លោក ខូវ ឆាយ បង្ហាញ​សារ​មួយ​ពី​ភ្នាក់ងារ​ម៉ាឡេស៊ី ថា​ឃើញ​ខ្សែ​ប្រយុទ្ធ​កម្ពុជា​ម្នាក់​ល្អ​ជាង CV11 ទៀត

735

ទម្រង់​លេង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​កាល​ពី​ម្សិល​មិញ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​មិន​សប្បាយ​ចិត្ត​ឡើយ ជា​ពិសេស​មាន​ការ​រិះគន់​ខ្លះ​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​លេខ​១៤ រឹង ប៊ុនហៀង ដែល​ខក​ខាន​ឱកាស​ល្អៗ​ច្រើន។ ទោះ​បែប​នេះ​ក្ដី លោក ខូវ ឆាយ ជា​អគ្គលេខាធិការ​ក្លឹប​បាល់​ទាត់​ក្រសួង​ការពារ​ជាតិ បាន​បង្ហាញ​សារ​មួយ​ពី​ភ្នាក់ងារ​ដោះដូរ​កីឡាករ​នៅ​ម៉ាឡេស៊ី សរសើរ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ ថា​ល្អ​ជាង​កីឡាករ ចាន់ វឌ្ឍនាកា ទៅ​ទៀត។

​លោក ខូវ ឆាយ បាន​បង្ហោះ​សារ​ដែល​ឆ្លង​ឆ្លើយ​ជាមួយ​ភ្នាក់ងារ​ដោះដូរ​កីឡាករ​នៅ​ម៉ាឡេស៊ី​តាម​ប្រព័ន្ធ WhatsApp និង​សរសេរ​ថា៖ «ថា​ឆ្ងល់​ពួក​ភ្នាក់ងារ​កីឡាករ​របស់​លី​គ​ម៉ាឡេស៊ី​នឹង​ឆ្កួត​រឺជា អត់​ចេះមើល​បាល់ទេ​រឺ​បាន​ទា​ក់ទង​ខ្ញុំ​ដូ​ច្នេះ​? ហ្វេ​ន​គេ​ជេរ រឹង ប៊ុន​ហៀ​ង ម៉ា​ប្រទេស ទៅ​ជា​វា​ថា​ល្អ ចង់​ចែចូវ​ទៅលេង​ម៉ាឡេស៊ី​។ ពិតជា​ភ្នែក​អន់​ជាង​បណ្ឌិត​បាល់ទាត់​នៅ​ស្រុក​ខ្មែរ​មែន​។ Reung Bunheing​ប្រឹង​ប្រែង​បន្ថែម​ទៀត​ក្រែង​បាន​ទៅ​ម៉ាឡេស៊ី​មក​វិ​ញ​សល់​វីឡា​នឹង​គេ​។ បើ​មិន​អញ្ចឹងទេ​តែ​ទឹក​ដោះគោ​កូនក៏​មិន​គ្រប់​ផង​។»

បើ​តាម​សារ​ឆ្លង​ឆ្លើយ​នោះ ខាង​ភ្នាក់ងារ​ម៉ាឡេស៊ី​សួរ​ថា តើ​កីឡាករ​លេខ១៤ លេង​ឱ្យ​ក្លឹប​ណា? លោក ខូវ ឆាយ ក៏​បាន​ឆ្លើយ​តប​វិញ​ថា ជា​កីឡាករ​នៅ​ក្លឹប​របស់​ខ្លួន ហើយ​ជា​ខ្សែ​ប្រយុទ្ធ​រក​គ្រាប់​បាន​ច្រើន​បំផុត​ប្រចាំ​ក្លឹប ពោល​គឺ ១៤​គ្រាប់​នៅ​ក្នុង​លីគ។ ប៉ុន្តែ​កាល​ពី​យប់​មិញ លោក ខូវ ឆាយ ទទួល​ស្គាល់​ថា ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ ធ្វើ​មិន​សូវ​បាន​ល្អ​ដូច​កាល​លេង​នៅ​ក្នុង​លីគ។

ទោះ​បែប​នេះ​ក្ដី ខាង​ម៉ាឡេស៊ី នៅ​តែ​សរសើរ​ពី​ទម្រង់​លេង​របស់​កីឡាករ រឹង ប៊ុនហៀង ថា​ប្រឹង​ប្រែង​លេង​អស់​ពី​កម្លាំង​កាយ​ចិត្ត។ ភ្នាក់ងារ​នោះ ក៏​បាន​សួរ​ពី​ឥរិយាបថ​របស់​កីឡាករ រឹង ប៊ុនហៀង និង​ប្រាប់​ថា​ខាង​ភ្នាក់ងារ​នៅ​ម៉ាឡេស៊ី មាន​ការ​ចាប់​អារម្មណ៍ ដោយ​និយាយ​ថា​ជា​កីឡាករ​ល្អ​បំផុត គឺ​ល្អ​ជាង​ខ្សែ​ប្រយុទ្ធ CV11 ចាន់ វឌ្ឍនាកា ទៅ​ទៀត។ ខាង​ភ្នាក់ងារ​ម៉ាឡេស៊ី កំពុង​ស្នើ​សុំ​វីដេអូ ដើម្បី​យក​ទៅ​វិភាគ​បន្ថែម៕ ​

អត្ថបទ៖ រស្មី