ក្មេងស្រី និង ស្ត្រី នៅកម្ពុជា អាចជួបទុក្ខធំបើនៅតែបន្តលេង បណ្តាញសង្គមតាមអនឡាញ នេះយោងតាមការស្រាវជ្រាវរបស់ AfterAccess

503

ការស្រង់មតិ AfterAccess ​ – ទើបតែផ្សព្វផ្សាយថ្មីៗ ក្នុងប្រទេសកម្ពុជា ដោយ LIRNEASIA បណ្ដុំអ្នកផ្ដល់គំនិត គោលនយោបាយ ទាក់ទង​នឹងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងក្នុងតំបន់​ ICT – ផ្ដល់ទិន្នន័យថ្មីៗ ទាក់ទងលើការប្រើប្រាស់ទូរស័ព្ទនិងប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេសនេះ។

តាមរយៈរបាយការណ៍ការស្រង់មតិរបស់ AfterAccess ថ្មីៗនេះ បានឲ្យដឹងថា អ្នកប្រើប្រាស់អ៊ីនធឺណិត នៅកម្ពុជា ដែលមានអាយុចាប់ពី ១៥ ទៅ ៦៥ ឆ្នាំ ចំនួន ២៦% ទទួលបានការបំពានជាទម្រង់ផ្សេងៗតាមរយៈ​អនឡាញ ។ របាយការណ៍នេះបានបង្ហាញទៀតថា ការបំពានតាមអនឡាញ ត្រូវបានធ្វើឡើងទៅលើស្ត្រីច្រើនជាង (២៩% គឺស្ត្រីដែលមានអាយុពី ១៥ ទៅ ៦៥ឆ្នាំ បើប្រៀបធៀបទៅ២៦%ដែលជាបុរស)។ ការបំពានភាគច្រើន ត្រូវបានធ្វើឡើងនៅពេលដែលពួកគាត់លេងបណ្ដាញសង្គម។ ការតាមដាន ដោយសំងាត់ នៅលើ អុីនធឺណិត ឬ Cyberstalking គឺជា ការបារម្ភមួួយ របស់អ្នកដែលប្រើប្រាស់បណ្ដាញសង្គមជាស្រ្តី នៅក្នុងប្រទេសកម្ពុជា។

«បើនិយាយពីភាពជា កម្មសិទ្ធទូរស័ព្ទវិញ កម្ពុជាធ្វើបានល្អជាងប្រទេស ប៉ាគីស្ថាន និងឥណ្ឌាដែលជា​ប្រទេសនេះសម្បូរបែបជាងកម្ពុជាទៅទៀត» នេះគឺសម្ដីរបស់ ហេឡានី ហ្កាប៉ាយ៉ា (Helani Galpaya) ដែលជា អ្នកស្រាវជ្រាវនាំមុខគេផ្នែកស្រង់មតិនៅទ្វីបអាស៊ី និងជានាយកប្រតិបត្តិរបស់ LIRNEASIA ដែលជាបណ្ដុំមនុស្សផ្ដល់គំនិត សម្រាប់គោលនយោបាយព​ត៌​មាន​វិទ្យារ ( ICT) ក្នុងតំបន់។

«ប៉ុន្តែបើសិនជា យើងគិតពីការយកចិត្តទុកដាក់ មកលើវិស័យទូរគមនាគមន៍ ក្នុងរយៈពេលថ្មីៗកន្លងមក ព្រមជាមួយនឹងវិធានការយ៉ាងសកម្ម ដែលត្រូវបានគិតគូរ​ យ៉ាងម៉ត់ចត់ ចំពោះការដាក់គោលនយោបាយ ការបំពាននៅលើអុីនធឺណែតទាំងនេះ មើលទៅអាចជា មូលហេតុនៃការបារម្ភនេះ»។ របាយការណ៍នេះ បានឲ្យដឹងទៀតថា មានតែ ១១ភាគរយ​​នៃចំនួនប្រជាជនអាយុពី ១៥ទៅ ៦៥ឆ្នាំទេ ដែលបាននិយាយថា ចាស៎ ឬបាទ ចំពោះសំណួរដែលសួរថា តើគាត់ស្គាល់ថាអ្វីទៅជាប្រព័ន្ធអ៊ីនធឺណិត​​ ដោយមិនមានការពន្យល់ថាតើអុីនធឺណែតជាអ្វីនោះ។ អី្វដែលគួរអោយចាប់អារម្មណ៏នោះគឺថា នៅពេលគេសួរ តើពួកគាត់ប្រើប្រាស់ Facebook, Gmail, Whatsapp និង កម្មវិធីដែលប្រើដោយប្រព័ន្ធអ៊ីនធឺណែត អ្នកឆ្លើយ ៣៦ភាគរយ​នៃចំនួនស្ថិតិដដែលបាននិយាយថា ពួកគាត់ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត។

