មិន​ទាន់​ដឹង​ច្បាស់ ជោគ​វាសនា​មហាសេដ្ឋី​ថៃ ម្ចាស់​ក្លឹប Leicester City គិត​ត្រឹម​ម៉ោង​នេះ

422

គិត​ត្រឹម​ម៉ោង ១​រសៀល ថ្ងៃ​ទី២៨ ខែ​តុលា​នេះ មិន​ទាន់​មាន​ដំណឹង​ផ្លូវ​ការ​ណា​មួយ បញ្ជាក់​ថា លោក Vichai Srivaddhanaprabha មាន​វត្តមាន​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ​ដែល​ធ្លាក់ ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​ប្រភព​ជា​ច្រើន បាន​អះ​​អាង​មហាសេដ្ឋី​ថៃ​រូប​នេះ មាន​វត្តមាន​នៅ​លើ​ឧទ្ធម្ភាគចក្រ​យ៉ាង​ពិត​ប្រាកដ ហើយ​រាល់​ពេល​ប្រកួត​នៅ​ក្នុង​ដី លោក​តែង​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ការ​ប្រកួត​តាម​ឧទ្ធម្ភាគចក្រ​​នេះ​ជា​និច្ច។

បន្ទាប់​ពី​ចប់​ការ​ប្រកួត​រវាង​ក្រុម Leicester City ជាមួយ​ក្រុម West Ham United កាល​ពី​យប់​មិញ ឧទ្ធម្ភាគចក្រ​របស់​មហាសេដ្ឋី​ថៃ Vichai Srivaddhanaprabha បាន​ហោះ​ចាក​ចេញ​ពី​កីឡដ្ឋាន​វិញ​ភ្លាមៗ ដូច​សព្វ​មួយ​ដង។ ប៉ុន្តែ​ថ្ងៃ​នេះ បែរ​ជួប​គ្រោះ​អកុសល​ធ្លាក់​ទៅ​វិញ នៅ​ចំណត​រថយន្ត​ខាង​ក្រៅ​កីឡដ្ឋាន King Power Stadium ​របស់​ក្រុម Leicester City បណ្ដាល​ឱ្យ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ។

ភ្លាម​ៗ ក្រោយ​កើត​ហេតុការណ៍​ដ៏​រន្ធត់​នេះ មិន​ទាន់​មាន​របាយការណ៍​ពី​ចំនួន​មនុស្ស​ដែល​នៅ​លើ​ឧទ្ធម្ភាគចក្រ​នោះ​នៅ​ឡើយ​ទេ។ ចំណែក​ខាង​ក្លឹប ក៏​មិន​ទាន់​បញ្ជាក់​ថា មហាសេដ្ឋី Vichai Srivaddhanaprabha មាន​វត្តមាន​នៅ​លើ​ឧទ្ធម្ភាគចក្រ​ដែរ ឬ​យ៉ាង​ណា​នោះ​ទេ។ ទោះ​បែប​នេះ​ក្ដី ប្រជាជន​ថៃ​ជា​ច្រើន បាន​នាំ​គ្នា​សម្ដែង​ការ​សោក​ស្ដាយ​ទៅ​ហើយ។ ខាង​ក្លឹប និង​ក្រុមហ៊ុន King Power មិន​ទាន់​បញ្ចេញ​សេចក្ដី​ថ្លែងការណ៍​ជុំ​វិញ​បញ្ហា​នេះ​នៅ​ឡើយ​ទេ។

​មហាសេដ្ឋី​ថៃ Vichai Srivaddhanaprabha មាន​ទ្រព្យ​ប្រមាណ ៥​ពាន់​លាន​ដុល្លារ។ ទ្រព្យ​សម្បត្តិ​របស់​លោក បាន​កើន​យ៉ាង​ឆាប់​រហ័ស តាម​រយៈ​ហាង​លក់​ទំនិញ​នានា ដែល​មាន​ជា​ច្រើន​កន្លែង ជា​ពិសេស​គឺ​ហាង King Power ដែល​មាន​ស្ទើរ​គ្រប់​ព្រលាន​យន្តហោះ​នៅ​អាស៊ី។

ជា​ទូទៅ លោកVichai Srivaddhanaprabha ​តែង​ជិះ​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន​ដែល​មាន​តម្លៃ​ប្រមាណ ៣​លាន​ដុល្លារ​ទៅ​មើល​ការ​ប្រកួត ក្រោយ​ពេល​ដែល​លោក​ទិញ​ក្លឹប​នេះ រហូត​ដល់​ឈ្នះ​ពាន​កំពូល​អង់គ្លេស​កាល​ពី​ឆ្នាំ២០១៦។ ចំពោះ​ព័ត៌មាន​នៃ​ការ​ស្លាប់​របស់​មហាសេដ្ឋី​ថៃ​រូប​នេះ មិន​ទាន់​ត្រូវ​បាន​ទម្លាយ ព្រោះ​អាច​ខ្លាច​មាន​ការ​ចលាចល​ណា​មួយ​កើត​ឡើង​ក្នុង​ពិភព​ជំនួញ៕

SHARE