​ផ្ទុះ​រឿង​ធំ ភ្នំពេញ​ក្រោន ព្រមាន​មិន​ចូល​លេង​លីគ ​បើ​មិន​ដោះ​ស្រាយ​រឿង​វិសាខា​យក​កីឡាករ​ខ្លួន ​៥ ​នាក់​នោះ​

118

ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន ​បាន​ប្រកាស​ថា ​នឹង​មិន​ចូល​លេង​លីគ​កំពូល​កម្ពុជា​ឡើយ ​ប្រសិន​ណា​បើ​មិន​មាន​ដំណោះ​ស្រាយ​រឿង​កីឡាករ​៥​នាក់ ​ទៅ​លេង​នៅ​វិសាខា ​ដោយ​ចិត្ត​ឯង​។

ក្នុង​សេចក្ដី​ប្រកាស​មួយ ​បាន​សរសេរ​យ៉ាង​វែង​ថា​៖

សូមជម្រាបថា ភ្នំពេញក្រោន គឺជាក្លឹបបាល់ទាត់ដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានបង្កើតក្រុមបាល់ទាត់ថ្នាល (Academy) ចាប់តាំងពីឆ្នាំ២០១១ មក​ស្របទៅតាមគោលបំណង ឬចក្ខុវិស័យរបស់ក្លឹប និងថ្នាក់ដឹកនាំក្លឹបផ្ទាល់​ ពោលគឺផ្តោតលើការអភិវឌ្ឍន៍ធនធានបាល់ទាត់រយៈពេលយូរសម្រាប់ប្រទេសកម្ពុជាទាំងការប្រកួតប្រជែងក្នុងប្រទេស ជាពិសេសជាមួយបណ្តាប្រទេសជិតខាងផងដែរ។ ជាមួយគ្នានេះ ភ្នំពេញក្រោន ក៏ជាក្លឹបបាល់ទាត់មុនគេដែលបានបង្កើតឱ្យមានសាលាថ្នាលបាល់ទាត់សម្រាប់កុមារ និងយុវជនដោយមានចែកជាកម្រិតអាយុតាំងពី៩ឆ្នាំដល់២០ឆ្នាំ និងជាក្លឹបបាល់ទាត់អាជីពដំបូងគេនៅកម្ពុជាដែលបង្កើតឱ្យមានក្រុមបាល់ទាត់ស្រ្តីដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ស្រ្តីនៅក្នុងប្រទេស។ ជាលទ្ធផល យើងឃើញថារយៈពេល៥ឆ្នាំចុងក្រោយនេះ ក្នុងចំណោមកីឡាករជម្រើសជាតិយុវជនអាយុក្រោម១៦ឆ្នាំ, អាយុក្រោម១៩ និងអាយុក្រោម២០ឆ្នាំ មាន ៥០% ទៅ៦០% គឺជាធនធានដែលមានប្រភពចេញពីយុវជនក្លឹបបាល់ទាត់ភ្នំពេញក្រោន រហូតមានកីឡាករមួយចំនួនទៀតក៏បានជាប់ក្នុងក្រុមជម្រើសជាតិឈុតធំថែមទៀតផង ដែលនេះជាកិត្តិយស និងជាសមិទ្ធផលមួយដែលក្លឹបមានមោទកភាពក្នុងការបម្រើ ព្រមទាំងជួយជំរុញវិស័យបាល់ទាត់ក្នុងព្រះរាជាណាចក្រកម្ពុជាយើងឆ្ពោះទៅមុខប្រកបដោយវិជ្ជមាន និងនិរន្តរភាព។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅថ្មីនេះៗ ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងសាធារណជនទូទៅ បានឃើញពីការបង្ហាញសមាសភាពកីឡាករថ្មីរបស់ក្លឹបបាល់ទាត់វិសាខា ដែលក្នុងចំណោមនោះមានកីឡាករចំនួន ៥នាក់ គឺជាកីឡាករក្នុងក្លឹបបាល់ទាត់ភ្នំពេញក្រោន ហើយថែមទាំងធ្លាប់ទទួលបានការបណ្តុះបណ្តាលអស់រយៈពេលច្រើនជាង ៥ឆ្នាំមកហើយក្នុងក្រុមថ្នាលយុវជនដោយទទួលបានទាំងការបង់ថ្លៃសាលារៀន ការស្នាក់នៅ ការហូបចុក ការហ្វឹកហាត់ សំបុត្រយន្តហោះធ្វើដំណើរក្នុងពេលបោះជំរុំហ្វឹកហាត់នានា ក៏ដូចជាការប្រកួតអន្តរជាតិផ្សេងៗ រួមទាំងសេវាសុខភាពផងដែរ ដោយភាគច្រើនទស្សនិកជនដែលគាំទ្រវិស័យបាល់ទាត់សុទ្ធតែបានស្គាល់ពួកគេ ពោលគឺកីឡាករ អ៊ុក សុវណ្ណ, អ៊ិន សូដាវីត, ស៊ិន កក្កដា, គីម ឆាយ៉ា និង កែន ច័ន្ទសុភ័ក្រ្ត។