«អ្វីដែលយើងបានកត់សំគាល់ដំបូងបង្អស់នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១២ គឺនៅពេលដែលអ្នកឆ្លើយសំនួរបានប្រាប់យើងថា ពួកគេប្រើប្រាស់បណ្ដាញសង្គម Facebook មិនមែនប្រព័ន្ធអុីនធឺណែតទេ»។ នេះគឺជាសម្ដឺរបស់ អ្នកគ្រប់គ្រង ការស្រាវជ្រាវជាន់ខ្ពស់នៅ LIRNEASIA អាយេស្សា ហ្សៃនូឌីន Ayesha Zainudeen. «ការស្រង់មតិរបស់ AfterAcess ត្រូវបានធ្វើឡើងបន្ថែមទៀតនៅថ្មីៗនេះដែរ គឺនៅខែកញ្ញា និងតុលា ឆ្នាំ២០១៧។ ការកើនឡើងនៃការប្រើប្រាស់អុីនធឺណែត ដែលខ្វះការយល់ដឹងនេះ បានបង្ហាញថា ទោះបីជាសព្វថ្ងៃនេះក៏ដោយ ប្រជាជនកម្ពុជាជាច្រើនដែលមានអាយុចាប់ពី ១៥ ដល់ ៦៥ឆ្នាំ នៅតែមិនទាន់មានការយល់ដឹងគ្រប់គ្រាន់ថា​ តើ​អ្វីទៅជាប្រព័ន្ធអុីនធឺណែតនោះទេ? »។
ចំពោះកង្វះការយល់ដឹងនេះដែរ អ្នកដែលឆ្លើយសំណួរក្នុងការស្រង់មតិនេះ បានប្រាប់ឲ្យដឹងថា មូលហេតុសំខាន់ដែលពួកគាត់មិនប្រើប្រាស់អ៊ីនធឺណែត ពីព្រោះគាត់មិនដឹងពីវិធីប្រើប្រាស់វាទេ។

Zainudeen បាននិយាយទៀតថា៖ «វាច្បាស់ណាស់ថា ដើម្បីឲ្យមានប្រជាជនកម្ពុជា ប្រើប្រាស់អុិនធើណែតកាន់តែច្រើនទៀត យើងត្រូវបង្កើតការយល់ដឹងថា អ្វីទៅជាអ៊ីនធឺណែត? ហើយតើត្រូវប្រើប្រាស់វាដោយរបៀបណា??»។ ប៉ុន្តែវាមិនមានន័យថាប្រជាជនកម្ពុជា មិនយល់ដឹងសោះនោះទេ។​ អ្នកប្រើប្រាស់ទូរស័ព្ទ កម្ពុជា ដែលមានអាយុពី ១៥ ទៅ៦៥ឆ្នាំ ចំនួន៨៥ភាគរយ ប្រើប្រាស់កម្មវិធីអ្វីមួយ នៅក្នុងទូរស័ព្ទរបស់គាត់។ នេះគឺជាការប្រើប្រាស់កម្មវិធីទូរស័ព្ទដែលធ្វើឡើងច្រើនជាងគេ ក្នុងបណ្ដាប្រទេស នៅទ្វីបអាស៊ី និងអាហ្វ្រិក ដែលត្រូវបានស្រប់មតិ។ ម្យ៉ាងទៀត អ្នកប្រើប្រាស់បណ្ដាញសង្គម ចំនួន៥២ភាគរយបានប្រាប់ថា ពួកគេ «តែងតែ» ស្វែងយល់ការពិតនៃអ្វីៗដែលគេចែករំលែក ៉share’ នៅលើបណ្ដាញសង្គម។

ការរកឃើញនេះ គឺជាផ្នែកមួយរបស់ AfterAccess ដែលជាការខំប្រឹងប្រែងរហូតទទួលបានពានរង្វាន់អន្តរជាតិ ក្នុងការប្រមូលទិន្នន័យ នៃការប្រើប្រាស់ទូរស័ព្ទដៃ ប្រព័ន្ធអ៊ីនធឺណិត និងបណ្ដាញសង្គមមនានា នៅក្នុងពិភពលោកខាងត្បូង។
Galpaya និយាយទៀតថា៖ «ព័ត៌មានដែលស្តីពីការប្រើប្រាស់ទូរស័ព្ទដៃ និងប្រព័ន្ធអុីនធឺណិត ជាពត៌មានដែលមិនមែនតំណាងឲ្យប្រជាជនទាំងមូលនោះទេ។ ដូច្នេះហើយ វាមិនគ្រប់គ្រាន់ឡើយសម្រាប់រាជរដ្ឋាភិបាល និង​ អ្នកធ្វើការសម្រេចចិត្តដទៃទៀត។ មានតែវិធីតែមួយគត់ដើម្បីស្វែងយល់ឲ្យច្បាស់ អំពីមូលដ្ឋាន គឺត្រូវនិយាយផ្ទាល់ ជាមួយអ្នកប្រើប្រាស់ និងអ្នកមិនប្រើប្រាស់តែម្ដង។ នេះគឺជារបៀបស្រង់មតិរបស់ AfterAccess។»

