រឿង​ធំ! ឆ្នាំ​នេះ កម្ពុជា​នឹង​ជួប​គ្រោះ​ក្តៅ​ហួត​ហែង​ខ្លាំង ​កម្តៅ​ហក់​ឡើង​ដល់ ៤០-៤២អង្សា

14452

ក្នុង​រដូវ​ប្រាំង​នៅ​ឆ្នាំ​២០១៩​នេះ ​កម្ពុជា​នឹង​ជួប​គ្រោះ​ក្ដៅ​ហួត​ហែង​ខ្លាំង ​ជា​ពិសេស​ក្នុង​អំឡុង​ខែ​មេសា និង​ឧសភា ​កម្តៅ​នឹង​ហក់​ឡើង​ដល់​ ៤០ ​ទៅ​៤២​អង្សា​ ដោយសារ​តែ​ការ​រង​ដោយ​ប្រយោល​នៃ​ឥទ្ធិពល​បាតុភូត​អែល​នីណូ ​(El Nino)។

តាមរយៈ​សារាចរ​នេះ ​សម្តេចតេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ដាក់​ចេញ​នូវវិធាន​ការសំខាន់​ៗចំនួន​៣ ​ដើម្បី​ទប់​ទល់​ជាមួយ​បញ្ហានេះ​។ វិធានការទាំ​ង​៣នោះរួ​មមាន៖​

១ ​ការងារ​បង្ក​បង្កើន​ផល​ស្រូវប្រាំង​ក្នុងឆ្នាំ​២០១៩​នេះ​ គឺអាច​ធ្វើ​បាន​តែ​១ដង​ប៉ុណ្ណោះ​ ដោយ​មិនអាច​ធ្វើស្រូវប្រាំង​លើក​ទី​២​បាន​ទេ​ បើ​ទោះ​បី​ជា​ទឹក​នៅ​តាម​បណ្តា​អាង​ដែល​បានរ​ក្សាទុក​ និង​កន្លែងមួយ​ចំនួន ​ដែល​មាន​ទឹក​ជា​ធម្មជាតិ​ក៏ដោយ​ គួរគប្បី​រក្សា​ទឹកទាំងនោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ និង​ការ​ដាំដំ​ណាំ​រួម​ផ្សំ​ផ្សេង​ទៀត​ក្រៅ​ពី​ស្រូវ។

២ ក្រសួង ​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​ចាត់​វិធាន​ការ​ថែរក្សា​ទឹកទុក​ឲ្យបាន​ល្អ ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ​ រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់ជា​ធម្មតា​ឡើងវិញ។

៣ ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ត្រៀម​លក្ខណៈ​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ដោយ​គ្រោះ​ធម្មជាតិ​នានា​ដូច​ជា​ខ្យល់​កន្ត្រាក់​ជា​ដើម​៕