សូន ជាប្រភពសម្រាប់បង្កើតថ្នាំថ្មីៗ រាប់បញ្ចូលទាំងថ្នាំអង់ទីប៊ូយ៉ូទិចថ្មីរហូតដល់ទៅ ២៥ភាគរយ។ លោកបានបន្ថែមថា ការប្រើពិភពធម្មជាតិ ជាប្រភពសម្រាប់បង្កើតថ្នាំអង់ទីប៊ីយ៉ូទិចថ្មី អាចជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចផ្អែកលើជីវៈចម្រុះ បានរាប់ម៉ឺនលានដុល្លារអាមេរិក។

ដោយ៖ថៃឡេង

ប្រភពៈMinistry of Environment