រំភើបជំនួស និងជួយគាំទ្រផង! ហាងកាហ្វេដំបូងក្នងស្រុកខ្មែរបុគ្គលិកសុទ្ធតែ គ និង ថ្លង់ តែពួកគាត់ទទួលបានក្ដីស្រលាញ់ ពីហាងកាហ្វេយ៉ាងកក់ក្តៅ

2162

នៅខាងក្នុងធនាគារភ្នំពេញពាណិជ្ជ (PPCB) សាខាបឹងត្របែក មាន ​ហាងកាហ្វេមួយមានឈ្មោះថា Socials គឺជាហាង កាហ្វេមួយ ផ្តោតសំខាន់លើ ការបង្កើតសហគ្រិន ភាព​ និ​ង ឱកាសការងារសម្រាប់ មនុស្សគនិង​ថ្លង់​។ ហាងកាហ្វេ Socials ត្រូវបានបង្កើតឡើងដោយ លោក ស្វែបនីល ដេសមុស (Swapnil Deshmukh) ដែលជាអតីតបុគ្គលិក​ ធនាគារម្នាក់​ដែលបាន មើលឃើញអំពីទស្សនៈដ៏ថ្មីមួយ នេះនៅក្នុងប្រទេសកម្ពុជា។ កត្តាដែល​ ជួយជំរុញទឹកចិត្តគាត់អោយ ​បើកហាង​កាហ្វេមួយនេះ​គឺដោយសារគាត់បានធ្វើដំណើរទស្សនកិច្ចទៅហាងតែមួួយនៅប្រទេស​ វៀតណាម ដែលបម្រើដោយបុគ្គលិកថ្លង់ទាំងអស់។

ហាងកាហ្វេ Socials ផ្ដោតសំខាន់លើបេសកកម្មមួយគឺដើម្បីផ្លាស់ប្តូរការយល់ឃើញនិង​ភាពលំអៀងរបស់អ្នកជំនួញមួយចំនួន​ដែលមិនជួលមនុស្ស គ ថ្លង់ ឲ្យធ្វើការ។ ហាងកាហ្វេ Socials ចង់ធ្វើជាគំរូ​ ក៏ដូច​ជាសារមួយ​ផ្ញើទៅកាន់អ្នកធ្វើជំនួញផ្សេងៗទៀតឲ្យពួកគាត់ជួលមនុស្ស គ ​ថ្លង់ មកធ្វើការដូចជា ​ហាង​កាហ្វេ Socials ដែរ។

នៅក្នុងកម្មវិធីសម្ភោធ លោក Swapnil បាននិយាយថា​ “មិនមែនការងារទាំងអស់តម្រូវឲ្យមនុស្ស និយាយ ស្ដាប់ ឬ ធ្វើចលនានោះទេ ដូច្នេះការរើសអើងដោយអចេតនានេះ បានធ្វើឲ្យអាជីវកម្មទាំង អស់កំពុងបោះបង់ចោលអ្នកដែលមានសមត្ថភាព និងទេពកោសល្យឲ្យនៅក្រៅទីផ្សារការងារ។ បច្ចុប្បន្ន យើងកំពុងស្ថិតនៅក្នុង ដំណាក់កាលដំបូងនិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងនោះយើង បានបង្កើតម៉ាកកាហ្វេដែលប្រកបដោយក្តីស្រឡាញ់ ជាមួយនឹងការចែករំលែក បណ្តាញ​ឌីជីថល។ នៅក្នុងតំណាក់កាលទីពីរ ពួកយើងចង់លើកទឹកចិត្តដល់មនុស្សថ្លង់និងគ ឲ្យក្លាយ ជាសហគ្រិនផ្ទាល់ ហើយបើកអាជីវកម្មដោយខ្លួនឯង (ឧទាហរណ៍ ដូចជា រទេះកាហ្វេជាដើម) ដោយ ផ្ដល់ឲ្យពួកគាត់នូវការហ្វឹកហាត់ ឧបករណ៍ និងថវិកាចាំបាច់មួយចំនួន ដើម្បីឲ្យពួកគាត់គ្រប់គ្រង ហិរញ្ញវត្ថុនៅក្នុងដៃរបស់ពួកគាត់ទាំងស្រុង។”

ជាហាងកាហ្វេមួយដែលចាប់ផ្ដើមពីចំនុចដំបូងនៅក្នុងទីផ្សារកាហ្វេដ៏ធំនៅកម្ពុជា គោលដៅរបស់ Socials គឺផ្ដោតសំខាន់លើការបង្កើតថ្មីអោយខុសពីហាងដទៃដោយការនាំមកនូវរសជាតិកាហ្វេ ថ្មីប្លែក។ Socials គឺជាហាងកាហ្វេដំបូងបំផុតនៅកម្ពុជាដែលបាននាំមកនូវកាហ្វេដែលមានរសជាតិ ស៊ុតលាយជាមួយនឹងគ្រីម​ កាហ្វេទឹកដោះគោលាយរសជាតិដូង ហើយនឹងកាហ្វេដែលមានរសជាតិ គ្រាប់ហាសែល។ សម្រាប់អ្នកដែលមិនសូវចូលចិត្តកាហ្វេ ក៏អាចភ្លក់ទឹកក្រូចឆ្មារត្រជាក់ និង​ទឹកសូដា លាយផ្លែប៉ាស្យុងដែលឆ្ងាញ់គួរឲ្យជាប់ចិត្ត ដោយប្រើគ្រឿងផ្សំធម្មជាតិទាំងអស់។ ភេសជ្ជៈទាំងអស់ នេះត្រូវបានបង្កើតឡើងដោយក្ដីស្រលាញ់ ពីបុគ្គលិកហាងកាហ្វេ Socials ទាំងអស់ ព្រមជាមួយនឹង ការពេញចិត្តពីមនុស្សទាំងអស់។

