ចោរ​កំពូល​ស៊យ! ​ឃើញ​ស្រី​ឈរ​ម្នាក់​ឯង ​ទៅ​ប្លន់​យក​ទូរសព្ទ មាន​អី​ប៉ះ​ចំ​នារី​វៃ MMA

1047

ចោរ​ម្នាក់​បែក​មុខ​បែក​មាត់ ​ក្រោយ​ពី​ទៅ​ប្លន់​យក​ទូរសព្ទ​នារី​ម្នាក់​ឈរ​នៅ​តាម​ផ្លូវ ​ដែល​ជា​អ្នក​លេង MMA ​របស់​ស្ថាប័ន​កំពូល UFC ​។

រឿង​ហេតុ​នេះ​កើត​ឡើង​នៅ​ក្រុង Rio de Janeiro ​ប្រទេស​ប្រេស៊ីល។ ​អ្នក​លេង​គុន MMA ​ឈ្មោះ Polyana Viana ​កំពុង​តែ​ចាំ​ឡាន​តាក់ស៊ី Uber ​មក​យក​ខ្លួន​នៅ​តាម​ផ្លូវ ​ក៏​ស្រាប់​តែ​មាន​បុរស​ម្នាក់​ដើរ​មក​ជិត​នាង។ ភ្លាម​នោះ ​បុរស​ម្នាក់​នេះ​បាន​ប្រាប់​ថា​ខ្លួន​មាន​កាំភ្លើង ​គំរាម​បាញ់​សម្លាប់​បើ​មិន​ព្រម​ប្រគល់​ទូរសព្ទ​របស់​ខ្លួន​ទេ​នោះ។ Viana ​ភ្លាម​នោះ ​ដឹង​ថា​បុរស​ម្នាក់​នេះ​កំពុង​បោក​ខ្លួន ​មិន​មាន​កាំភ្លើង​​អ្វី​ទេ ក៏​ងាក​ទៅ​ដាល់​មុខ​២​ដៃ ​ធ្វើ​ឱ្យ​ចោរ​នោះ​ដួល​ទៅ​លើ​ផ្លូវ ​ហើយ​ថែម​ទាត់​១​ជើង​ទៀត ​ងើប​លែង​រួច​តែ​ម្ដង។

 

ក្រោយ​ពី​វាយ​បុរស​ម្នាក់​នេះ​ដេក​ដួល ហើម​មុខ​មាត់​ហើយ ​នាង​បាន​ទូរសព្ទ​ហៅ​ប៉ូលិស ដើម្បី​នាំ​ខ្លួន​បុគ្គល​ឆ្លៀត​ឱកាស​នេះ​ទៅ​ដាក់​ទោស​តាម​ច្បាប់។ Viana ​ឡើង​សង្វៀន​ប្រដាល់​ក្នុង​ទ្រុង​១២​ដង​មក​ហើយ ​ក្នុង​នោះ​នាង​ឈ្នះ​បាន​១០​ដង ​ហើយ​តែងតែ​ផ្ដួល​ដៃ​គូ​បាន​យ៉ាង​លឿន​ថែម​ទៀត ជាមួយ​ការ​វាយ​ចេញ​បាន​យ៉ាង​លឿន​និង​រហ័ស​របស់​នាង៕