លទ្ធផលនៃការស្ទង់មតិ AfterAccessនៅកម្ពុជា ត្រូវបានចេញផ្សាយដោយអង្គការស្រាវជ្រេាវ ពីបច្ចេកវិទ្យាពត៌មានក្នុងតំបន់ ដែលមានឈ្មោះថា LIRNEAsia នៅរាជធានីភ្នំពេញនៅថ្ងៃទី ០7 ខែវិច្ឆិកា ឆ្នាំ 2018 ។ វាគ្មិនក្នុងកម្មវិធីនេះរួមមាន ឯកឧត្តមបណ្ឌិត Kan Chanmetta ជារដ្ឋលេខាធិការប្រៃសណីយ៍និងទូរគមនាគមន៍ លោក Jonathan Yap ជាប្រធានផ្នែកគ្រប់គ្រងនិងកិច្ចការសហការរបស់ក្រុមហ៊ុន Smart Axiata លោក Javier Sola ជាប្រធានផ្នែក USAID ដែលផ្ដល់ជំនួយឲ្យ SPICE នៅកម្ពុជា រួមជាមួយនឺង លោក Channe Suy Lan អ្នកដឹកនាំតំបន់នៅមន្ទីរពិសោធន៍ច្នៃប្រឌិត InSTEDD នៃតំបន់អាស៊ីខាងត្បូង (iLab SEA) ។

របាយការណ៍ AfterAccess បានកត់សម្គាល់ពី ចំណុចសំខាន់ៗ សម្រាប់ការអភិវឌ្ឍន៍ វិស័យព័ត៌មានវិទ្យា​ ICT នៅក្នុងប្រទេសកម្ពុជា ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស មីយ៉ាន់ម៉ា និងនេប៉ាល់។ នេះគឺរួមបញ្ចូលទាំង តំបន់នៅដាច់ស្រយាល និងទីក្រុង លំនាំយែនឌ័រ ក្នុងកម្មសិទ្ធទូរស័ព្ទដៃ និងការប្រើប្រាស់អ៊ីនធឺណិត ពាណិជ្ជកម្មតាមអ៊ីនធឺណែត បណ្ដាញសង្គម និងការបំពានអនឡាញ។

អ្នកស្រាវជ្រាវ បន្ថែមទៀត ថា៖ «ទិន្នន័យនេះមានសារសំខាន់ខ្លាំងណាស់ ហើយមិនមែនសម្រាប់តែ អ្នកធ្វើគោលនយោបាយប៉ុណ្ណោះទេ គឺសម្រាប់គ្រប់វិស័យតែម្ដង។ ទិន្នន័យនេះ ត្រូវបានប្រើប្រាស់រួចហើយ ក្នុងការប្រាប់ពីគោលនយោបាយ ICT នៅប្រទេសឥណ្ឌា ហើយយើងជឿជាក់ថា ភាគីពាក់ព័ន្ធនៅប្រទេសកម្ពុជានឹងយល់ពីសារសំខាន់វាផងដែរ។» នៅប្រទេសកម្ពុជា មានគ្រួសារ និងបុគ្គលចំនួន២១០០​ នាក់ ពី១០០ភូមិ និង ២៥ខេត្ត ត្រូវបានស្រង់មតិ។ វិធីសាស្ត្រ នៃការស្រង់យកទិន្នន័យ ត្រូវបានរចនាឡើងដើម្បីធានាការតំណាងនៃក្រុមគោលដៅ (ប្រជាជនអាយុ ១៥ ទៅ៦៥ឆ្នាំ) នៅថ្នាក់ជាតិ ដែលមានចន្លោះកំរិត ជឿជាក់ និង លទ្ធភាពខុសឆ្គង +/-3.3%។

វិធីសាស្ត្រដែលត្រូវបានប្រើប្រាស់នៅប្រទេសកម្ពុជាអាចប្រៀបធៀបបានជាមួយនឹង ប្រទេសជាង១៨ ដែលធ្លាប់បានស្រង់មតិ នៅក្នុងទ្វីបអាហ្វ្រិក អាស៊ី និងអាមេរិកឡាទីន។ មូលដ្ឋានទិន្នន័យ AfterAccess មានភាពម៉ត់ចត់ និងទំលំទូលាយបំផុតក្នុងពិភពលោកខាងត្បូង។ ទិន្នន័យដែល យើងមានសព្វថ្ងៃនេះ ត្រូវបានស្រង់ តាមរយៈ ការសម្ភាសដោយផ្ទាល់មាត់ជាមួយ គ្រួសារ និងបុគ្គល ចំនួន ៣៨០០៥នាក់។ ទិន្នន័យនេះ ផ្ដល់ចន្លោះឲ្យការបែងចែក រវាង យេនឌ័រ តំបន់ដាច់ស្រយាល ឬ ទីក្រុង និងអាយុ ព្រមទាំងកត្តាផ្សេងៗទៀតដែរ។

ការស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងដោយមានការឧបត្ថម្ភថវិការពី មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកអភិវឌ្ឍន៍អន្តរជាតិ IDRC នៅ កាណាដា នាយកដ្ឋានអភិវឌ្ឍន៍អន្តរជាតិរបស់រដ្ឋាភិបាលអង់គ្លេស (DFID) មូលនិធិ Ford និង ទីភ្នាក់ងារសហប្រតិបត្ដិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (SIDA)៕ ដោយ៖ រដ្ឋា