គួរឲ្យ​ចាប់អារម្មណ៍​ណាស់​! ប្រភេទសត្វថ្មីៗដែលអ្នកវិទ្យាសាស្ត្ររុករកឃើញនៅឆ្នាំ២០១៨

758

ឆ្នាំ២០១៨ មិនមែនជាឆ្នាំដ៏ស្រស់បំព្រងសម្រាប់ពិភពធម្មជាតិឡើយ ដោយសារមានបាតុភូតធម្មជាតិជាច្រើនបានកើតឡើងនៅក្នុងឆ្នាំនេះ ដូចជា ផ្ទាំងទឹកកករលាយ ការបំភាយឧស្ម័នផ្ទះកញ្ចក់កើនឡើង ការថយចុះនៃសត្វល្អិតមួយចំនួនធំ។ល។

ថ្វីបើយ៉ាងនេះក្តី ២០១៨ ក៏ជាឆ្នាំល្អផងដែរ ពីព្រោះមានសត្វជាច្រើនប្រភេទត្រូវបានរកឃើញនៅក្នុងឆ្នាំនេះ។ ក្នុងឆ្នាំ២០១៨ សត្វចំនួន ១៨.០០០ប្រភេទ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញ ប៉ុន្តែក៏មានសត្វជាច្រើនប្រភេទផ្សេងទៀត ដែលយើងបាននិងកំពុងបំផ្លាញផងដែរ។ លោក Shannon Bennetth ប្រធានក្រុមផ្នែកវិទ្យាសាស្ត្រប្រចាំវិទ្យាស្ថាន California Academy of Science នៅរដ្ឋ San Francisco បានឱ្យដឹងថា «អ្នកវិទ្យាសាស្ត្រផ្នែកជីវៈចម្រុះ បានប៉ាន់ស្មានថា ប្រភេទសត្វថ្មីៗមិនដល់ ១០ភាគរយទេដែលមាននៅលើផែនដី»។

ក្នុងចំណោមសត្វថ្មីៗដែលអ្នកវិទ្យាសាស្ត្របានរកឃើញ មានដូចជា៖
– ប្រភេទពីងពាងសំប៉ែត (Flattie spiders with Ultra fast spin moves)៖ ពីងពាងដែលស្ថិតក្នុងអំបូរ Selenopidae ចំនួន ៣ប្រភេទ ត្រូវបានរកឃើញនៅសហរដ្ឋអាមេរិក អាហ្វ្រិក អូស្ត្រាលី និងអាស៊ី។ ពីងពាងប្រភេទនេះ បង្វិលខ្លួនបានលឿនបំផុតដែលអាចឱ្យវាផ្លាស់ទីបានក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។


– ប្រភេទអន្ទង់ក្រឡា (Leopard eel)៖ វាស្ថិតក្នុងអំបូរ Siren reticulate ដែលក្រឡេកមើលមួយភ្លេច ស្មានថាជាថ្លែន មិនមែនជាអន្ទង់ឡើយ។ វាខុសពីអន្ទង់ផ្សេងទៀត ត្រង់ថាវាមានស្នាមអ៊ុចខ្មៅៗ ដូចខ្លាដំបងនៅលើខ្លួន។ អន្ទង់ប្រភេទនេះ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

– ក្រពើ Mecistops Leptorhynchus៖ វាត្រូវបានរកឃើញនៅអាហ្វ្រិកខាងលិច ហើយជាក្រពើដែលស្ថិតក្នុងអំបូរជិតផុតពូជ។ ក្រពើប្រភេទនេះ មាននៅសល់ប្រហែលជា ៥០០ក្បាលប៉ុណ្ណោះ នៅក្នុងព្រៃ។


– កូនត្រីឆ្លាម Genie៖ កូនត្រីឆ្លាមប្រភេទទឹកជ្រៅ Squalus Clarkae ត្រូវបានគេហៅឈ្មោះថា «កូនត្រីឆ្លាម Genie» តាមជីវវិទូ Eugenie Clark ដែលជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវទាក់ទងនឹងត្រីឆ្លាម។ កូនត្រីឆ្លាមប្រភេទថ្មីនេះ ក៏ត្រូវបានរកឃើញនៅក្នុងឆ្នាំ២០១៨នេះផងដែរ។

– ផ្កាថ្ម Thesea Dalioi៖ ផ្កាថ្មប្រភេទថ្មីនេះ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញនៅតាមឆ្នេរប៉ាណាម៉ា។ វាខុសពីផ្កាថ្ម Thesea Variabilis ត្រង់ថាវាមានពណ៌ក្រហមភ្លឺ។ ការរុករកឃើញថ្មីនេះ ពញ៉ាក់ស្មារតីយើងឱ្យយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សធនធានជីវៈចម្រុះក្រោមបាតសមុទ្រ។

ក្រៅពីប្រភេទសត្វថ្មីៗដែលបានរកឃើញខាងលើ នៅមានសត្វជាច្រើនប្រភេទទៀតដែលអ្នកវិទ្យាសាស្ត្របានរុករកឃើញនៅក្នុងឆ្នាំ២០១៨នេះ។

ប្រែសម្រួល​៖ថៃឡេង
ប្រភព៖ weforum.org