ហាងកាហ្វេ Socials គឺជាហាងកាហ្វេដំបូងគេនៅកម្ពុជាដែលបើកដំណើរការនៅក្នុងធនាគារ។ ហាង កាហ្វេ Socials សហការជាមួយធនាគារ ពាណិជ្ជកម្ពុជាដើម្បីបើកសាខាកណ្ដាលនៅសាខាធនាគារ បឹងត្របែក។ អតិថិជនរបស់ធនាគារពាណិជ្ជកម្ពុជាចូលចិត្តបទពិសោធន៍ថ្មីផ្ដល់ដោយធនាគារជាមួយ នឹងកាហ្វេមួយកែវដ៏ស្រស់ស្រាយនៅក្នុងដៃ។

លោក សីុន ឆាងម៉ូ (Shin Chang Moo) នាយកប្រតិបត្តិរបស់ ធនាគារភីភីស៊ីប៊ី បានមាន ប្រសាសន៍ថា “យើងកំពុង កសាងគំរូអាជីវកម្មថ្មីមួយ ដែលផ្តល់ភាពបត់បែន បន្ថែមភាពងាយស្រួល និងការបង្កើន បទពិសោធល្អដល់អតិថិជន។ ជាមួយនឹង ការបើកសាខា របស់ហាងកាហ្វេ Socials បុគ្គលិករបស់ យើង នឹងធ្វើការទំនាក់ទំនងជាមួយអតិថិជនតាមរយៈភ្នាក់ងារបម្រើសេវាកម្មតាម អនឡាញដោយ ឆ្លើយតបនិងបំពេញសំណើរបស់អតិថិជននៅពេលដំណាលគ្នាដែលពួកគេកំពុងរីក រាយនឹង បទ ពិសោធព៍កាហ្វេដ៏ឈ្ងុយឆ្ងាញ់នៅហាងកាហ្វេបស់យើង។ ការផ្តល់ឱ្យសង្គមវិញរបស់ យើង ជាការ សហការ ជាមួយនឹងហាងកាហ្វេ Socials ដែលផ្ដល់ឨកាសឲ្យយើងបានតបស្នងទៅឲ្យ សង្គមវិញ ព្រមទាំងបានបង្កើតបទពិសោធន៍ល្អដល់អតិថិជន របស់យើងថែមទៀតផង។”

ហាងកាហ្វេ Socials មានបំណងធ្វើជាអ្នកដែលមានទំនួលខុសត្រូវចំពោះសង្គម និងជាអ្នកស្រលាញ់ បរិស្ថាន។ ពួកគេផ្ដល់ប្រាក់បៀវត្សលើទីផ្សារ ធានារ៉ាប់រងផ្នែកសុខភាព (ជាអ្នកដំបូងដែលផ្ដល់ធានា រ៉ាប់រងផ្នែកសុខភាពដល់បុគ្កលិកក្រៅម៉ោង) និង អត្ថប្រយោជន៍ជាច្រើនទៀតដល់បុគ្គលិករបស់ ពួក គេ។ ខាងផ្នែកអាជីវកម្មវិញ ហាងកាហ្វេ Socials ផ្ដល់ជាទុយោនិងសម្ភារញ្ាំុអាហារ ប្រភេទលោហៈ ធាតុដល់អតិថិជន។ ពួកគេក៏បានផ្ដល់ជា ទុយោនិងក្រដាសខ្ចប់ដែលអាចកែច្នៃឡើងវិញបានសម្រាប់ អតិថិជនដែលមិនញាំុនៅហាង។ ហាងកាហ្វេ Socials កំពុងស្វែងរកវីធីសាស្ត្រដើម្បីកាត់បន្ថយការ ប្រើប្រាស់ថង់ផ្លាស្ទិច ហើយនឹងវិនិយោគទៅលើបច្ចេកវិទ្យាបែបនេះដែលសម្ភារៈជាការចំណាយរបស់ ពួកគេ។ ហាងកាហ្វេ Socials ចង់បង្កើតប្រព័ន្ធអេកូនៃសហគ្រិនសង្គមដែលមានបំណងចង់ធ្វើការ ជាមួយជំនួញតូចៗក្នុងស្រុកដែលផ្ដោតទៅលើសីលធម៌ និងបុព្វហេតុសង្គម។

សាខាដំបូងរបស់ហាងកាហ្វេ Socials ស្ថិតនៅក្នុងសាខាធនាគារពាណិជ្ជកម្ពុជាបឹងត្របែក ដែលបើក ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៤ ល្ងាច រៀងរាល់ថ្ងៃ ច័ន្ទ ដល់ថ្ងៃ សុក្រ និង ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ១២ ថ្ងៃត្រង់នៅថ្ងៃ សៅរ៍។ ហាងកាហ្វេ Socials មានគម្រោងជួលបុគ្គលិក គ ថ្លង់ បន្ថែមទៀត ដើម្បីបើកសាខាផ្សេងទៀតនៅប៉ុន្មានខែខាងមុខនេះ៕ រៀបរៀងដោយ៖ រដ្ឋា