សូមរំលឹកថា ពួកគេទាំង ៥នាក់ខាងលើបានចូលហ្វឹកហាត់នៅសាលាបណ្តុះបណ្តាលបាល់ទាត់ភ្នំពេញក្រោនកាលពីឆ្នាំ២០១១ និងឆ្នាំ២០១៣ កន្លងមក ដោយមានអាណាព្យាបាលបានចុះកិច្ចសន្យាទាក់ទងទៅនឹងការទទួលស្គាល់តម្លៃសំណងលើការបណ្តុះបណ្តាលផងដែរ។ ជាងនេះទៅទៀត ក្រោយមកក្លឹបក៏បានផ្តល់កិច្ចសន្យាថ្មី លើសទៅនឹងតម្លៃពលកម្មលើកិច្ចសន្យាចាស់នៅពេលដែលក្លឹបបានផ្តល់ជូនកីឡាករទាំង ៥នាក់ក្នុងការឡើងទៅលេងក្នុងក្រុមធំដោយផ្អែកលើលក្ខខណ្ឌចរចាររបស់សហព័ន្ធបាល់ទាត់ពិភពលោកហ្វីហ្វា (FIFA)។ ក៏ប៉ុន្តែក្រោយរដូវកាលឆ្នាំ២០១៨បានបញ្ចប់ភ្លាម ពួកគេបានសម្រេចចិត្តចាកចេញដោយមិនមានការពិភាក្សាជាមួយក្លឹបភ្នំពេញក្រោន រួមទាំងដោយមិនមានការបង់ថ្លៃលើសំណងអភិវឌ្ឍន៍សម្រាប់ក្លឹបភ្នំពេញក្រោនដែលធ្លាប់បានចំណាយធនធានទៅលើពួកគេស្របទៅតាមលក្ខខណ្ឌព្រមព្រៀងដែលត្រូវបានទទួលស្គាល់ដោយគូភាគីកន្លងមកឡើយ។

ទន្ទឹមនឹងនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏បានផ្តល់ព័ត៌មានជូនសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា ដោយមានបង្ហាញពីក្តីបារម្ភ និងផលប៉ះពាល់ផ្សេងៗនៅពេលដែលកីឡាករចាកចេញដោយមិនមានសំណងសម្រាប់ក្លឹបដែលធ្លាប់ផ្តល់ការបណ្តុះបណ្តាលពួកគេផងដែរ ដោយក្លឹបក៏បានភ្ជាប់ជាមួយនូវច្បាប់ ឬលក្ខខណ្ឌនានារបស់ហ្វីហ្វា (FIFA)ព្រមទាំងច្បាប់នៃសំណងអភិវឌ្ឍន៍របស់សហព័ន្ធបាល់ទាត់ជប៉ុនដែលបានចងក្រងឡើងដើម្បីការពារក្លឹបដែលផ្តល់អាទិភាពលើការបណ្តុះបណ្តាលបាល់ទាត់ថ្នាលថែមទៀត។ បន្ទាប់មកក្លឹបភ្នំពេញក្រោនក៏បានដាក់លិខិតជូនបន្ថែមទៀត ដល់គណៈកម្មជាតិរៀបចំការប្រកួតបាល់ទាត់កម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់ជាតិ ដោយភ្ជាប់ជូននូវច្បាប់លក្ខខណ្ឌនៃសំណងការអភិវឌ្ឍន៍ រួមជាមួយឯកសារយោងផ្សេងៗ អមដោយកិច្ចសន្យារបស់កីឡាករទាំង ៥នាក់ដែលមានចុះហត្ថលេខាដោយសាមីខ្លួនផ្ទាល់ និងអាណាព្យាបាលរបស់ពួកគេផង។

ក្នុងស្ថានភាពបែបនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមសម្តែងការព្រួយបារម្ភជាថ្មីចំពោះផលវិបាករបស់វិស័យបាល់ទាត់កម្ពុជាដោយហេតុថា ប្រសិនបើកីឡាករដែលទទួលការបណ្តុះបណ្តាលដោយក្លឹប ប៉ុន្តែបែរជាចាកចេញដោយមិនមានសំណងអភិវឌ្ឍន៍អ្វីសោះបែបនេះ វាគឺជាសញ្ញានៃការដើរថយក្រោយនៃដំណើរការអភិវឌ្ឍន៍បាល់ទាត់ ព្រោះនាពេលអនាគតអាចនឹងមិនមានក្លឹបបាល់ទាត់ណាមួយហ៊ានចំណាយធនធានដើម្បីជំរុញការអភិវឌ្ឍន៍បាល់ទាត់ថ្នាលទៀតឡើយ ព្រោះអាចនឹងជួបប្រទះផលវិបាកដូចអ្វីដែលភ្នំពេញក្រោនកំពុងទទួលរង។ ជាក់ស្តែងក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលបានចំណាយធនធានក្នុងការបណ្តុះបណ្តាលកីឡាករទាំង ៥នាក់អស់រយៈកាលច្រើនជាង ៥ឆ្នាំ ខណៈដែល ៣ រដូវកាលចុងក្រោយក្លឹបក៏បានផ្តល់ឱកាសដល់យុវជនថ្នាលប្រមាណជា ៩០ភាគរយបានចូលរួមក្នុងការប្រកួតប្រជែងទាំងក្នុងលីគ និងពានរង្វាន់នានាដោយមិនគិតពីលទ្ធផលក្នុងគោលដៅដើម្បីផ្តល់ឱកាសនិងបទពិសោធន៍ដល់ពួកគេ ប៉ុន្តែចុងក្រោយ នៅពេលដែលពួកគេចាប់ផ្តើមរីកចម្រើន និងមានប្រជាប្រិយភាព ពួកគេក៏បានដើរចេញដោយមិនមានផ្តល់សំណងអភិវឌ្ឍន៍សម្រាប់ការបណ្តុះបណ្តាលដែលក្លឹបបានចំណាយធនធាននិងពេលវេលាកន្លងមកទៅតាមការព្រមព្រៀងឡើយ។

ដូច្នេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមប្រកាសយ៉ាងមុឺងម៉ាត់ថា «ក្លឹបនឹងមិនចេញលិខិតអនុញ្ញាតិសម្រាប់កីឡាករណាម្នាក់ដែលស្ថិតក្នុងគម្រោងនៃការបណ្តុះបណ្តាលថ្នាលរបស់ភ្នំពេញក្រោនទៅកាន់ក្លឹបដទៃដោយមិនមានតម្លៃសំណងអភិវឌ្ឍន៍នោះឡើយ ហើយប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយដោយសមស្របទេ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបញ្ឈប់សកម្មភាពអភិវឌ្ឍបាល់ទាត់ថ្នាលទាំងអស់ ហើយនឹងប្រកាសដកខ្លួនចេញពីការប្រកួតលីគកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីគផងដែរ។»

ការបញ្ជាក់ជំហរនេះ​ គឺដើម្បីការពារបេសកកម្មអភិវឌ្ឍន៍បាល់ទាត់ថ្នាល និងជំរុញឱ្យក្លឹបបាល់ទាត់ផ្សេងទៀតអនុវត្តន៍ការបណ្តុះបណ្តាលថ្នាលបន្ថែមទៀតដើម្បីធានាឱ្យមានការប្រកួតប្រជែងក្នុងលីគឱ្យកាន់តែខ្លាំ​ងក្លានាពេលអនាគត ព្រមទាំងជាការរួមចំណែកកសាង និងពង្រឹងធនធានកីឡាករកម្ពុជាថែមទៀតផង ៕

SHARE